ប្រធានាធិបតី​បេឡារុស​ប្រកាស​គាំទ្រ​រុស្ស៊ី​ក្នុង​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីអំឡុងខែមីនា ឆ្នាំ២០២២។ (ធ្វីតទ័រ៖ President of Russia)

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរូបរបស់​ប្រធានាធិប​តី​រុស្ស៊ី បាន​អះ​អាង​ឱ្យ​ដឹងនៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញថា ប្រទេសរបស់លោក គឺនឹងឈរនៅ​ជាមួយរុស្ស៊ីជានិរន្តរ៍​ក្នុង​សង្រ្គាម​តទល់នឹង​ប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ជាមួយគ្នានេះ ប្រធានាធិបតីដែលកាន់អំណាចតាំងពីឆ្នាំ១៩៩៤រូបនេះ ក៏បាន​ប្រកាស​អនុញ្ញាតឱ្យទាហានរុស្ស៊ីប្រើប្រាស់ទឹកដី​នៃប្រទេសរបស់ខ្លួនក្នុងការឈ្លានពានអ៊ុយក្រែនផងដែរ។

ថ្លែងក្នុង​ពិធី​មួយ លោក អេឡិចហ្សានដឺ លូកាហ្សិនកូ បានលើកឡើងថា ប្រទេសលោកគឺបានគាំទ្រយុទ្ធនាការរបស់លោក ពូទីន ប្រឆាំង​នឹង​អ៊ុយក្រែន​តាំងពីដំបូងមក​ម្ល៉េះ [ចុងខែកុម្ភៈ]។

លោកបន្តថា៖ «បច្ចុប្បន្ន យើងកំពុងតែរងនូវការរិះគន់ថាជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលគាំទ្ររុស្ស៊ីក្នុងការប្រយុទ្ធតទល់នឹងអ៊ុយក្រែន»។

លោកបន្ថែមថា៖ «[ទោះជាយ៉ាងណា] យើងគាំទ្រ ហើយនឹងបន្តគាំទ្ររុស្ស៊ី ហើយសម្រាប់អ្នកដែលរិះគន់ទាំងឡាយ តើពួកគេមិនដឹងទេថាយើងមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយសហព័ន្ធរុស្ស៊ី? យើងនឹងនៅជាមួយគ្នា [រុស្ស៊ី] ជាបងប្អូន»។

ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី [ដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វ​ផ្សាយ​អ៊ុយ​ក្រែន] បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកៀវថា ការ​លើកឡើងរបស់លោក អេឡិចហ្សានដឺ លូកាហ្សិនកូ គឺជារឿងគ្រោះថ្នាក់មួយសម្រាប់ប្រជាជនបេឡារុសទាំងមូល។

លោកបន្តថា៖ «លោក [ប្រធានាធិបតីបេឡារុស] មិនត្រូវអូសប្រទេសបេឡារុសចូលទៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនឡើយ។ ខ្ញុំជឿថា នេះគឺជាសញ្ញាដ៏គ្រោះថ្នាក់មួយ»។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​ តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់​បានស្លាប់ តំបន់ទីក្រុង​ជាច្រើន​ប្រែ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសមួយចំនួន​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ