ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

រូបសញ្ញាតំណាងស្ថាប័នព្រឹទ្ធសភា។ (ហ៊ាន រង្សី)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវ​ដល់រដ្ឋាភិបាល រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ទម្លាក់​ចោល​នូវគម្រោង​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្ទាន់ និងគួរ​ដោះស្រាយ​បញ្ហាជាតិ​ដែលកំពុង​កើតមានវិញ។

ក្នុង​​សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បាន​​បង្ហាញពីការ​ព្រួយបារម្ភចំពោះរដ្ឋាភិបាល រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលកំពុងជំរុញ​ដំណើរ​ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញថ្មីយ៉ាងប្រញាប់ប្រញាល់ ខណៈពេល​ស្ថានភាពនៅកម្ពុជាកំពុងមានវិបត្តិនយោបាយ​ វិស័យ​សេដ្ឋកិច្ចធ្លាក់ចុះ ទំនិញទីផ្សារនិង​ប្រេងឥន្ធនៈឡើង​ថ្លៃ និង​ភាពអយុត្តិធម៌​សង្គម​កើនឡើង​ ជាដើម។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា រដ្ឋធម្មនុញ្ញបច្ចុប្បន្នមានតម្លៃគ្រប់គ្រាន់ក្នុងការ​ធានាប្រក្រតីភាព និងយន្តការ​ការ​ងារ​របស់ស្ថាប័ន​ជាតិ ដែលពុំគួរមានភាពចាំបាច់ណាមួយ​ក្នុងការកែប្រែរដ្ឋ​ធម្ម​នុញ្ញ ដែលមជ្ឈ​ដ្ឋាន​សាធារណៈមើលឃើញថា កែរដ្ឋធម្មនុញ្ញដើម្បីបំពេញបំណងរបស់​អ្នក​កាន់អំណាចនោះទេ។

ករណីនេះ​ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​អំពាវនាវថា៖ «សូមអំពាវនាវ​រាជរដ្ឋាភិបាល រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ មេត្តាទម្លាក់​ចោល​នូវ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្ម​នុញ្ញនេះ​ជាបន្ទាន់ ហើយ​គួរតែដោះស្រាយ​បញ្ហាជាតិដែលកំពុងប្រឈមនៅចំពោះមុខជាអាទិភាព ដូចជា ការផ្សះផ្សា​នយោបាយជាតិ​ ការ​ដោះស្រាយបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ទំនិញទីផ្សារឡើងថ្លៃ ប្រេង​​ឥន្ធនៈក៏ឡើងថ្លៃ និងដោះស្រាយភាពអយុត្តិធម៌​សង្គម​ជូន​ប្រជាពលរដ្ឋ»។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏យល់ឃើញដែរថា ការកែមាត្រា១២៥ថ្មី បង្ហាញថា ជាការបើកផ្លូវ​ឱ្យមាន​ការចាត់តាំងនាយករដ្ឋមន្ត្រីថ្មី និងបង្កើត​រដ្ឋាភិបាលថ្មី នៅពេលណា​ក៏បាន តាមការ​ចង់បាន​របស់បក្សកាន់អំណាច។

ចំណែកការកែមាត្រា១១៩ថ្មី ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាយល់ឃើញថា ធ្វើឡើង​ជាការបង្កភាពងាយស្រួលក្នុងការ​ចាត់តាំងបុគ្គលណាម្នាក់​ជានាយករដ្ឋមន្ត្រីថ្មី តាមរយៈការប្រគល់អំណាចឱ្យ​គណបក្ស​នយោបាយ​ដែលមានអាសនៈច្រើន​ជាង​គេក្នុងរដ្ឋសភា ជាអ្នកស្នើឱ្យព្រះមហាក្សត្រ​ចាត់តាំងនាយករដ្ឋមន្ត្រីថ្មី ខណៈការ​កែមាត្រាដទៃទៀតបាន​បង្ហាញពីការការពារ​អំណាចរដ្ឋាភិបាលថ្មីមួយ ស្របតាម​ខ្លឹមសារនៃការ​កែប្រែមាត្រា​១១៩ថ្មី និងមាត្រា១២៥ថ្មី។

ការអំពាវនាវរបស់​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានធ្វើឡើង​ក្រោយពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​​រដ្ឋ​សភា​ បាន​​សម្រេច​ប្រគល់សេចក្ដីព្រាងវិសោធន​កម្ម​​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទៅ​ឱ្យ​​គណៈកម្មការ​ជំនាញ​ ដើម្បី​ពិនិត្យសិក្សា ក្រោយ​​ពីរដ្ឋាភិបាលស្នើឱ្យមានការធ្វើវិសោធន​កម្មមាត្រាចំនួន​​៨។

មាត្រា​ទាំង៨ដែលរដ្ឋាភិបាល​ស្នើ​ឱ្យធ្វើវិសោធនកម្មនោះ រួមមាន ​មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា​១១៩ថ្មី(មួយ) និងមាត្រា​១២៥ថ្មី នៃរដ្ឋធម្ម​នុញ្ញ និងមាត្រា៣ថ្មី និងមាត្រា​៤ថ្មី នៃ​ច្បាប់ធម្ម​នុញ្ញ​​បន្ថែម។

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញមុខអះអាងកាលពីថ្ងៃទី១៤ ខែកក្កដា​ តាមរយៈសន្និសីទសារព័ត៌មានមួយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨នោះ ដើម្បីបំពេញសេចក្តីខ្វះ​ចន្លោះនៃរដ្ឋធ​ម្មនុញ្ញដើម​ ដើម្បីឱ្យស្ថា​ប័នកំ​ពូល​រប​​ស់​​​​ជា​តិដំ​​​ណើ​រការទៅដោយ​រលូន ធានាស្ថិរភាព​នយោបា​យ ​និង​កា​រពា​រ​ប្រយោជ​ន៍ជា​តិ​។

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ