សមត្ថកិច្ច​ខេត្តព្រះសីហនុ កំពុង​ពិនិត្យ​ពី​វិធានការ​ទៅ​លើ​អ្នក​ជក់​បារី​អេឡិចត្រូនិច

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

សមត្ថកិច្ចជំនាញ​នៅ​ខេត្តព្រះសីហនុ កំពុងសិក្សាស្រាវជ្រាវមើលពីផលប៉ះពាល់នៃការជក់បារីអេឡិច​ត្រូនិច​ (Vape) ទៅលើ​សុខភាព និងការចាត់​វិធានការទៅលើអ្នកប្រើប្រាស់​បារីប្រភេទ​នេះ ដើម្បីទប់ស្កាត់កុំឱ្យមានការ​ប្រើប្រាស់កាន់តែច្រើនក្នុងស្រទាប់យុវវ័យនៅក្នុងខេត្តមាត់សមុទ្រ​មួយនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា បច្ចុប្បន្ន លោក​បាននិងកំពុង​សហការជាមួយអ្នកជំនាញ ដើម្បី​ពិនិត្យមើលពី​កម្រិត​នៃ​ការ​​ប៉ះពាល់ទៅលើអ្នកដែលជក់​បារីអេឡិចត្រូនិច ឬ Vape ព្រមទាំងសិក្សាផ្នែកផ្លូវច្បាប់ ដើម្បីចាត់វិធានការ​ទប់ស្កាត់​ការ​រីករាលដាលនៃការប្រើប្រាស់​បារីប្រភេទនេះក្នុង​​ស្រទាប់​យុវជន។​

លោកបន្តថា ​ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងខេត្តនេះ មិនទាន់មាន​ការរីករាលដាលខ្លាំងទេ ប៉ុន្តែ​សមត្ថកិច្ច​កំពុងតាមដានដោយ​យកចិត្តទុកដាក់​ចំពោះរឿងនេះ ធ្វើយ៉ាងណាទប់ស្កាត់ការប្រើប្រាស់ឱ្យ​ទាន់ពេលវេលា។

លោក ​ជួន ណារិន្ទ ថ្លែង​ថា៖ «​យើងកំពុងតាមដានករណីនេះ យើងកំពុងឱ្យជំនាញសហការជាមួយ​នាយកមន្ទីរប្រឆាំងគ្រឿងញឿន ដើម្បីបង្ហាញនូវអ្វីដែលប៉ះពាល់ នូវអ្វីដែលខុសច្បាប់។ យើង​កំពុងតាមដានការងារនេះបន្ដទៀត»។

កន្លងទៅថ្មីៗ គេសង្កេតឃើញថា យុវជនហាក់មានសន្ទុះក្នុងការប្រើប្រាស់បារីអេឡិចត្រូនិចនេះ ខណៈដែលកន្លងមកក៏មានជនខិលខូចផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ដោយថាវាជាឧបករណ៍នេះអាចផ្តាច់ការជក់បារីបាន មានសុវត្ថិភាពជាងបារីធម្មតា មិនប៉ះពាល់បរិស្ថាននិងសុខភាព ជាដើម។

ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត​​ មុំ គង់ មានប្រសាសន៍ថា ការជក់​បារីអេឡិចត្រូនិច (Vape) នេះ ប៉ះពាល់​សួតដ៏ធ្ងន់ធ្ងរ ពីព្រោះភាគល្អិត​តូចៗ​ដែល​មាន​ក្នុងចំហាយរបស់​ vape នេះ វាចូលយ៉ាងជ្រៅទៅក្នុងសួតរបស់​អ្នកប្រើប្រាស់។​

ក្រៅពីការប៉ះពាល់ដល់សួត លោកថា ការជក់បារី vape ក៏អាចបណ្តាល​ឱ្យ​​ឆ្លងជំងឺកូវីដ-១៩ផងដែរ ដោយសារយុវជននិងកុមារបានប្រើប្រាស់ឬ​ចែករំលែកឧបករណ៍សម្រាប់​ជក់​ពីម្នាក់​ទៅម្នាក់​ ហើយ​​ការជក់បារីប្រភេទ​នេះក៏ជាច្រកទ្វារនាំទៅរកការជក់គ្រឿងញឿន​ប្រភេទ​ខុស​ច្បាប់ជាច្រើន​ទៀតផងដែរ។

លោក​វេជ្ជបណ្ឌិត មុំ គង់ បានរម្លឹកថា រដ្ឋាភិបាលបានចេញសេចក្ដីណែនាំហាមឃាត់ការប្រើប្រាស់​ ការ​នាំចូល ការលក់ និង​ការធ្វើអាជីវកម្មបារីអេឡិចត្រូនិចនេះរួចរាល់ហើយតាំងពីឆ្នាំ២០២១។

លោកបន្ដថា៖ «ជំហានបន្ទាប់ អាជ្ញាធរថ្នាក់​ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែរឹតបន្តឹង​នូវ​​សេចក្ដីណែនាំរបស់រដ្ឋាភិបាល ដោយធ្វើយ៉ាងណាកុំឱ្យមានការផ្សព្វផ្សាយលក់គគ្រឹកគគ្រេងតាមបណ្ដាញសង្គមដូចជាបច្ចុប្បន្នជាដើម»។

បើតាមលោក មុំ គង់ ការសិក្សាមួយ​បានរកឃើញថា នៅសហរដ្ឋអាមេរិក មាន​យុវជនប្រមាណជា​ង១ ០០០នាក់​ហើយដែល​បាន​ស្លាប់​ដោយ​សារ​ការ​ជក់បារីអេឡិចត្រូនិច Vapeនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ