មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា បណ្ដឹងភាគច្រើនដែលត្រូវបានដោះបញ្ចប់នៅមុនការប្រកាសលទ្ធផលនៅពេលនេះ គឺទាក់ទងនឹងភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត និងនៅអំឡុងពេលរាប់សន្លឹកឆ្នោត។
ការថ្លែងដូច្នេះរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃសុក្រនេះ ធ្វើឡើងមុនពេលការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ចុងសប្តាហ៍នេះ។ បើតាមអ្នកនាំពាក្យរូបនេះ គ.ជ.ប បានបញ្ចប់ការដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយដែលដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោត តាំងពីថ្ងៃចន្ទដើមសប្ដាហ៍មកម៉្លេះ។
លោកបន្តថា៖ «ក្រោយពីការបើកស៊ើបអង្កេតទៅ ឃើញថា ការដោះស្រាយបណ្ដឹងនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតមានភាពត្រឹមត្រូវហើយ។ អ៊ីចឹងទេ គ.ជ.ប គ្រាន់តែធ្វើលិខិតជូនដំណឹងទៅសាម៉ីដើមបណ្ដឹងវិញ បានន័យថាជាលិខិតរដ្ឋបាល ដើម្បីជម្រាបថាការដោះស្រាយហ្នឹង គឺដោយផ្អែកលើចំណុចនេះ ហើយមានសកម្មភាពបែបនេះៗ ជាដើម»។
ប្រតិទិនដែលកំណត់ដោយ គ.ជ.ប បង្ហាញថា រាល់បណ្ដឹងទាំងអស់នឹងត្រូវដោះស្រាយបិទបញ្ចប់ឱ្យបានមុនមួយថ្ងៃ នៃថ្ងៃប្រកាសលទ្ធផលឆ្នោតជាផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់លើកទី៥នេះ គ.ជ.ប ទទួលបានបណ្ដឹងសរុបចំនួន៤៤៥បណ្ដឹង ខណៈបណ្ដឹងដែលនៅសេសសល់ចុងក្រោយដែល គ.ជ.ប ទើបបានដោះស្រាយបញ្ចប់នៅកម្រិតថ្នាក់ជាតិនេះ មានចំនួន៣៣បណ្ដឹង។
អ្នកនាំពាក្យរូបនេះបន្តថា បណ្តឹងភាគច្រើន គឺគណបក្សភ្លើងទៀន ប្ដឹងប្រឆាំងវត្តមានអាជ្ញាធរភូមិឃុំចូលក្នុងមណ្ឌលបោះឆ្នោត ដែលជារូបភាពនៃការគំរាមកំហែងដល់អ្នកបោះឆ្នោត។ ទន្ទឹមនឹងនេះ លោកថា ក៏មានបណ្តឹងពីគណបក្សប្រជាជនកម្ពុជាផងដែរ ដែលប្តឹងបេក្ខជនគណបក្សភ្លើងទៀនចូលក្នុងការិយាល័យបោះឆ្នោត។
បើទោះជាបែបណា លោក ហង្ស ពុទ្ធា ថ្លែងថា ក្រោយពីបើកការស៊ើបអង្កេត រកឃើញថា ការដោះស្រាយបណ្ដឹងនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅមានតម្លាភាពដែលអាចជឿទុកចិត្តបាន ហើយ គ.ជ.ប ក៏បានធ្វើលិខិតរដ្ឋបាលជូនដំណឹងទៅសាម៉ីគណបក្សរួចហើយដែរ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ទទួលស្គាល់ថា ខាងស្ថាប័នជាតិរៀបចំការបោះឆ្នោត ពិតជាបានចេញលិខិតតាមបែបរដ្ឋបាលបែបនេះមែន ហើយខាងគណបក្សក៏បានទទួលរួចហើយដែរ។ យ៉ាងណា សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះហាក់មិនពេញចិត្តចំពោះសេចក្តីសម្រេចនេះទេ។
លោកបន្តថា ភាពមិនប្រក្រតីជាច្រើនករណីបានកើតឡើងនៅអំឡុងពេលបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ដែលគណបក្សបានប្តឹង ប៉ុន្តែដំណោះស្រាយហាក់ដោះមិនចំបញ្ហាដូចដែលគណបក្សភ្លើងទៀនបានរកឃើញសោះ។ ជាមួយគ្នានេះដែរ លោក ថាច់ សេដ្ឋា នៅតែអះអាងថា គណបក្សភ្លើងទៀន ត្រូវតែបង្ខំចិត្តទទួលយកលទ្ធផលដែលជាការសម្រេចរបស់ គ.ជ.ប បើទោះការសម្រេចនេះ ដើមបណ្តឹងដែលជាគណបក្សភ្លើងទៀន មិនបានចូលរួមធ្វើសេចក្តីសម្រេចចិត្តដោយផ្ទាល់ក៏ដោយ។
លោកបន្តថា៖ «ខាង គ.ជ.ប គេតម្កល់ពាក្យបណ្តឹងហ្នឹងតាមសេចក្តីសម្រេចដែលខេត្តដោះស្រាយហ្នឹងឯង។ អ៊ីចឹងបណ្តឹងហ្នឹងមកដល់ គ.ជ.ប អត់មានហៅទៅជំនុំជម្រះអីជាមួយគណបក្សយើងអី គឺអត់មានទេ។ យើងទទួលបានត្រឹមជូនដំណឹងមកយើងថា តម្កល់ការកាត់សេចក្តីនៅថ្នាក់ខេត្តថ្នាក់អីតែប៉ុណ្ណឹងឯង»។
ក្រុមអង្គការសង្គមស៊ីវិលមកពី៥ស្ថាប័នផ្សេងៗគ្នា កាលពីដើមខែមិថុនា បានជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ដែលបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាពិសេសត្រូវពង្រឹងនូវអព្យាក្រឹត្យភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
ការទាមទាររបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះធ្វើឡើងនៅបន្ទាប់ពីពួកគេរកឃើញថា ការបោះឆ្នោតកន្លងទៅថ្មីៗនេះមានភាពមិនប្រក្រតីកើតឡើង ទាំងមុនការបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា។ បញ្ហាដែលសង្គមស៊ីវិលរកឃើញនៅថ្ងៃបោះឆ្នោតនោះ រួមមាន សមាជិកភូមិ មេភូមិ មេឃុំ ចៅសង្កាត់ មន្រ្តីនគរបាល និងបេក្ខជនឈរឈ្មោះពីខាងគណបក្សកាន់អំណាច បានទៅឈរនៅក្នុងមណ្ឌលបោះឆ្នោត ដើម្បីចាំកត់ឈ្មោះអ្នកទៅបោះឆ្នោត។
ក្រៅពីនេះ នៅក្នុងរបាយការណ៍សង្ខេបបឋមរបស់អង្គការមិនមែនរដ្ឋាភិបាលទាំង៥ ក៏បានលើកឡើងដែរថា អ្នកសង្កេតការណ៍មិនត្រូវបានអនុញ្ញាតឱ្យចូលពិនិត្យនិងថតពីដំណើរការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ មួយវិញទៀត អង្គការទាំងនោះថា មណ្ឌលបោះឆ្នោតខ្លះ ពេលរាប់សន្លឹកឆ្នោតធ្វើឡើងដោយបិទបាំង ដូចជា បិទច្រកទៅមណ្ឌលបោះឆ្នោត ព្រមទាំងបិទទ្វារ និងបិទបង្អួច ជាដើម។
បើទោះបែបណា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា តាមរយៈការស៊ើបអង្កេត គ.ជ.ប រកមិនឃើញពីភាពមិនប្រក្រតីទាំងនោះទេ។ លោកបន្តថា នៅក្នុងបណ្តឹងរបស់គណបក្សភ្លើងទៀន មានសំណុំរឿងខ្លះ គណបក្សប្រើពាក្យពេចន៍មិនប្រាកដប្រជានៅក្នុងបណ្តឹងថែមទៀតផង។ ក្នុងន័យនេះ លោកថា វាមិនបានជាប្រយោជន៍សម្រាប់ដើមបណ្តឹងណាមួយនោះឡើយ។
លោកបន្តថា៖ «ពេលខ្លះ អ្នកប្តឹងក៏ប្រើពាក្យថាសង្ស័យ ឧទាហរណ៍ថា ការកត់ឈ្មោះប្រជាពលរដ្ឋ។ ការកត់ឈ្មោះប្រជាពលរដ្ឋ វាអត់ខុសអីទេ ប៉ុន្តែអ្នកប្តឹងគាត់សង្ស័យថាមានការគំរាមកំហែងបង្ខំឱ្យបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយ ដល់ពេលស៊ើបទៅ វាអត់មានករណីហ្នឹង! អ៊ីចឹងទៅ គ្រាន់តែចេញត្រឹមលិខិតរដ្ឋបាលជម្រាបទៅសាម៉ីដើមបណ្តឹងវិញប៉ុណ្ណោះ»។
ចំណែកនាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី យល់ឃើញថា ប្រសិនបើការស្វែងរកដំណោះស្រាយដែលខ្វះការចូលរួមដោយផ្ទាល់ពីភាគីដើមបណ្តឹង បង្ហាញថា ការដោះស្រាយនេះមិនមានតម្លាភាពទេ។ លោកបន្តថា កាលណាការប្រើប្រាស់វិធីដោះស្រាយដោយមិនមានតួអង្គពាក់ព័ន្ធចូលរួម មានន័យថា លទ្ធផលសម្រេចនេះមិនអាចជឿទុកចិត្តបានទេ ហើយវារឹតតែធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរបន្ថែមទៅលើគោលការណ៍សេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកបន្តថា៖ «ភាពមិនប្រក្រតីដូចការរកឃើញដែលគណបក្សភ្លើងទៀនប្តឹង យើងពិតជាមិនមានយោបល់អ្វីទេ បើខាងភ្នាក់ងារគណបក្សគេសង្កេតឃើញថាការបោះឆ្នោតហ្នឹងមានភាពមិនប្រក្រតី ហើយគេប្តឹង តែ គ.ជ.ប ថាអត់មានផង ហើយដល់អ៊ីចឹងការដោះស្រាយបណ្តឹងអត់មានអ្នកដែលប្តឹងទៀត។ ខ្ញុំមើលទៅយន្តការដោះស្រាយនេះ វាពាក់ព័ន្ធនឹងតម្លាភាពហើយ! តែអត់មានតម្លាភាពហើយ គឺវាអត់មានសុក្រឹត្យ និងអត់មានយុត្តិធម៌ទេ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដើម្បីយកតំណែងជាមេឃុំចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ សម្រាប់ការបោះឆ្នោតនេះ គណបក្សនយោបាយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ក្នុងពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងត្រូវជ្រើសរើសមកបំពេញការងារក្នុងឃុំ-សង្កាត់ទាំង១ ៦៥២ គឺមានចំនួន១១ ៦២២នាក់ នៅទូទាំងប្រទេស៕