ប្រធានាធិបតី​ស្រីលង្កា​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ចំ​ពេល​មាន​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ប៉ុន្មានម៉ោងមុនពេលលោកបានសន្យាថានឹងលាលែងពីតំណែង ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងចំពោះការដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកាន់តែធ្លាក់ដុនដាបបំផុតនៅក្នុងប្រទេសចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។

សារព័ត៌មាន Aljazeera បានរាយការណ៍ដោយយោងលើសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសស្រីលង្កានៅថ្ងៃពុធនេះថា លោក Rajapaksa និងភរិយា ព្រមទាំងអង្គរក្សពីរនាក់របស់គាត់ បានភៀសខ្លួនតាមជើងហោះហើររបស់កងទ័ពអាកាសស្រីលង្កាទៅកាន់រដ្ឋធានីមែល (Male) នៃប្រទេសម៉ាល់ឌីវ។

ចំណែកទីភ្នាក់ងារព័ត៌មាន AFP ក៏បានរាយការណ៍ថា លោក Rajapaksa បានមកដល់ទីក្រុងមែល (Male) នៅព្រឹកថ្ងៃពុធនេះ។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា លោកនឹងលាលែងពីតំណែងនៅថ្ងៃពុធ ដើម្បីបើកផ្លូវសម្រាប់រដ្ឋាភិបាលរួបរួមមួយ បន្ទាប់ពីបាតុកររាប់ម៉ឺននាក់បានតវ៉ានៅមុខលំនៅឋានដែលជាកន្លែងធ្វើការរបស់លោក ដោយទាមទារឱ្យលោកចុះចេញពីតំណែង។

លោក Rajapaksa ដែលបានជួយបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃក្នុងប្រទេស ក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិ អំឡុងពេលរដ្ឋបាលរបស់បងប្រុសរបស់គាត់កាលពីជាងមួយទសវត្សរ៍មុននោះ ត្រូវបានជ្រើសរើសជាប្រធានាធិបតីនៅឆ្នាំ២០១៩ ដោយសន្យាថានឹងរក្សាសន្តិសុខ និងស្ថិរភាព។

ប៉ុន្តែ​ការ​កាត់​បន្ថយ​ពន្ធ​ជា​បន្តបន្ទាប់ ​បាន​កាត់បន្ថយ​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល ហើយ​ប្រទេស​នេះ​ចាប់​ផ្ដើម​ធ្លាក់ចុះនូវការផ្គត់ផ្គង់​ឥន្ធនៈ អាហារ និង​ថ្នាំពេទ្យ ដោយសារ​តែ​ប្រទេសនេះ​លែង​មាន​លទ្ធភាព​នាំ​ចូល​ទៀតហើយ។

លោកប្រធានាធិបតីត្រូវបានរិះគន់ពីអសមត្ថភាពផ្នែកសេដ្ឋកិច្ច ហើយមតិសាធារណៈបានប្រឆាំងចំពោះលោកនិងក្រុមគ្រួសារដែលបានគ្រប់គ្រងនយោបាយប្រទេសស្រីលង្កាជិត២០ឆ្នាំ រួមបញ្ចូលទាំងបងប្រុសរបស់លោក គឺលោក Mahinda Rajapaksa ដែលបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី កាលពីខែឧសភា ឆ្នាំ២០២២ ក្រោយពីមានបាតុកម្មដ៏ធំបានចាប់ផ្តើមក្នុងខែមីនា និងបានប្រែក្លាយទៅជាអំពើហិង្សា។

លោក Gotabaya Rajapaksa ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងការរំលោភសិទ្ធិមនុស្សផ្សេងទៀត ទទួលបានអភ័យឯកសិទ្ធិពីការចាប់ខ្លួនក្នុងពេលកំពុងកាន់តំណែង ហើយគេមិនបានឃើញលោកជាសាធារណៈចាប់តាំងពីថ្ងៃសុក្រមក។ គេជឿថា គាត់ចង់ទៅក្រៅប្រទេសមុននឹងចុះចេញពីតំណែង ដើម្បីគេចពីការឃុំខ្លួនដែលអាចកើតមានឡើង។

សភារបស់ប្រទេសនេះគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី២០ ខែកក្កដា ប៉ុន្តែកាលពីថ្ងៃអង្គារ សភានេះពិបាកសម្រេចចិត្តក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថ្មី។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កាក្នុងរយៈពេលចុងក្រោយនេះ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់កើតមានពីមុនមក ខណៈទុនបម្រុងអន្តរជាតិរបស់ប្រទេសក៏ស្ថិតក្នុងកម្រិតទាបបំផុតផងដែរ ដែលបានបង្កឱ្យប្រទេសមួយនេះជួបប្រទះបញ្ហាកង្វះថវិកាធ្ងន់ធ្ងរសម្រាប់ការនាំចូលអាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម។

ទាក់ទិននឹងករណីនេះ ការតវ៉ានានាតាមដងផ្លូវក៏បានចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ និងវិវត្តកាន់តែខ្លាំងឡើងផងដែរ ដោយប្រជាពលរដ្ឋបានចេញមកតវ៉ា ដើម្បីទាមទារឱ្យប្រធានាធិបតីរបស់ខ្លួនចុះចេញពីតំណែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ