កម្ពុជា​ចូលរួម​រំលែកទុក្ខ​ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់

​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។ (ធ្វីតទ័រ៖ 安倍晋三)

រដ្ឋាភិបាលកម្ពុជាចូលរួមរំលែក​ទុក្ខ​​ចំពោះមរណភាពរបស់​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ក្រោយ​អតីតនាយករដ្ឋមន្ត្រីរូបនេះ​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ ​បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅថ្ងៃសុក្រនេះ។​

ក្នុងលិខិត​ចូលរួមមរណទុក្ខរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនលោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅ​រសៀល​ថ្ងៃសុក្រនេះ បាន​លើកឡើង​ថា តាំងនាមឱ្យ​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក​សូម​សម្តែងនូវការ​ចូលរួមមរណទុក្ខដល់ក្រុមគ្រួសារសព ក៏ដូចជាប្រជាជន​ជប៉ុន ចំពោះការ​បាត់​បង់​ដ៏ធំធេងនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តក្នុងលិខិតនោះថា លោក ស៊ិនហ្សូ​ អាបេ ជា​រដ្ឋ​បុរស​ជប៉ុន​លេចធ្លោមួយរូបដែលត្រូវបានគេទទួល​ស្គាល់និងលើកសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយ​សមត្ថភាព ក្នុងការ​ជំរុញវឌ្ឍនភាព​របស់ជប៉ុន និងការ​ចួលរួមយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅ​ក្នុងតំបន់ និងពិភពលោក​ទាំង​មូល ខណៈ​លោក អេបេ ក៏បាន​ចូលរួម​ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន ក្នុងអាណត្តិ​ដែល​លោកជានាយករដ្ឋមន្ត្រីជប៉ុន។   

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ បានទទួលមរណភាពនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីរងការបាញ់ប្រហារ ក្នុង​អំឡុងពេល​ដែលលោក​ឈរ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងទីក្រុង Nara ភាគ​ខាងលិចប្រទេសជប៉ុន កាលពីព្រឹកមិញនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ