ខេមបូចា៖ រយៈពេល៣ខែ អ្នកសារព័ត៌មាន​ជិត​២០នាក់​ប្រឈម​ការ​បៀតបៀន​និង​គំរាមកំហែង

អ្នកថតរូបឱ្យស្ថាប័នសារព័ត៌មានមួយ ត្រូវបានអាជ្ញាធរហាមចូលជិតនឹងទីតាំងតវ៉ា អំឡុងពេលចុះតាមដានករណីកូដករប្រមូលផ្ដុំធ្វើកូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញថា ស្ថានភាពអ្នកសារពត៌មាននៅកម្ពុជាក្នុងរយៈពេល៣ខែ ពោលគឺចាប់ពីខែមេសា ដល់ខែមិថុនា មានអ្នកសារព័ត៌មានចំនួន១៧នាក់ប្រឈមការបៀតបៀននិងគំរាមកំហែង។

តាមរបាយការណ៍ប្រចាំត្រីមាសលើកទី៤របស់ខេមបូចា ដែលចេញនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានសង្ខេបបញ្ហាផ្សេងៗ និងធ្វើបច្ចុប្បន្នភាពទាក់ទងនឹងសេរីភាពសារពត៌មាន​ និងសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកសារពត៌មាននៅកម្ពុជា ​ពិសេស​ស្ថានភាពសារព័ត៌មានក្នុងអំឡុងការបោះឆ្នោតឃុំ-សង្កាត់ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២ ស្ថាប័ននេះបានកត់ត្រាករណីបៀតបៀនអ្នកសារព័ត៌មានចំនួន១១ករណី លើអ្នកសារព័ត៌មាន១៧នាក់ ក្នុងនោះមានស្រី១នាក់។ ប្រភពដដែលបន្តថា អ្នកសារព័ត៌មាន​៥នាក់ត្រូវបានចាប់ខ្លួន ៥នាក់ប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ ហើយ៦នាក់ទៀតរងការបៀតបៀន​គំរាមកំហែង និងម្នាក់ទៀតត្រូវឃុំខ្លួនដើម្បីសាកសួរ។

ក្នុងរបាយការណ៍របស់ខេមបូចាបានបញ្ជាក់ថា ក្នុងចំណោមបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌មានកម្ពុជាប្រឈមមុខ និងការភ័យខ្លាចបញ្ហាផ្លូវច្បាប់ នៅតែបន្តជាផ្នែកមួយនៃការងារប្រចាំថ្ងៃ។ ប្រភពដដែលបន្តថា​ អ្នកសារព័ត៌មានតែងតែមានអារម្មណ៍ថា មានការបំភិតបំភ័យឬការគំរាមកំហែងពីសកម្មភាពរបស់រដ្ឋាភិបាល អាចជាសកម្មភាពប៉ូលិសឬសន្តិសុខបញ្ឈប់អ្នកសារព័ត៌មានមិនឱ្យថតហេតុការណ៍ ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានដោយគ្រាន់តែបំពេញការងាររបស់ខ្លួន។

ការបញ្ជាក់បន្ថែមពីរបាយការណ៍នេះក៏បានលើកឡើងពីការវិវត្តដ៏សំខាន់មួយដែលខេមបូចាបានតាមដានក្នុងត្រីមាសទី២ ឆ្នាំ២០២២នេះ រួមមាន ការរឹតបន្តឹងជុំវិញការបោះឆ្នោតឃុំសង្កាត់ ​ការបៀតបៀនអ្នកសារព័ត៌មាន៥នាក់ដែលផ្សាយពីការបោះឆ្នោត និងបញ្ហាអ្នកសារព័ត៌មានជាច្រើននាក់ត្រូវបានរារាំងមិនឱ្យរាយការណ៍ពីកូដកម្មរបស់សមាជិកនិងនិយោជិតរបស់សហជីពណាហ្គាវើលដ៍ ដោយអាជ្ញាធរបង្ខំឱ្យពួកគេបញ្ឈប់ការថត និងលុបរូបថតនិងវីដេអូ ជាដើម។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាដដែល យល់ឃើញថា ការដែលមិនមានអ្នករងគ្រោះថ្នាក់ទាំងផ្លូវកាយនិងផ្លូវចិត្ត អំឡុងពេលបំពេញការងាររបស់អ្នកសារព័ត៌មាន គឺជារឿងសំខាន់។ លើសពីនេះ គ្រប់គ្នាមានសេរីភាពនៃការបញ្ចេញមតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឬមធ្យោបាយផ្សេងទៀត ដោយមិនមានការប៉ះពាល់អ្វីឡើយ។ ក៏ប៉ុន្តែក្នុងត្រីមាសកន្លងទៅ សេរីភាពជាមូលដ្ឋានទាំងនេះត្រូវបានគំរាមកំហែងម្តងទៀត ដោយសារអាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធតុលាការ។ នេះជាការបញ្ជាក់បន្ថែមក្នុងរបាយការណ៍របស់ខេមបូចា៕

អាជ្ញាធរខណ្ឌបានរារាំងក្រុមអ្នកសារព័ត៌មាន អំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
អាជ្ញាធរខណ្ឌបានរារាំងក្រុមអ្នកសារព័ត៌មាន អំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ