តុលាការ​ខេត្តសៀមរាប​កោះហៅ​ពលរដ្ឋ​៣នាក់​ឱ្យ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​រឿង​ជម្លោះ​ដីធ្លី

ពលរដ្ឋះម្ចាស់ដីអះអាងថា មន្ត្រីឧទ្យានុរក្ស៤នាក់នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានចុះដកបង្គោលរបងលើដីរបស់ពួកគេ ក្រោមហេតុផលថា ពលរដ្ឋបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃ «តំបន់ការពារធម្មជាតិជប់សោម» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

តុលាការខេត្តសៀមរាប បានកោះហៅពលរដ្ឋចំនួន៣នាក់ឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្ត​​នៅចុងសប្ដាហ៍​នេះនិង​ដើមខែក្រោយ​ ទៅតាម​បណ្ដឹង​របស់​មន្ត្រី​បរិស្ថានខេត្ត ពាក់ព័ន្ធរឿងជម្លោះដីធ្លី។

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ព្រះរាជអាជ្ញា​​អមសាលាដំបូងខេត្តសៀមរាប លោក ឆេង ហាក់ងិន ចេញដីកាកោះហៅពលរដ្ឋ២នាក់ រួមមាន លោក សាន សិទ្ធ និងអ្នកស្រី ស្វាយ ពៅ ឱ្យចូល​បំភ្លឺនៅថ្ងៃទី២៤ ខែមិថុនានេះ ពាក់ព័ន្ធ​ករណី​បោះបង្គោល​ហ៊ុម​ព័ទ្ធ ដាក់​សញ្ញា​សម្គាល់ ក្នុងគោលបំណងកាន់កាប់ធ្វើជាកម្មសិទ្ធិលើដីសហគមន៍ «តំបន់ការពារធម្ម​ជាតិ​ជប់​​សោម» ក្នុង​តំបន់ការពារដែនជម្រកសត្វព្រៃ «គូលេនព្រហ្មទេព» ស្ថិតក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត​សៀម​រាប។

ចំណែកដីកាមួយទៀត​ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តំណាង​អយ្យការ​អម​សាលាដំបូងខេត្តសៀមរាប លោក ថេង សំណាង បានកោះហៅលោក ប្រែង ហ៊ីង ឱ្យឆ្លើយបំភ្លឺលើកទី២ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រោម​​បទ​​ចោទ​ «កាប់​​​ឆ្ការ ដុត​រុក​រាន​ព្រៃ​ដើម្បីធ្វើកម្ម​សិទ្ធិ» ស្ថិត​នៅភូមិសែន​ជ័យ​ដូច​គ្នា។

ពលរដ្ឋ​ម្នាក់ដែលត្រូវបានតុលាការ​កោះហៅទៅបំភ្លឺ ​លោក សាន សិទ្ធ ប្រាប់​វីអូឌី​នៅ​ថ្ងៃពុធនេះ​ថា លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​​ដីកា​កោះហៅ​របស់​តុលាការ ដោយ​ថា លោក​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ។ លោកអះអាងថា ដីដែលលោកបោះបង្គោលរបងហ៊ុមព័ទ្ធនោះ ​ជាដី​ដែលគ្រួសារលោកបានកាន់កាប់និងអាស្រ័យផលជាង២០ឆ្នាំមក​ហើយ។

ពលរដ្ឋរូបនេះបន្តថា កាលពីថ្ងៃទី១៧ ខែមិថុនានេះ លោកក៏បានប្តឹងមន្ត្រីបរិស្ថានចំនួន៤នាក់ទៅតុលាការ ពាក់ព័ន្ធការបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ការដកបង្គោលរបងរបស់លោកចោល ប៉ុន្តែមិនទាន់ឃើញតុលាការ​ចាត់វិធានការលើបណ្តឹងរបស់លោក​នៅឡើយ។

លោកបន្ថែមថា៖ «ខ្ញុំឆ្ងល់ដែរ! ពាក់ព័ន្ធរឿងតុលាការ​ដែលគេកោះហៅនេះ គេដកបង្គោលរបងខ្ញុំភ្លាម ហើយ​គេប្តឹងខ្ញុំ តុលាការ​កោះ​ហៅ​ខ្ញុំ​ភ្លាម! ដល់ពេលខ្ញុំប្តឹងសហគមន៍រឿងយកដីខ្ញុំយូរណាស់ហើយ តុលាការដូចអត់មានចំណាត់ការឬ​ដោះ​​ស្រាយ​ឱ្យ​ពួក​ខ្ញុំ​សោះ។ អ៊ីចឹង​ខ្ញុំគ្រាន់តែ​ឆ្ងល់​ថា ម៉េច​ពេល​មន្ត្រី​ប្តឹង​ពលរដ្ឋ ចាត់ការលឿនម៉្លេះ? ដល់ពេលពលរដ្ឋប្តឹង​មន្ត្រី ហេតុ​អី​​យូរម៉្លេះ?​ មិនព្រមចាត់ការ?»

អ្នកស្រី សាន ស្រែ ជាភរិយារបស់លោក ប្រែង ហ៊ីង មានប្រសាសន៍ថា ក្នុងដីកា តុលាការបាន​កោះហៅ​ស្វាមី​អ្នក​ស្រី​ឱ្យ​ឆ្លើយ​​បំភ្លឺ​ជា​លើក​ទី២​ ប៉ុន្តែកន្លងមក គ្រួសារអ្នកស្រីមិនធ្លាប់ទទួលបានដីកាកោះហៅលើកទី១​នោះ​ទេ។ អ្នកស្រី​បន្ត​​ថា ស្វាមីអ្នក​ស្រីបា​ន​ត្រៀម​ខ្លួននិង​ត្រៀមឯកសាររួចហើយ​សម្រាប់ចូលឆ្លើយ​លើកទី២​នេះ ដោយ​ថា ​ស្វាមី​របស់​អ្នក​ស្រី​មិនបាន​ប្រព្រឹត្តដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អ្នកស្រីបន្ថែមថា៖ «ដីហ្នឹងមិនមែនជាដីព្រៃទេ ដីហ្នឹងពួកខ្ញុំបានទៅរស់នៅនិងអាស្រ័យផល [លើដី១៥ហិកតា​] តាំងពីឆ្នាំ២០០០​មកម៉្លេះ ប៉ុន្តែអាជ្ញាធរភូមិគេធ្វើលិខិតបញ្ជាក់ការកាន់កាប់​ហ្នឹងនៅឆ្នាំ២០០២ ហើយខ្ញុំមានដំណាំចេក ស្វាយ ស្វាយ​ចន្ទី មានដំឡូងមី។ សូម​ជួយរកយុត្តិធម៌ដល់ពួកខ្ញុំផង ខ្ញុំរស់នៅយូរហើយ»

វីអូឌី មិនអាច​សុំការ​បញ្ជាក់​ពី​ប្រធាន​មន្ទី​រ​បរិស្ថាន​ខេត្តសៀមរាប លោក ស៊ុន គង់ បានទេ នៅថ្ងៃពុធនេះ។

បើតាមរបាយការណ៍របស់ប្រធានស្នាក់ការ ​នៃការិយាល័យដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព លោក សឿន តូ ដែលផ្ញើទៅ​អភិបាលស្រុកស្វាយលើ បានឱ្យដឹងថា កាល​ពីថ្ងៃទី​១៤ ខែមិ​ថុនា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សចំនួន៤នាក់ បាន​សហការ​ជាមួយ​កម្លាំង​យោធា​ចុះ​ល្បាត​ដី​សហគមន៍ជប់សោម ដោយ​​បានជួបប្រទះការបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃសហគមន៍ដើម្បី​ធ្វើកម្មសិទ្ធិ ដែលមានឈ្មោះ សាន សិទ្ធ ជាម្ចាស់។

របាយការណ៍ដដែលបន្តថា កម្លាំងល្បាតបានដកចោលបង្គោលរបងនោះអស់ចំនួន៦០បង្គោល និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការផងដែរ។

យ៉ាងណា នៅថ្ងៃដដែលនោះ ប្រជាពលរដ្ឋ​ដែល​មានដីនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បាន​ចោទអាជ្ញាធរ​មូល​ដ្ឋាន​ថាបានគប់គិតគ្នាបង្កើតសហគមន៍ចង់យក​ដីធ្លីពួក​គេ។ ពលរដ្ឋលើកឡើងថា សហគមន៍នោះទើបបង្កើតនៅចុងឆ្នាំ២០២២នេះ ដែលគណៈកម្មការសហគមន៍ភាគច្រើន គឺជាអាជ្ញាធរ ហើយ​ពុំមានការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ឡើយ ខណៈពលរដ្ឋប្រហែល២០០គ្រួសារត្រូវអាជ្ញាធរចោទថា កំពុងរស់នៅលើដីសហគមន៍ដោយខុស​ច្បាប់។

កាលពីថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលបាន​អនុញ្ញាតឱ្យមានការកំណត់ព្រំប្រទល់ថ្មី នៅតំបន់ការពារធម្មជាតិ ​ក្នុងខេត្ត​​ចំនួន​​១៥ ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ ដើម្បីជួយ​​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជាក់​ស្តែងបាន​កាន់​កាប់ដោយ​ស្រប​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ