ធនាគារពិភពលោក​អនុម័ត​ផ្ដល់​កញ្ចប់​ថវិកា​ថ្មី​ចំនួន​១,៤៩ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន

ពលរដ្ឋមួយចំនួនអូសរទេះដើរ​កាត់​តាម​ខ្សែ​រថយន្ត​ដែលធ្វើដំណើរ​ចេញ​ពី​ទីក្រុង​កំពង់ផែ Mariupol​ ​ប្រទេស​អ៊ុយក្រែន ក្រោយមានការវាយប្រហារពីរុស្សី ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០២២។ (REUTERS/Alexander Ermochenko)

ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក (World Bank) នៅថ្ងៃអង្គារម្សិលមិញ បានអនុម័តផ្ដល់ហិរញ្ញប្បទានចំនួន ១,៤៩ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយឱ្យរដ្ឋាភិបាលរបស់ប្រទេសមួយនេះមានលទ្ធភាពក្នុងការបើកប្រាក់ឈ្នួលដល់មន្រ្តីរាជការ និងបុគ្គលិកកម្មករក្នុងវិស័យ​សាធារណៈនានា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការសម្រេចនេះត្រូវបានធ្វើឡើង​បន្ទាប់ពីអ៊ុយក្រែនលើកឡើងថា ខ្លួននាពេលដ៏ខ្លីខាងមុខនេះ នឹង​ត្រូវការ​ថវិកា​យ៉ាង​តិច​ណាស់៥​ពាន់លានដុល្លារក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ដល់រដ្ឋាភិបាលរបស់ខ្លួន ក្នុងការប្រឈមមុខនឹងការឈ្លានពានដោយរុស្ស៊ី ខណៈសេដ្ឋកិច្ចរបស់ខ្លួន​បច្ចុប្បន្នកំពុងតែរងនូវការប៉ះពាល់ធ្ងន់​ធ្ងរ។

ធនាគារពិភពលោក ក៏បាននិងកំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយទាំងឡាយ ដើម្បីប្រើប្រាស់កម្មវិធី​ហិរញ្ញប្បទានផ្សេងៗ​របស់​ខ្លួន ក្នុងការ​ជួយ​គាំទ្រ​ដល់​ផ្នែកថែទាំសុខភាព ការអប់រំ សេវាសង្គម ការផ្គត់ផ្គង់​ថាមពល ទឹក និងផ្លូវថ្នល់​ដល់ប្រទេសអ៊ុយក្រែនផងដែរ។

ទាក់ទិននឹងករណីនេះ នាយក​ធនាគារ​ពិភព​លោក​ប្រចាំ​តំបន់​អឺរ៉ុប​ខាង​កើត លោក Arup Banerji បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិស័យទាំងនេះ​ គឺមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការធ្លាក់ដុនដាបកាន់តែខ្លាំងនៃជីវភាពរស់នៅ និងភាពក្រីក្រនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងតែរងទុក្ខវេទនាដោយសារសង្គ្រាម»។

លោកបន្ថែមថា វាក៏នឹងក្លាយជាមូលដ្ឋានគ្រឹះនៃការស្តារនិងការកសាងប្រទេសឡើងវិញផងដែរ។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំមកលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសមួយចំនួន​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ