យុវជន​ម្នាក់​ប្ដឹង​ទៅ ACU ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​ជុំវិញ​ផែនការ​លក់ដី​នៅ​តំបន់​ភ្នំតាម៉ៅ​ជាង​២ពាន់​ហិកតា

បុរសអ្នកថែទាំសត្វម្នាក់ កំពុងយកចំណីទៅឱ្យសត្វតោដែលត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូច អំឡុងពេលរស់នៅក្រោមការមើលថែពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ (ហ៊ន ថូវ៉ាន)

យុវជនម្នាក់បានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឱ្យស៊ើបអង្កេតពាក់ព័ន្ធភាពមិនប្រក្រតីជុំវិញផែនការលក់ដីតំបន់ភ្នំតាម៉ៅជាង២ ០០០ហិកតា។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្ត្រីបានស្នើសុំដោះដូរដីចំនួន​២ទីតាំង​នៅ «តំបន់ភ្នំតាម៉ៅ» ទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ ដោយក្នុងនោះ ទីតាំងទី១មានដី៣០០ហិកតា កាត់ចេញពីស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ ដូរទៅ​ឱ្យក្រុម​ហ៊ុន «ខ្មែរ ហ្វ្រេស មីល ឯ.ក» សម្រាប់អភិវឌ្ឍ និងមួយកន្លែងទៀតមានផ្ទៃដីទំហំ​៥០០ហិកតា កាត់ចេញពីរដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ដូរទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍដែរ ប៉ុន្តែមិនបានប្រាប់ឈ្មោះក្រុមហ៊ុន ឬអ្នកវិនិយោគទុននោះឡើយ។

យុវជនម្នាក់ លោក តាន់ គឹមសួរ ដែលបានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានលើកឡើងក្នុងលិខិតនេះថា ក្រោយទទួលបានព័ត៌មានជុំវិញការដោះដូរដីតំបន់ភ្នំតាម៉ៅនេះ គឺលោកបានទាក់ទងសុំការបញ្ជាក់ពីអគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក ប៉ុន្តែខាងក្រុមហ៊ុនមិនយល់ច្បាស់ និងមិនបានដឹងពីផែនការដោះដូរទីតាំងដីក្រុមហ៊ុនរបស់ខ្លួនឡើយ។

ក្នុងលិខិតដដែល លោក តាន់ គឹមសួរ លើកឡើងទៀតថា លោកទទួលបានព័ត៌មានកាន់តែច្រើនពីផែនការសម្ងាត់នៃការកាត់ដីព្រៃភ្នំតាម៉ៅជាង២ ៥០០ហិកតា ដោយរក្សាទុកតែផ្ទៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ជាង៤០០ហិកតា ដែលមានរបងព័ទ្ធជុំវិញ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាប៉ុណ្ណោះ។

យុវជនរូបនេះបន្តថា គម្រោងដោះដូរដីតំបន់ភ្នំតាម៉ៅហាក់មានភាពមិនប្រក្រតីច្រើន ដោយលោកបានដាក់ការសង្ស័យថា អាចមានបុគ្គល និងក្រុមហ៊ុនឯកជនគប់គិតគ្នាភូតកុហកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យពួកគេទទួលបានការកាន់កាប់ឬគ្រប់គ្រងដីតំបន់ភ្នំតាម៉ៅធ្វើជាកម្មសិទ្ធិដោយស្របច្បាប់។

លិខិតបន្តថា៖ «ប្រជាពលរដ្ឋខ្មែរកំពុងរង់ចាំមើល ថាតើក្រុមហ៊ុនណានឹងទទួលបានដីព្រៃ៨០០ហិកតាខាងលើ និងថាតើក្រុមហ៊ុនប៉ុន្មានទៀតនឹងទទួលបានដីព្រៃភ្នំតាម៉ៅក្រៅពី៨០០ហិកតានេះ។ ករណីដីព្រៃភ្នំតាម៉ៅនេះ ហាក់ដូចជាបង្ហាញនូវរឿងរ៉ាវមិនប្រក្រតីជាច្រើនកំពុងតែកើតមានឡើងនៅពីក្រោយការរៀបចំគម្រោងដោះដូរទីតាំង និងផ្ទេរកម្មសិទ្ធិកាន់កាប់ដីព្រៃជាង២ ០០០ហិកតា នៅតំបន់ព្រៃភ្នំតាម៉ៅ ព្រោះព្រៃទំហំ២ ៥០០ហិកតានៅតំបន់ភ្នំតាម៉ៅ ជាព្រៃធម្មជាតិតែមួយនៅសេសសល់ និងជាជម្រកសត្វព្រៃផងដែរ»

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក តាន់ គឹមសួរ បានទេនៅថ្ងៃចន្ទនេះ ​ខណៈនាយកប្រតិបត្តិក្រុមហ៊ុន ខ្មែរហ្វ្រេសមិល លោក ឈរ រិទ្ធី ត្រូវបានអ្នកលើកទូរសព្ទប្រាប់ថាកំពុងជាប់ប្រជុំ។

បើតាមសារសំឡេងសន្ទនាតាមបណ្ដាញសារឬឆាតដែលមានគណនីហ្វេសប៊ុកឈ្មោះ ​ឈរ រិទ្ធី (Rithy Chhor) ដែលលោក​ តាន់ គឹមសួរ ផ្សាយលើហ្វេសប៊ុក បានលើកឡើងថា ក្រុមហ៊ុន ខ្មែរហ្វ្រេសមិល (Khmer Fresh Milk Co., Ltd) បានបង្កើតឡើងកាលពីឆ្នាំ២០១៨ និងជួលដីពីរដ្ឋាភិបាលនៅតំបន់ភ្នំតាម៉ៅទំហំ៣០០ហិកតា​ រយៈពេល៤០ឆ្នាំ ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ។

សំឡេងនោះបន្តថា ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល មកវិនិយោគនៅតំបន់ភ្នំតាម៉ៅនេះ គឺមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថានច្បាស់លាស់ ហើយថា ក្រុមហ៊ុនមួយនេះមិនវិនិយោគដាច់ខាត់ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាននិងសត្វព្រៃ។

ប្រភពសំឡេងដដែលលើកឡើងថា ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល មិនជាប់ពាក់ព័ន្ធនឹងការទិញលក់ដីនៅតំបន់ភ្នំតាម៉ៅនោះទេ។ លោកថា ប្រសិនបើមានការទិញលក់ឬដោះដូរដីតំបន់ភ្នំតាម៉ៅមែននោះ គឺក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ក៏រងផលប៉ះពាល់ដែរ ដោយសារតែត្រូវរុះរើកសិដ្ឋានទៅកន្លែងថ្មី។

លោកបន្ថែមថា៖ «អ៊ីចឹងយើងមិនអាចធ្វើអ្វីដែលបំផ្លាញធម្មជាតិ បំផ្លាញជីវិតសត្វ គឺជាយើងមិនអាចធ្វើដាច់ខាត។ រាល់ថ្ងៃនេះ យើងកំពុងតែរកប្រភពឬក៏រកក្រុមហ៊ុនណាជាអ្នកទិញដីតំបន់នោះ ព្រោះយើងមិនទាន់ដឹងច្បាស់ទេ។ តាមពិតទៅ យើងជាជនរងគ្រោះដូចគ្នា ព្រោះបើសកម្មភាពហ្នឹងកើតឡើងមែន យើងត្រូវរើកសិដ្ឋានរបស់យើង ព្រោះយើងបានចំណាយលើការធ្វើកសិដ្ឋានហ្នឹងអស់លុយច្រើន»

ទោះបីជាយ៉ាងនេះក្ដី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យិនទៀង អះអាងប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃចន្ទនេះថា ខាងអង្គភាពបានទទួលបណ្ដឹងរបស់លោក តាន់ គឹមសួរ រួចហើយ។ លោកបន្ថែមថា ​ជំហានដំបូង អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកការប្រជុំវិភាគពាក្យប្តឹងនោះភ្លាម ក្រោយទទួលបានបណ្តឹង១ថ្ងៃឬ២ថ្ងៃ។ លោកបន្តថា ម្ចាស់បណ្តឹងអាចចូលស្តាប់ការជជែកវិភាគបាន និងអាចមានមតិ ឬការពារពាក្យបណ្តឹងរបស់ខ្លួនបានផងដែរ។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើង​​ថា ករណី​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​សុំ​ការអនុញ្ញាត​ជា​គោលការណ៍​ដោះដូរ​​ទីតាំង​​ដី​​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម គឺ​មិន​​ប៉ះ​​ជាន់​​លើ​ផ្ទៃដី​ឧទ្យាន​​សួនសត្វ និង​​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ ដែលមាន​ទំហំ​ជាង៤០០ហិកតា មាន​របង​ព័ទ្ធជុំវិញ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បាន​អភិវឌ្ឍ​កន្លងមកនោះ​​ឡើយ​។

លោក​បញ្ជាក់ទៀតថា ​ការអភិវឌ្ឍ​​តំបន់​នោះក៏​មិន​ប៉ះពាល់​ទៅដល់​ការសហការ​ជួយ​​របស់​​អង្គការ​​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ឬ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នារវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​នេះដែរ។

រដ្ឋមន្ត្រីរូបនេះបន្តថា ការដោះដូរដីនៅ​តំបន់ភ្នំតាម៉ៅជាការចាំបាច់របស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋ​កិច្ច និង​ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀត​នូវទុនសម្រាប់ការអភិវឌ្ឍ​គម្រោង​យុទ្ធសាស្ត្រ​នានា ជំរុញ​និងកែលម្អឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ អាច​ប្រកួត​ប្រជែង​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន ព្រមទាំងជំរុញកំណើនចំណូលធានានិរន្តរភាពផងដែរ។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ​នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) លោកស្រី ស៊ូវណ្ណា ហ្គោនឡែត (SUWANNA GAUNTLETT) បានដាក់សំណើទៅរដ្ឋាភិបាលសុំកិច្ច​អន្តរាគមន៍​បន្ទាន់​ បញ្ឈប់​សំណើសុំ​​ដី​​ទំហំ​៥០០​​ហិកតាសម្រាប់​ការអភិវឌ្ឍ​ឯកជន និង​​ស្នើសុំ​សវនាការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​​អន្តរាគមន៍​បន្ទាន់ បញ្ឈប់​ការបំផ្លាញ​ព្រៃភ្នំ​តាម៉ៅ​ជា​ជម្រក​សត្វព្រៃ ស្ថិត​នៅក្រោម​ការការពារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោកស្រីត្រូវបាន​ស្រង់សម្ដីដាក់ក្នុងលិខិតនោះថា នៅពេល​ដែ​ល​គម្រោងនោះត្រូវបាន​អនុវត្ត ដីព្រៃ​ភ្នំ​តាម៉ៅ​ នឹងត្រូវ​​កាត់ផ្ដាច់​​ជា​ពីរបំណែក​តូចៗ​ ហើយ​សត្វព្រៃ​ជាង១ ០០០ក្បាលនឹង​​បាត់​បង់​ទីជម្រក ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ នឹង​បាត់បង់​កេរ្តិ៍ឈ្មោះ។ លើសពីនេះ ការងារ​រួមគ្នា​រវាង​រដ្ឋាភិបាល និង​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រយៈពេល​២០​​ឆ្នាំ​កន្លងមក​ ​ក្នុងការ​ការពារ​ប្រព័ន្ធ​បរិស្ថាន​នៅទីនោះ ​​នឹង​​គ្មានអ្វី​ទាំងអស់ ហើយ​ថវិកា​រួម​វិភាគទាន​របស់​អង្គការ​នឹង​ទទេ​ស្អាត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ