សង្គមស៊ីវិល​ប្រារព្ធ​ពិធី​សាសនា ដើម្បី​រម្លឹកខួប​៦ឆ្នាំ​នៃ​មរណភាព​លោកបណ្ឌិត កែម ឡី

សង្គមស៊ីវិលប្រារព្ធពិធីសាសនា សូត្រមន្ត រាប់បាត្រ ដើម្បីឧទ្ទិសកុសល និងរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ (ប៉ា សុខេង)

សង្គមស៊ីវិលប្រារព្ធពិធីសាសនា ដើម្បីឧទ្ទិសកុសល និងរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ដោយពួកគេនៅតែចាត់ទុកថា ការបាត់បង់បណ្ឌិតរូបនេះ ជាការបាត់បង់ធនធានដ៏កម្ររបស់កម្ពុជា ស្របពេលឃាតកម្មទៅលើរូបលោករហូតមកទល់ពេលនេះ ​រដ្ឋាភិបាលមិនទាន់អាចផ្ដល់យុត្តិធម៌ពិតប្រាកដ​នៅឡើយ។

ការប្រារព្ធពិធីរម្លឹកខួបនេះធ្វើឡើងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៦ ខែកក្កដានេះ ដោយមានវត្តមានសង្គមស៊ីវិល សហជីព អ្នកសារព័ត៌មាន និងអ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ប្រមាណ៧០នាក់ចូលរួម។

នាយិកា​​ប្រតិបត្តិមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការប្រារព្ធពិធីរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី នេះ គឺដើម្បីឧទ្ទិសបុណ្យកុសលជូនលោក និងសកម្មជនសិទ្ធិការងារ និងបរិស្ថានមួយចំនួនទៀត ដូចជា លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ជាដើម ​ព្រមទាំងរម្លឹកពីវីរភាពកាលពួកលោកនៅមានជីវិត។

មន្ត្រីសង្គមស៊ីវិលរូបនេះអំពាវនាវជាថ្មីទៀតឱ្យរដ្ឋាភិបាលបន្តស៊ើបអង្កេតផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារលោក កែម ឡី ​ត្បិតអ្នកស្រីថា សំណុំរឿងនេះ ​អាជ្ញាធរពាក់ព័ន្ធមិនទាន់បានចាត់វិធានការឱ្យមាន​តម្លាភាពនៅឡើយ។

នាយិកា​​ប្រតិបត្តិមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសន៍ក្នុងថ្ងៃប្រារព្ធពិធីសាសនា សូត្រមន្ត រាប់បាត្រ ដើម្បីឧទ្ទិសកុសល និងរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
នាយិកា​​ប្រតិបត្តិមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសន៍ក្នុងថ្ងៃប្រារព្ធពិធីសាសនា សូត្រមន្ត រាប់បាត្រ ដើម្បីឧទ្ទិសកុសល និងរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ (ប៉ា សុខេង)

លោកស្រី ចក់ សុភាព មានប្រសាសន៍ថា៖ «យើងចង់ឃើញនូវការបង្កើតនូវគណៈកម្មការឯករាជ្យមួយ ដែលមានការចូលរួមពីអង្គការសហប្រជាជាតិផងដែរ។ ហើយគណៈកម្មការឯករាជ្យនេះ នឹងអាចធ្វើការស៊ើបអង្កេតមួយដោយសុក្រឹត្យភាព ជាជាងការដែលយើងឃើញហើយថា កន្លងមកនៅពេលដែលករណីពាក់ព័ន្ធនឹងអ្នកមានអំណាចឬក៏អីហ្នឹង គឺយើងកម្រឃើញមានយុត្តិធម៌ណាស់។ អ៊ីចឹងសម្រាប់យើងជាអង្គការសង្គមស៊ីវិល យើងសង្ឃឹមថានឹងមានការបង្កើតនូវគណៈកម្មការដោយឯករាជ្យ ក្នុងការស៊ើបអង្កេតលើករណីដូចករណីលោកបណ្ឌិត កែម ឡី ឬករណីសកម្មជនដទៃទៀត»។

លោកស្រីបន្តថា បើលោក កែម ឡី នៅមានជីវិត នោះលោកនឹងជាចលករដ៏មានតម្លៃមួយរូប ដែលអាចជួយបណ្ដុះបណ្ដាលអ្នកវិភាគវ័យក្មេង ជំរុញទឹកចិត្តយុវជនឱ្យចូលរួមក្នុងកិច្ចការសង្គម និងផ្ដល់អនុសាសន៍វិជ្ជមានដល់អ្នកនយោបាយផងដែរ។

​លោក ឌឹម សុភក្ត្រា ដែលជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយបានចូលរួមក្នុងពិធីរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី នៅ CCHR ថ្លែងថា ការចូលរួមរបស់លោកក្នុងពិធីនេះក៏ជា​ការរម្លឹកដល់លោកបណ្ឌិតផងដែរ។

ក្រៅពីនោះ លោកថាបានតែងកំណាព្យមួយក្នុងឱកាសបុណ្យរម្លឹកខួបនេះ ដើម្បីបង្ហាញនូវការចងចាំអំពីវីរភាពខ្លះៗរបស់លោក កែម ឡី បើទោះបណ្ឌិតរូបនេះបានចែកឋានទាំងតម្រុយនៃភាពយុត្តិធម៌នៅស្រពេចស្រពិលនិងមិនអស់ចិត្តក្ដី។

លោក ឌឹម សុភក្ត្រា ថា៖ «ខ្ញុំបានតាមដានព័ត៌មានហ្នឹងដែរ ហើយខ្ញុំឃើញថា គាត់ម្នាក់ដែលឈ្មោះ ជួប សម្លាប់ ហ្នឹង! ឃើញគាត់ យើងពិបាកអាចសន្និដ្ឋានបានថាគាត់ជាអ្នកដែលសម្លាប់ពិតប្រាកដ។ អ៊ីចឹងខ្ញុំគ្រាន់តែថា បើអាច យើងអាចធ្វើយ៉ាងណាឱ្យរឿងហ្នឹងកាន់តែច្បាស់លាស់ ស៊ើបរឿងតាំងពីដើមមក ថាមានអ្នកពាក់ព័ន្ធអីគេខ្លះ មានសាក្សីគ្រប់គ្រាន់ហើយនៅ អ៊ីចឹងទៅ! អ្នកដែលគាត់មានជំនាញ និងមានដែនសមត្ថកិច្ច គាត់អាចស្រាវជ្រាវឱ្យកាន់តែច្បាស់លាស់ឡើង ខ្ញុំគ្រាន់តែចង់ឃើញមានយុត្តិធម៌»។

អ្នកចូលរួម​មួយរូបទៀត ​អ្នកស្រី សាក់ កន្និការ លើកឡើងថា មូលហេតុអ្នកស្រីចូលរួមក្នុងពិធីរម្លឹកខួប៦​ឆ្នាំនៃមរណភាពលោកបណ្ឌិត ​ដើម្បីជាការដឹងគុណដល់លោក ត្បិតកាលនៅមានជីវិត លោក កែម ឡី តែងជួយចែករំលែកចំណេះដឹងដល់អ្នកស្រី​។ អ្នកស្រីចាត់ទុកលោក កែម ឡី ថាជាបុគ្គលគំរូដែលបានរួមចំណែកវិភាគនូវចំណុចខ្វះខាតក្នុងន័យស្ថាបនា កែលម្អសង្គម ខណៈជនមានចំណេះដឹង និងបណ្ឌិតផ្សេងទៀតមិនហ៊ានធ្វើ។

អ្នកស្រីថា៖ «លោកបណ្ឌិត គឺជាធនធានមួយសាបព្រោះចំណេះដឹង វិធីសាស្រ្តក្នុងការស្រាវជ្រាវ និងវិភាគ។ ហើយឃើញថា លោកបណ្ឌិតបានបណ្ដុះនូវភាពក្លាហានដល់យុវជនយើងជាច្រើន។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំកម្រឃើញមានបណ្ឌិត ឬក្រុមអ្នកចេះដឹងណា ដែលជាពិសេសគឺចុះផ្ទាល់ជាមួយសហគមន៍ ប្រជាជន ជាពិសេសយុវជន ទៅតាមព្រៃ ទៅតាមតំបន់ដែលមានគ្រោះថ្នាក់ គឺយើងឃើញថាកម្រជួបមែនទែន។ ប៉ុន្តែលោកបណ្ឌិតហ៊ានពលី ហ៊ានលះបង់គ្រប់បែបយ៉ាង សួរថាតើយើងអាចនឹងងាយទៅរកបុគ្គលបែបនេះបានពីណា? អានេះហើយដែលបន្សល់ទុកនូវស្លាកស្នាមមួយ។ ខ្ញុំចង់ឱ្យមានអ្នកបន្តវេន ឬអ្នកដែលដូចលោកបណ្ឌិត កែម ឡី ឱ្យច្រើននៅកម្ពុជា»។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃពុធនេះ។

កាលពីថ្ងៃទី២៧ ខែមិថុនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា CCHR នឹងប្ដូរគម្របទំព័រហ្វេសប៊ុករបស់ស្ថាប័នខ្លួន ដោយដាក់រូបភាពលោកបណ្ឌិត កែម ឡី ជំនួស។ លើសពីនេះ នឹងមានការបង្ហោះសម្រង់សម្តីរបស់លោកបណ្ឌិត កែម ឡី លើទំព័រហ្វេសប៊ុករបស់ខ្លួន ការរៀបចំពិធីសូត្រមន្ត រាប់បាត្រ ដើម្បីឧទ្ទិសរម្លឹកខួប៦ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត។

បន្ថែមពីនេះ CCHR នឹងចាក់ផ្សាយឡើងវិញនូវវីដេអូដែលមានចំណងជើងថា «កែម ឡី៖ ដំណើរជីវិតរបស់គាត់» និងបង្ហោះសារជាសំឡេងនៃការចងចាំពីសាធារណជន រួមទាំងបង្ហោះសម្រង់សម្ដីរស់លោកក្នុងទម្រង់ជាវីដេអូសំឡេងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ជាដើម។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ទាំងព្រឹកព្រលឹម។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កើតឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកបានធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍មួយរបស់អង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា»

របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។

អស់រយៈពេលជិត៦ឆ្នាំកន្លងមកនេះ ​​​ព្រឹត្តិការណ៍សម្លាប់លោកបណ្ឌិត កែម ឡី គឺមានតែឃាតករម្នាក់ប៉ុណ្ណោះឈ្មោះ អឿត អាង ហៅខ្លួនឯង «ជួប សម្លាប់» ដែលត្រូវបានចាប់ខ្លួន ហើយតុលាការបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ