លោក សម រង្ស៊ី លើក​ឡើង​ថា​ការ​ដែល​លោក កឹម សុខា មិន​ចេញ​ទៅ​បោះឆ្នោត​ជា​ការ​ខុសឆ្គង​មួយ

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។​ (រូបភាព​៖ ស្រី​ សុ​ភ័ក្រ្ត)

សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ បានហៅភាពស្ងៀមស្ងាត់របស់​​​លោក កឹម សុខា មិនចេញទៅបោះឆ្នោតដែលបម្រើឱ្យ​ការ​បោះឆ្នោត​​ជ្រើសរើស​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់ថ្មីៗនេះ ថាជាកំហុសមួយដ៏ធំ ដែលសម្រេចចិត្តមិនចេញតស៊ូផ្នែកនយោបាយក្នុងនាមជា​​អ្នកពុះពារជំរុញឱ្យមាន​​ប្រជាធិបតេយ្យ។

នេះជាលើកទីមួយហើយដែលលោក សម រង្ស៊ី ប្រតិកម្មចំពោះសកម្មភាពរបស់លោក កឹម សុខា​​។​ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែមិថុនា អ្នកនយោបាយចាស់វស្សារូបនេះ ចាត់ទុកការមិនចូលរួមប្រើប្រាស់សិទ្ធិទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ កាលពីថ្ងៃទី៥ កន្លង​​ទៅ​​នេះ គឺជា​​បញ្ហា​​មួយដ៏ធំសម្រាប់​​អ្នកតស៊ូ​​នយោ​​បា​​យតាមបែបប្រជាធិបតេយ្យ។

លោកបន្តថា៖ «ខ្ញុំកត់សម្គាល់មួយឃើញថា លោក កឹម សុខា ធ្វើសេចក្តីថ្លែងការណ៍ប្រាប់ថា ​​គាត់​​អត់​ទៅ​ចូលរួមការបោះឆ្នោតទេ ពីព្រោះគាត់អត់មានឃើញគណបក្សណាដែលគាត់ពេញចិត្ត បាន​​គាត់​អត់ទៅបោះឆ្នោត មានន័យថា គណបក្សប្រជាជនកម្ពុជា ក៏គាត់មិនពេញចិត្ត គណបក្សភ្លើង​ទៀន​ ក៏គាត់មិនពេញចិត្ត។ គាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សភ្លើងទៀន ហើយគណបក្សប្រជាជនកម្ពុជា ក៏ដូចគណបក្សភ្លើងទៀន គាត់អត់ពេញចិត្តអ្នកណាទាំងអស់។ គាត់និយាយអ៊ីចឹងខុសធ្ងន់ណាស់»។

គេសង្កេតឃើញថា ការវិវត្តស្ថានការណ៍នយោបាយមួយរយៈពេលចុងក្រោយនេះ មេដឹកនាំ​​នយោ​​បាយ​​​​កំពូលទាំងពីររូបហាក់បានដើរដល់ផ្លូវបំបែកពីអ្នកនយោបាយប្រជាធិបតេយ្យ​​រៀងៗខ្លួន។​​ នៅ​​ក្នុងអង្គ​​សវនាការ កាលពីថ្ងៃទី៨ ខែមិថុនា លោក កឹម សុខា ក្នុងនាមជាជន​​ជាប់​​ចោទ បានជម្រាប​​អង្គ​ជំនុំជម្រះថា គណបក្សភ្លើងទៀន គឺ​​ជាមនោ​​គ​ម​​​​​​​​​​​​​​របស់លោក សម រង្ស៊ី ហើយការបោះឆ្នោត​​ឃុំ​​សង្កាត់ថ្មីៗនេះ លោកមិនបាន​ប្រើប្រាស់សិទ្ធិ​​របស់​​​​លោក​​​ទៅបោះឆ្នោត មានន័យ​​ថា លោកមិនគាំ​​ទ្រ​​ប​ក្ស​​​នយោបាយណាមួយទេ សូម្បីបក្សភ្លើង​ទៀនដែលគេដឹងជាទូទៅថាជាដើមកំណើតពីបក្សសមរង្ស៊ី។

ជាងនេះទៅទៀត នៅក្នុងអង្គសវនាការ លោក កឹម សុខា ថែមទាំងលើកឡើងថា ទំនាក់ទំនង​​ក្នុង​​នាម​​សម្ព័ន្ធភាពជាអ្នកប្រជាធិបតេយ្យ ក្រោមឆ័ត្រគណបក្ស​​សង្រ្គោះជាតិដូចមុន​​លែងមាន​​ទៀត​​ហើ​​​យ ដោយ​​​​សារពេលនេះ លោក សម រង្ស៊ី បាន​​ចេញ​​ទៅ​គាំទ្រគណបក្សភ្លើងទៀនដែលមេ​​ដឹក​​នាំ​​​​​​រូបនេះ​​បាន​​បង្កើតឡើង។

បើទោះបែបណា នាយកខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា ហៅប្រតិកម្មរបស់លោក សម រង្ស៊ី ប្រឆាំងភាពអវត្តមានរបស់លោក កឹម សុខា ក្នុងថ្ងៃបោះឆ្នោតនោះ ថាគ្រាន់តែជា​ការ​​លុប​​លាងភាព​​​​បរាជ័យដែលគណបក្សភ្លើងទៀនធ្លាក់ចុះនូវការគាំទ្ររបស់ខ្លួនប៉ុណ្ណោះ។

បើតាមលោក មុត ចន្ថា ការដើរចេញមួយជំហានរបស់លោក សម រង្ស៊ី នៅពេលនេះ ប្រៀបដូចជា​​បាន​​ប្រកាសខ្លួនជាមុនថា បានជាន់ឈ្លីសម្ព័ន្ធមិត្តដៃគូអ្នកតស៊ូនយោបាយជាមួយគ្នា ហើយក៏​​ជា​​អ្នក​​​​​​ដែល​​បំ​​ផ្លាញស្មារតីនៃការរួមរួបអ្នកប្រជាធិបតេយ្យដែរ។

លោកបន្តថា៖ «ខ្ញុំសូមបញ្ជាក់ថា អ្វីដែលលោក សម រង្ស៊ី និយាយនេះ គឺគ្រាន់តែជាបិទបាំងនូវ​​ភាព​​អា​ម៉ាស់របស់គាត់ ដែលបំបែកស្មារតីបង្រួបបង្រួមនៃគណបក្សសង្រ្គោះជាតិដែលត្រូវ​រំលាយហ្នឹង​​ យ​ក​​​​​មកចូលរួមបោះឆ្នោតឃុំសង្កាត់នេះ។ វាជាការក្បត់នឹងឆន្ទៈរបស់ប្រជាពលរដ្ឋ និងជាន់ឈ្លី​បំ​​ណ​ង​​​ប្រាថ្នាប្រជាពលរដ្ឋខ្មែរដែលចង់ឱ្យអ្នកប្រជាធិបតេយ្យរួបរួមហ្នឹង»។

ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គេ​​សង្កេត​​ឃើញថា ភាពរង្គោះរង្គើផ្ទៃក្នុងបក្សនៃគណបក្ស​​សង្រ្គោះជាតិ បានរីកធំធាត់ឡើង​​ពីមួយថ្ងៃ​​ទៅ​​មួយ​ថ្ងៃ។ សារវាយប្រហារភាគច្រើន គេឃើញកើតឡើងពីក្រុមអ្នក​​គាំទ្រ​​លោក កឹម សុខា ​​ប្រឆាំង​​ស​ក​ម្មភាព​​​របស់​​លោក សម រង្ស៊ី តា​​មរយៈហ្វេសប៊ុក បានផ្ទុះឡើង​​ជា​បន្ត​​បន្ទាប់ ជា​​ជាង​​រិះគន់​​ដោ​យ​​​​​​​ផ្ទាល់ទៅរដ្ឋាភិបាល។ ប៉ុន្តែទន្ទឹមនឹងនេះ គេក៏សង្កេតឃើញដែរ អ្នកមាននិន្នាការគាំទ្រលោក សម រង្ស៊ី ក៏បានតបតទៅវិញតាមរូបភាពផ្សេងៗ។

ភាពមិនចុះសម្រុងនឹងគ្នានេះចេះតែវិវត្តកាន់តែធំទៅៗ រហូតដល់ថ្នាក់ដឹកនាំកំពូលនៅនាទីចុង​​​ក្រោយ​នេះ ហាក់បោះសម្ដីធំតូចដាក់គ្នាបង្ហាញពីសម្ព័ន្ធភាពនេះជិតឈានដល់ផ្លូវបំបែក។

សម្រាប់មន្រ្តីដែលស្និទ្ធនឹងលោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ្រ បញ្ជាក់ជំហរថា គេហាក់មិន​​យល់​​ពី​​ការសម្រេចចិត្តនៅពេលនេះរបស់លោក កឹម សុខា ដែលបន្តនៅស្ងៀមស្ងាត់ មិនធ្វើអ្វីសោះ សូម្បីសិទ្ធិបោះឆ្នោតដែលមានធានាដោយច្បាប់ ក៏លោកមិនប្រើដែរ។ បើតាមលោក ម៉ែន សុថាវរិន្ទ្រ សម្រាប់​កូតាពីខាងលោក សម រង្ស៊ី នៅតែបន្តរក្សាដៃគូ និងបង្រួបបង្រួមស្មារតី​​សង្រ្គោះជាតិ​​ដ​​ដែល​​​​។

លោកបន្តថា៖ «លោក កឹម សុខា គាត់ជាប្រធានគណបក្សប្រឆាំងមួយធំ ហើយគាត់ធ្វើអីអត់កើត ប៉ុន្តែឃើញភ្លើងទៀនដែលជាអ្នកប្រជាធិបតេយ្យ ហើយក៏ជាអតីតរបស់លោក សម រង្ស៊ី តែ​​ឥ​លូវ​នេះ​មិនមែនជារបស់លោក សម រង្ស៊ី ទៀតទេ គាត់ចេញពីភ្លើងទៀន​​ហើយ។ ​​គាត់ឃើញហើយ ហើ​​យ​​​​​​ក៏គាត់ស្គាល់ដែរ គាត់អត់គាំទ្រ ខ្ញុំអត់ដឹងដែរ ខ្ញុំអត់យល់ដែរ។ ​​ប្រជាពលរដ្ឋ​​លោក​​មើល​ឃើញ​​ទាំង​ស្រុងហើយ។ ប្រជាពលរដ្ឋទូទាំងប្រទេស និងទូទាំងពិភពលោក នឹងឃើញពីទង្វើដែលគាត់ធ្វើ»។

បើទោះបែបណា តាមរយៈឃ្លីបវីដេអូដែលត្រូវគេផ្សព្វផ្សាយជាសាធារណៈកាលពីឆ្នាំ២០១៧ ដែលនៅពេលនោះ លោកនាយក​​រដ្ឋ​​មន្រ្តី ហ៊ុន សែន ជួបសន្ទនាតាមទូរសព្ទជាមួយលោក កឹម សុខា គឺលោក ហ៊ុន សែន បញ្ជាក់ថា ​​លោក​​ស្នើឱ្យលោក កឹម សុខា ឡើងធ្វើជាប្រធានបក្សសង្រ្គោះជាតិជំនួសលោក សម រង្ស៊ី ខណៈ​​ដែល​លោក សម រង្ស៊ី ត្រូវហ៊ុមព័ទ្ធទៅ​ដោយបណ្តឹងរាប់មិនអស់នៅក្នុងដៃតុលាការទៅហើយ។

អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយធ្លាប់បញ្ជាក់ថា អ្នកដែលចំណេញពីការបែកបាកនៃសម្ព័ន្ធ​​ភាពអ្នកប្រជាធិបតេយ្យនេះ គឺគណបក្សប្រជាជនកម្ពុជា។

​មួយវិញទៀត ការឈានចូលដល់​​បន្ទាត់​​ក្រហមនេះ គឺជាបំណងប្រាថ្នារបស់​​គណបក្សកាន់​​អំ​​ណា​​ច​​​​​ចង់​​​​បាន​​​ជាយូរមកហើយ ដែលមិន​​ចង់​ឃើ​​ញ​​ក្រុមអ្នកប្រជាធិបតេយ្យរីកលូតលាស់ទេ។ មិនតែប៉ុណ្ណោះ ការ​​រីកធំធាត់នៃ​​អ្នក​​តស៊ូនយោបាយតាមបែបប្រជាធិ​​បតេយ្យ គឺជាការគំរាមកំហែងដ៏ធំក្នុង​​ការ​​គ្រប់គ្រង​​អំណាច​​បន្ត​​ទៀតរបស់គណបក្សប្រជាជន​​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ