ក្រសួង​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ជំរឿន​ទិន្នន័យ​កម្មករ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​នៅ​ដើម​ខែ​ក្រោយ

កម្មការិនីម្នាក់មកទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជូនដល់កម្មករ-កម្មការិនីរោងចក្រ នៅសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹង​ចុះ​ជំរឿននិង​​​ផ្ទៀងផ្ទាត់​ទិន្នន័យ​​ចាក់​វ៉ាក់​សាំងកូវីដ-១៩របស់កម្មករនិយោជិតនៅតាម​រោង​ចក្រ​សហគ្រាស​នានា នៅ​ដើមខែសី​ហា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងតាមរយៈសារលើទំព័រហ្វេស​ប៊ុក​​របស់​លោកនៅថ្ងៃអង្គារ​ម្សិលមិញ​​ថា ការ​បន្តចាក់វ៉ាក់សាំងដូសជំរុញ តាមការកំណត់របស់ក្រសួងសុខាភិបាល នៅតែជាជម្រើសដ៏ល្អបំផុតក្នុងការការពារអាយុជីវិតខ្លួននិងសមាជិកក្រុមគ្រួសារ។ លោក​បន្តថា ក្រសួង​នឹង​ចុះជំរឿននិងផ្ទៀងផ្ទាត់ទិន្នន័យ​ចាក់វ៉ាក់សាំងរបស់កម្មករ។

លោក​ថា៖ «ម្ចាស់ និងអ្នករដ្ឋបាល​រោងចក្រសហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យពាក់ព័ន្ធ​នឹងការចាក់វ៉ាក់សាំង[កូវីដ-១៩]​ ដូស​ជំរុញ​នេះ​ដោយ​ខ្លួន​ឯង មុននឹ​ង​អធិការ​ពេទ្យ​ការ​ងារ និង​អធិការ​ការ​ងារ​ ចុះជំរឿននាដើមខែសីហា ឆ្នាំ២០២២នេះ»។

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេច​ក្ដីជូន​ដំណឹង​​មួយដល់​​​​ម្ចាស់ឬ​នាយក​រោង​ចក្រ​​សហគ្រាស ត្រូវ​សហការជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​រាជធានី-ខេត្ត និងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី-ខេត្ត ណែនាំ​ដល់​កម្មករ​និយោជិត​​​ទៅ​​ចាក់​​វ៉ាក់​​សាំង​​ដូស​ជំរុញ។ ក្រៅពីនោះ ក្រសួង​ក៏បានណែនាំដល់ម្ចាស់រោងចក្រសហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌​មាន​​រោង​ចក្រសហគ្រាស និង​ចំនួនកម្មករនិយោជិត​តាម​រយៈ​គេហទំព័រ lacms.mlvt.gov.kh និង​ត្រូវ​រៀប​ចំ​បង្កើតក្រុមការងារសុវត្ថិភាព និង​សុខភាព​ការ​ងារ​ប្រចាំ​រោង​ចក្រ​ការ​ងារ ​ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​អធិការ​ការ​ងារ​នឹងចុះពិនិត្យលើទិន្ន​ន័យ​នោះ។

ក្រសួងបានបញ្ជាក់ទៀតថា ក្នុងករណីម្ចាស់ឬនាយករោងចក្រ​សហគ្រាសមិនអនុវត្តតាមសេច​ក្តី​ជូន​ដំណឹង​នេះ នឹងត្រូវទទួលរងការពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ពីអធិការការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ