ចិន​បង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​រុស្ស៊ី

លោក Ma Zhaoxu អនុរដ្ឋមន្ត្រីការបរទេសចិន។ (fmprc.gov.cn)

អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក Andrey Denisov ថាប្រទេសរបស់ខ្លួនមានឆន្ទៈខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរុស្ស៊ី ក្នុងក្របខណ្ឌពហុភាគី រួមទាំងក្រុមប្រទេស G20 ផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

យោងតាម​សេចក្តី​ថ្លែងការណ៍មួយ​របស់​ក្រសួង​ការ​បរទេស​ចិន ​ដែលចេញនៅ​ថ្ងៃ​ពុធនេះ បានឱ្យដឹងទៀត​ថា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារម្សិលមិញ លោក Ma Zhaoxu ក៏បានបញ្ជាក់ប្រាប់លោក Andrey Denisov ពីឆន្ទៈរបស់ប្រទេសចិន ក្នុងការពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗផងដែរ។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើង​ខ្លាំង​ បន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បាន​ព្រមាន​លោក​ប្រធានាធិបតី ស៊ី ជីនពីង ក្នុងអំឡុងជំនួបតាមរយៈប្រព័ន្ធវីដេអូមួយ អំពីផលវិបាកដែល​ចិនអាចនឹងទទួលបាន ប្រសិនបើប្រទេសមួយនេះផ្ដល់ការគាំទ្រណាមួយ ដើម្បីជួយឱ្យរុស្ស៊ីរួចផុតពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច ឬផ្តល់ជំនួយផ្នែកយោធាជាដើមនោះ។

ទោះជាយ៉ាងណា ប្រទេសចិនបានបដិសេធម្ដងហើយម្ដងទៀត​នូវផែនការបែបនេះ ក្នុងនោះ ខ្លួនក៏ធ្លាប់ច្រានចោលការ​អះអាង​របស់​មន្ត្រី​អាមេរិក​ដែល​ថា​រុស្ស៊ី​បានព្យាយាមស្វះ​ស្វែងរក​ជំនួយ​យោធាពីខ្លួន​នៅ​​អ៊ុយក្រែនផងដែរ​ និង​បាន​ចោទ​អាមេរិក​ថា​​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ