កសិករ​នៅ​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​បោះបង់​របរ​ចិញ្ចឹមជ្រូក ខណៈ​ការ​នាំចូល​ខុសច្បាប់​នៅ​បន្ត​កើត​មាន

ជ្រូកនៅក្នុងទ្រុង ដែលកសិករចិញ្ចឹម​ជាលក្ខណៈគ្រួសារ​ នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង។ (សូត សុខប្រាថ្នា/១៦ មករា ២០២០)

សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា អះអាងថា កសិករ​មួយ​ចំនួន​នៅតាម​បណ្ដា​ខេត្តជាប់ព្រំដែនបាន​សម្រេច​ចិត្ត​បោះបង់របរ​ចិញ្ចឹមសត្វជ្រូក ខណៈ​ករ​ណី​នាំ​ចូល​សត្វ​​ជ្រូក​​ខុស​ច្បាប់​ពីប្រទេស​​ជិត​​ខាង​​នៅបន្តកើតមាន។

ប្រធានសមាគមអ្នក​ចិញ្ចឹមជ្រូកនៅកម្ពុជា លោក ស៊្រុន ពៅ មានប្រសាសន៍នៅថ្ងៃទី១៥ ខែ​មិថុនា ថាប្រជាកសិករនៅតាមព្រំដែនមួយចំនួនបានបោះបង់ការចិញ្ចឹមសត្វជ្រូកនៅ​​តាម​​ផ្ទះ ដោយ​សារ​​ករណី​នាំ​ចូលជ្រូក​ខុស​ច្បាប់​នៅ​បន្ត​កើត​មាន​ ​ការរាត​ត្បាត​នៃជំងឺ​ឆ្លង ទីផ្សារ​លក់​មាន​តម្លៃ​ថោក និងស្របពេលសេដ្ឋកិច្ចក្នុងប្រទេសបន្តមានការប្រែប្រួល។

លោកថា៖ «និយាយរួមទៅ កសិករតាមព្រំដែនហ្នឹង បើនិយាយឱ្យចំទៅ វាសឹងតែដួល​រលំអស់​ហើយ។ ឥលូវសួរថាចិញ្ចឹមយ៉ាងម៉េច បើគ្រាន់តែករណីវាចូលមកហ្នឹង វាមកពេញយើងនេះហើយហ្នឹង? ទី១ គឺឆ្លង! ជំងឺ​​ប៉េស្ត​ជ្រូកអាហ្រ្វិក ដែលធ្វើឱ្យគាត់ដួលរលំតា​ម​ព្រំដែនហ្នឹងមុន​គេ​។ ទី២ គឺតម្លៃ​ដែលធ្វើឱ្យគាត់[លក់ជ្រូក]ធ្លាក់ថ្លៃ។ ឈប់​ចិញ្ចឹម​បន្ត​បន្ទាប់! បានន័យថា នៅតាមព្រំដែនហ្នឹងស្ទើរតែអត់អ្នកចិញ្ចឹម»។

លោកបន្ថែមថា៖ «អ៊ីចឹង​សព្វ​ថ្ងៃ​នេះ បញ្ហា​ដែល​ប្រឈម​ខ្លាំង​ជាមួយ​កសិករ គឺ​ទំនិញ​វាឡើង​ថ្លៃ​ជា​រៀង​រាល់​ថ្ងៃ សូម្បីតែសាំងក៏វាឡើងដល់កម្រិតដែរ។ អ៊ីចឹង​អ្វី​ដឹក​ជញ្ជូន​ក៏​ថ្លៃ​ អ៊ីចឹង​វាថ្លៃ​ទាំង​អស់»។

កសិករ​រស់នៅខេត្តបាត់ដំបងដែលបោះបង់របរចិញ្ចឹមសត្វជ្រូក អ្នកស្រី យ៉ាន់ ឡាយីម មាន​ប្រសាសន៍ថា អ្នកស្រីធ្លាប់បានចិញ្ចឹមសត្វជ្រូកសម្រាប់លក់រយៈពេល៣ឆ្នាំ​ដែរ ហើយ​ពីមុន ការ​​ចិញ្ចឹម​​សត្វ​ជ្រូក​មិន​មាន​បញ្ហា​ប្រឈមឬផល​វិបាក​អ្វី​ឡើយ ដោយ​សារ​​សត្វប្រភេទនេះងាយចិញ្ចឹមនិង​ងាយស្វែងរកទីផ្សារ។ ប៉ុន្តែបច្ចុប្បន្ន អ្នកស្រីថា មនុស្សមិនហ៊ានបរិភាគទេ ដោយសារការនាំចូលខុសច្បាប់ ហើយអ្នកទិញរកតែក្នុងតម្លៃថោក។

អ្នកស្រីថា៖ «យាយចិញ្ចឹមកាលយាយនៅក្មេង តែឥលូវចាស់ហើយ។ មានពិបាកអីអូន! ចិញ្ចឹមជ្រូក យើងគ្រាន់តែយកត្រកួនហាន់វាដាក់លាយកន្ទក់ឱ្យវាស៊ីទៅ មានពិបាកអីពីដើមនោះ។ ទីផ្សារស្រួលតើអូន! ពីមុនទីផ្សារស្រួលតើ! ឥលូវយ៉ាប់ដែរ អ្នកទិញរកតែសាច់ថោកៗ ហើយយើងអត់ហ៊ានញ៉ាំទេ អ៊ីចឹងអ្ហា! យ៉ាប់!»

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក​មួយកន្លែងក្នុងខេត្តសៀមរាប លោក អាន ឬទ្ធី​ បានឱ្យដឹងថា បញ្ហាប្រឈម​ដែល​ប្រជាកសិករ​ចិញ្ចឹមសត្វជ្រូក​កំពុង​ជួបប្រទះ ក្នុងពេលបច្ចុប្បន្ននេះ គឺបញ្ហាចំណីឡើង​ថ្លៃ កង្វះ​ចំណេះដឹងមូលដ្ឋានក្នុងការចិញ្ចឹម​និង​​លក់ និងការនាំចូលជ្រូកខុសច្បាប់​ផងដែលអាចដាក់លក់លើទីផ្សារ។

ករណីនេះ លោក​ស្នើ​ដល់ក្រសួងពាក់ព័ន្ធ ជួយ​ពង្រឹងនិងចាត់វិធានការ​ច្បាប់ទៅលើ​ពួកឈ្មួញ​ដែលកាប់ជ្រូកយកសាច់លក់ និងពួកនាំចូលជ្រូកដោយ​ខុស​ច្បាប់ និងសំណូមពរលើកទឹកចិត្តឱ្យប្រជាកសិករខ្មែរគួរ​តែមានចំណេះដឹ​ង​មូល​ដ្ឋានក្នុងការចិញ្ចឹម​សត្វជ្រូក​ មិនថាចំណេះដឹងទីផ្សារឬការថែទាំ។

លោកថា៖ «អ៊ីចឹងខ្ញុំគ្រាន់តែសូមសំណូមពរទេ គឺសំណូមពរត្រង់ចំពោះក្រសួងពាក់ព័ន្ធ គួរតែមានវិធានការទប់ស្កាត់ជាមួយនឹងបញ្ហាចំណីនេះ កុំឱ្យវាឡើងហួសហេតុពេក។ ហើយដោយឡែក នៅពេលដែលចំណីឡើងថ្លៃ បែរជាអាជ្រូករស់ហ្នឹងវាចុះថោកទៅវិញ។ ហើយគួរតែចាត់វិធានការទៅលើឈ្មួញកាប់ជ្រូក ដែលធ្វើឱ្យសាច់ឡើងថ្លៃឯណោះវិញទេ។ ខ្ញុំអាចនិយាយថា កសិករយើងរង់ចាំតែងាប់ទេ បើសិនជាឱ្យឈ្មួញកាប់ជ្រូកគាត់ក្រឡុកអ៊ីចឹង គាត់ទិញទៅថោក តែគាត់យកសាច់លក់ក្នុងផ្សារគឺថ្លៃ ផ្សំនឹងមានការលួចនាំចូលជ្រូកមកពីប្រទេសជិតខាង ជាពិសេសអាជ្រូកមានជំងឺហ្នឹងទៀត»។

លោកបន្ថែម៖ «ខ្ញុំក៏សូមសំណូមពរឱ្យប្រជាកសិករគាត់មានចំណេះដឹងក្នុងការចិញ្ចឹម ទីមួយគឺការថែទាំ! ទីពីរ យើងរើសយកការព្យាបាល ក៏ប៉ុន្តែចំណេះដឹងដ៏ធំរបស់គាត់នោះ គឺចំណេះដឹងទីផ្សារ ទាំងការទិញចំណី ទាំងការលក់ជ្រូក។»

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ឱ្យដឹងថា បញ្ហាទំនិញឡើងថ្លៃបានធ្វើឱ្យប៉ះពាល់ដល់ជីវភាព ជាពិសេសតម្រូវការប្រចាំថ្ងៃរបស់ប្រជាកសិករ។​ លោកក៏បានសំណូមពរដល់រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ គួរតែគិតគូរទៅលើការកាត់បន្ថយនៃពន្ធនាំចូលទៅលើផ្នែកណាមួយ ដូចជា ប្រេងឥន្ធនៈ ឬក៏សម្ភារ ថ្នាំកសិកម្ម វត្ថុធាតុដើមនៃការប្រើប្រាស់ ដើម្បីអាចជួយសម្រួលដល់កាតព្វកិច្ច និងការទិញរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោកបានស្នើឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ និងផែនការ និងអាជ្ញារធរ អាចចុះធ្វើការបណ្ដុះបណ្ដាលដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិស្រុក អំពីជំនាញដាំដុះនិងការចិញ្ចឹមសត្វ និងការច្នៃនូវផលិតផលផ្សេងៗទៀត ដើម្បីអាចឱ្យគាត់មានទីផ្សារក្នុងការលក់ផលិតផលរបស់ពួកគាត់ និងអាចមានជំនាញដាក់លក់សមស្របនឹងបរិយាកាសក្នុងពេលបច្ចុប្បន្ន។

លោក ថេង សាវឿន ឱ្យដឹងថា កន្លងមក ខាងសហគមន៍បានធ្វើការជាមួយនឹងកសិករ ហើយយើងបានបណ្ដុះបណ្ដាលពីការចិញ្ចឹមមាន់ស្រែនិងសត្វផ្សេងទៀត និងការដាំដំណាំជាដើម ដែលប្រើលើគោលការណ៍ពាក់កណ្ដាលនៃបច្ចេកទេស និងគោលការណ៍ធម្មជាតិដល់បងប្អូនកសិករ។

ជាលទ្ធផល សមាគមបានឃើញថា ពួកគាត់អាចមានជំនាញនិងវិជ្ជាជីវៈ អាចដាក់លក់នូវផលិតផល​ឬក៏ភោគផលដែលបានទទួលពីការបណ្ដុះបណ្ដាលជំនាញរបស់សមាគមទៅកាន់ទីផ្សារ ក៏ដូចជាក្នុងសហគមន៍ផងដែរ។ ប្រជាកសិករអាចបង្កើតនូវប្រាក់ចំណូល និងអាចកាត់បន្ថយនូវការចំណាកស្រុក។ ជាពិសេសប្រជាកសិករអាចប្រើប្រាស់នូវទិន្នផលរបស់គាត់សម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីអគ្គនាយកសុខភាព និងផលិតកម្មសត្វ នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

​​ប៉ុន្តែអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​លោក ស្រី វុឌ្ឍី ​ប្រាប់វីអូឌីកាលពីពេលថ្មីៗនេះ​ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខិតខំបង្ក្រាបបទល្មើសចរាចរសត្វដោយខុសច្បាប់យ៉ាងខ្លាំង​ ដោយ​មន្រ្តីអនុវត្តច្បាប់បានធ្វើច្រើននិងបង្ក្រាបបានជាហូរហែផងដែរ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ