តុលាការ​ខេត្តព្រះសីហនុ​ចោទ​ប្រកាន់​ជនជាតិចិន​៣នាក់​ពី​បទ​គំរាមកំហែង​សម្លាប់​និង​ប្រើ​អាវុធ​ខុសច្បាប់

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចខេត្តព្រះសីហនុចេញប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិចិន៣នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតបុរសជាជនជាតិចិនដូចគ្នា ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

តុលាការខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ជនជាតិចិន៣នាក់ ពីបទ «គំរាមកំហែងថា​នឹងសម្លាប់ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត» ពាក់ព័ន្ធ​សំណុំរឿងចាប់​ជំរិត​មិត្តភក្តិដែលជាជន​ជាតិចិនដូចគ្នា ដើម្បីទារប្រាក់​ជាង១លានដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការដោះលែងវិញ។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លី ចាន់ដារ៉ា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួន​បុរសជា​ជនជាតិចិន​ចំនួន៣នាក់​ រួម​មាន ឈ្មោះ Wang Ying ហៅ អាយន្ត​ហោះ អាយុ២៨​ឆ្នាំ, ឈ្មោះ Jin KaiBin ហៅ Lin Yi ឬ Xiao Bin អាយុ២៥ឆ្នាំ និងឈ្មោះ Yang QianJun ហៅ Ta Jing អាយុ៣៦​ឆ្នាំ ដែល​បាន​​ចាប់​ជំរិត​មិត្ត​ភក្តិរបស់ខ្លួន​​ដែល​ជា​ជន​ជាតិចិនដូចគ្នា ដើម្បី​ទារ​ប្រាក់​១,២​លានដុ​ល្លារ​អាមេរិក​ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការដោះលែងវិញ។

លោកបន្តថា ​ពួកគេទាំង៣នោះជាសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួ​នកាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។ ចំណែក​​ជនរងគ្រោះ​ឈ្មោះ Yu Liang ភេទប្រុស អាយុ៣៣​ឆ្នាំ មាន​មុខរបរ​អ្នករកស៊ី ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី កម្លាំងសមត្ថកិច្ចបានបង្កើតជាគណៈកម្មការឆែកឆេរ (ពាក់ព័ន្ធករណីចាប់ជំរិត) ជាលទ្ធផលក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់០១ គ្រាប់ចំនួន ០៨គ្រាប់។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី កម្លាំងសមត្ថកិច្ចបានបង្កើតជាគណៈកម្មការឆែកឆេរ (ពាក់ព័ន្ធករណីចាប់ជំរិត) ជាលទ្ធផលក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់០១ គ្រាប់ចំនួន ០៨គ្រាប់។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅ​តុលាការ ចៅក្រម​ស៊ើប​សួរសាលាដំបូង​ខេត្ត​បានសម្រេចចោទប្រកាន់ពួកគេពីបទ «គំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ចៅក្រមស៊ើបកំពុងបន្តតាមនីតិវិធីច្បាប់​ផង​ដែរ។

លោកមានប្រសាសន៍ថា៖ «នេះជាបទចោទពួកគាត់។ ចំពោះការបិទការស៊ើបសួរហ្នឹង គឺនៅទេ! ហើយ​គេបញ្ជូនពួកគាត់ទៅឃុំខ្លួនហើយ។ ចំពោះអ្នកផ្សេងកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ចៅក្រម មិនអាចបង្ហើបជូនបានទេ ព្រោះជាសមត្ថកិច្ចរបស់ចៅក្រមស៊ើប»។

មន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចាំខេត្ត​ព្រះសីហនុ​ លោកស្រី ជៀប សុធារី សង្កេតឃើញថា មួយរយៈចុងក្រោយនេះ បទល្មើសជំរិតទារប្រាក់តែងតែកើតមានឡើងជាហូរហែ ហើយត្រូវបាន​សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការជាបន្តបន្ទាប់។ ប៉ុន្តែលោកស្រីមិនដឹងថា តុលាការដាក់ទោសពួកគេប៉ុន្មានឆ្នាំនោះទេ ដោយសារ​សង្គមស៊ីវិល និងអ្នកសារព័ត៌មានខ្លះ តាមដានត្រឹមតែដំណាក់​កាលចោទប្រកាន់តែប៉ុណ្ណោះ ខណៈដំណាក់កាលជម្រះ​និងប្រកាសសាលក្រមហាក់​មានភាពស្ងប់ស្ងាត់ទៅវិញ។

ករណីនេះ លោកស្រីជំរុញទៅតុលាការធ្វើការកាត់សេចក្តី​ឱ្យមានតម្លាភាព និង​ផ្តន្ទាទោសទៅជនល្មើសឱ្យធ្ងន់ធ្ងរ រួមទាំង​ប្រកាសសាលក្រមជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ហើយ​ជាគំរូ​ល្អ កុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត។

លោកស្រីថា៖ «ផ្សាយឱ្យដឹងផង! បន្តរឿងហ្នឹងឱ្យបានចប់មក ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងថា អ្នកដែលចាប់ខ្លួនថ្ងៃមុន អត់រួចខ្លួនទេ! គេ[តុលាការ]ដាក់គុកប៉ុណ្ណេះៗឆ្នាំ ដើម្បីបង្ហាញថា ជនល្មើសគ្រប់​រូបត្រូវបានផ្តន្ទាទោសតាមច្បាប់កម្ពុជា អត់មានការលើកលែង»។

គួរបញ្ជាក់ថា ស្របពេលសំណុំរឿងចាប់ជំរិតនេះកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិ​វៀតណាមចំនួន៤នាក់ផងដែរ ករណី​ពួក​គេ​បាញ់​ប្រហារនិង​បង្ករបួសស្នាមលើមន្ត្រីនគរបាលក្រុងព្រះសីហនុមួយរូប។ ជាមួយគ្នានោះ សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក៏បានអះអាងថា នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា ក៏មាន​ករណីបាញ់ប្រហារមួយផ្សេងទៀតបានកើតឡើង បណ្តាលឱ្យបុរសជាជនជាតិចិនម្នាក់រងរបួសផង​ដែរ។

​ដោយសារក្តីបារម្ភចំពោះបញ្ហា​​ទាសភាព ឧក្រិដ្ឋកម្ម ការចាប់ជំរិតជាដើមនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន៣៦ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ​​អំពាវនាវឱ្យរដ្ឋាភិបាល​លុបបំបាត់រាល់ទម្រង់បទល្មើសទាំងនេះ ដើម្បីធានាសន្តិសុខ ស្ថិរភាពសង្គម និងកិត្តិ​យស​​កម្ពុជា។ ​

ការស្នើនោះ ក្រោយពេលក្រុមអង្គការសង្គមស៊ីវិលទាំងនោះរកឃើញថា មានមនុស្ស​រាប់ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់នៅ​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។ ពួកគេត្រូវ​បាន​ចាប់ជំរិត លក់ ជួញដូរ ឬត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ទទួល​បានការ​ងារ​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែនៅពេល​មកដល់​កម្ពុជា ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​បរិវេណ​អគារ​ធំៗ និង​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ ដែល​ជា​ញឹក​ញាប់​​ជា​ការងារ​ទាក់ទង​នឹង​ប្រតិបត្តិ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិតផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ