កម្ពុជា​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ ​

​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។ (ធ្វីតទ័រ៖ 安倍晋三)

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសចំពោះអំពើបាញ់ប្រហារទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ​កាលពីម្សិលមិញ ដែលបណ្តាលឱ្យលោកស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបានប៉ុន្មានម៉ោង។

កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះ ការបាញ់សម្លាប់ លោក ស៊ិនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីម្សិលមិញ។

ក្រសួងការបរទេស បានសម្តែងនូវភាពសោកសៅ និងតក់ស្លុត ចំពោះការទទួលមរណភាពរបស់ លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ​ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍បានបញ្ជាក់​ថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្មដ៏ព្រៃផ្សៃនេះ»។

ក្រសួងការបរទេសដដែល ក៏បានចាត់ទុក អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ​ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជប៉ុន និងជាមិត្តភក្ដិជាទីគោរពស្រលាញ់របស់កម្ពុជា ហើយមរណភាពរបស់ លោក ស៊ិនហ្សូ អាបេ គឺជាការបាត់បង់ដ៏គួរឱ្យសោកសង្រេងបំផុតមួយ ដោយមិនត្រឹមតែសំរាប់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្ដែក៏សំរាប់ប្រជាជនកម្ពុជា ផងដែរ។

សេចក្តីថ្លែងការណ៍ដដែល លើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏បានចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅ ​​និងសំដែងនូវសមានចិត្តដ៏ស្មោះស្ម័គ្រជាទីបំផុតជូនចំពោះគ្រួសារសពរបស់​ ស៊ិនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានថ្លែងសារចូលរួមជាមួយសហការីរបស់លោកជុំវិញពិភពលោក ក្នុងការកាន់មរណទុក្ខរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ដែលជាមិត្តដ៏ល្អរបស់កម្ពុជា។

សាររំលែកមរណទុក្ខរបស់លោក ប្រាក់ សុខុន លើហ្វេសប៊ុកថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ ឯកឧត្តម ក៏ដូចជាប្រជាជនជប៉ុន ចំពោះភាពសោកសង្រេង និងការបាត់បង់ដ៏ធំធេងមួយនេះ។ សមិទ្ធិផលរបស់ឯកឧត្តមទាំងប៉ុន្មាននឹងត្រូវបានមនុស្សរាល់គ្នាចងចាំ និងវាយតម្លៃខ្ពស់ពីមួយជំនាន់ទៅមួយជំនាន់»។

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ បានទទួលមរណភាព នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យមួយក្នុងប្រទេសនេះ បន្ទាប់ពីរងការបាញ់ប្រហារ អំឡុងពេលថ្លែងសុន្ទរកថាមួយ ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន កាលពីព្រឹកមិញ។

សម្រាប់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា វិញ កាលពីម្សិលមិញ បានបង្ហោះសារ​ ​រំលែកទុក្ខជូនចំពោះ​ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ​កម្ពុជា និងក្រុមគ្រួសារលោក ស៊ិនហ្សូ អាបេ ដោយថា ការបាញ់ប្រហារនោះ គឺជាអំពើឃាតកម្មយ៉ាងព្រៃផ្សៃ។

លោក កឹម សុខា បង្ហោះសារលើហ្វេសប៊ុកថា៖ «ក្នុងឱកាសដ៏សោកសង្រេងនេះ ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាពលរដ្ឋខ្មែរ សូមសម្តែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារសពឯកឧត្តម Shinzo Abe ព្រមទាំងប្រជាពលរដ្ឋជប៉ុន នូវការបាត់បង់ឣ្នកជាទីគោរព ស្រឡាញ់ដ៏ធំធេងនេះ។ជាមួយនេះដែរ ខ្ញុំសូមឧទ្ទិសបួងសួង សូមឱ្យដួងវិញាណក្ខន្ធ ឯកឧត្តម Shinzo Abe បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ លោកមានប្រសាសន៍ថា​ មរណភាពរបស់លោក អាបេ ​ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកបញ្ជាក់ថា៖«ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តម អាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ»។

លោក ហ៊ុន សែន បន្ថែមថា ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់​លោក អាបេ កម្ពុជាសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។ លើសពីនេះលោក ក៏បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ