កម្មករ​ស្នើ​ទូតម៉ាឡេស៊ី​ជំរុញ​ទៅ​ថៅកែ​រោងចក្រ ឃែនធើរេន ឱ្យ​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ

កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីជំរុញឱ្យថៅកែរោងចក្រជាជនជាតិម៉ាឡេស៊ីចេញមុខដោះស្រាយវិវាទការងារថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

កម្មករ-កម្មការិនី​ធ្វើការនៅ​រោងចក្រ ឃែនធើរេន ស្នើ​ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ជួយជំរុញ​ទៅ​ថៅកែរោ​ង​ចក្រ​​ដែលជាជនជាតិម៉ាឡេស៊ី ដោះស្រាយ​វិវាទការងារ តាមរយៈការ​ទូទាត់​ប្រាក់​​ឈ្នួលនិងអត្ថប្រយោជន៍ផ្សេង​ៗដល់កម្មករ ក្រោយរោងចក្រនេះបិទទ្វារលែងដំណើរការ។

ការស្នើនេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈការប្រមូលផ្ដុំដាក់ញត្តិរបស់តំណាង​កម្មកររោងចក្រ ឃែនធើរេន ជិត​​៥០នាក់​ នៅមុខ​ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅខណ្ឌចំការមន រាជធានីភ្នំពេញ​​។

ក្នុងញត្តិរបស់សម្ព័ន្ធសហជីពចលនាកម្មករដែលដាក់ជូនឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំ​នៅ​កម្ពុជា​​ បាន​លើកឡើងថា រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ​ដែលមានទីតាំងនៅសង្កាត់ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាក្រុម​ហ៊ុន​កាត់ដេរសម្លៀកបំពាក់​ បានបើកដំណើរការតាំងពីឆ្នាំ១៩៩៧ ដែលមានថៅកែ​ធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី និងមានកម្មករ​បម្រើការ​ងារចំនួន៣២០នាក់។

ញត្តិដដែលបន្តថា រោង​ចក្រ​នេះបាន​បិទទ្វារលែងដំណើរការ​ និងបាន​ដឹក​សម្ភារខ្លះចេញ​ពីរោង​ចក្រ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសា ដោយពុំបានទូទាត់ប្រាក់ឈ្នួលនិង​អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ​និយោជិតឡើយ។

ករណីនេះ សម្ព័ន្ធសហជីពចលនាកម្មករ ដែលជាតំណាងឱ្យកម្មករ​រោង​ចក្រ​ ឃែនធើរេន ស្នើ​ស្ថាន​ទូត​ម៉ាឡេស៊ីជួយអន្តរាគមន៍ឱ្យថៅកែរោង​ចក្រ ឃែនធើរេន ដែលជាជនជាតិម៉ាឡេស៊ី ទទួលខុស​ត្រូវក្នុងការ​ទូទាត់ប្រាក់ឈ្នួលនិង​អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។​

បើតាម​ញត្តិដដែល កន្លងមក តំណាងសហជីពកម្មករ និងអាជ្ញាធរពាក់ព័ន្ធ បានប្រជុំពិភាក្សា​ជាច្រើនលើកដើម្បីរកដំណោះស្រាយ​ ប៉ុន្តែមិនមាន​ជម្រើស​អ្វីក្រៅពីបង្ខំឱ្យតំណាង​សហជីពកម្មករ​លក់ឡាយឡុងសម្ភារដែលនៅសេសសល់ក្នុងរោងចក្រ ដើម្បីយកថវិកា​មកទូទាត់​ជូន​កម្មករ​និយោជិតតាមជាក់ស្តែងប៉ុណ្ណោះ។ ចំពោះដំណោះស្រាយ​នេះ តំណាងសហជីព និងកម្មករ​និយោជិត​ បានបដិសេធទាំងស្រុង ដោយយល់ឃើញថា ទង្វើរបស់ក្រុមហ៊ុនជាការគេច​វេះ​ពីការ​ទទួលខុសត្រូវតាមផ្លូវច្បាប់​ និងកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់កម្មករ​និយោជិត​ទាំង​ស្រុង។

គួរបញ្ជាក់ថា កម្មករ-កម្មការិនី​នៅ​រោងចក្រ​​​ ឃែន​ធើរេន បាន​នាំ​គ្នា​តវ៉ា និង​ដាក់​វេន​គ្នា​​ដេក​យាម​មុខ​​រោង​​ចក្រ​​​ជិត​២ខែមក​ហើយ ដើម្បីការ​​ពារ​​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និង​​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយ​សំណងជូនពួកគេតាមផ្លូវច្បាប់ ក្រោយពីថៅកែរោង​ចក្រនេះ​បិទ​ទ្វាររត់ចោល​កម្មករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ