អាមេរិក​ថា កម្ពុជា​មាន​កាតព្វកិច្ច​ទទួល​យក​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក​ត្រលប់​មក​វិញ

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងថា រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចទទួលយកពលរដ្ឋមានដើមកំណើតខ្មែរដែលប្រព្រឹត្តបទល្មើសនៅអាមេរិកឱ្យត្រលប់មកកម្ពុជាវិញ។

ការថ្លែងនេះធ្វើឡើងក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី១៣ ខែកក្កដានេះ ​នៅពេល​អ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី បានសាកសួរអំពីបញ្ហានេះ។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink បានតបនឹងសំណួរ VOD ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែកក្កដា ថាការបណ្ដេញពលរដ្ឋអន្តោប្រវេសន៍ដែលប្រព្រឹត្តបទល្មើសនៅអាមេរិកឱ្យត្រលប់មកប្រទេសកំណើតវិញ មិនមែនជាបញ្ហាដែលកើតឡើងចំពោះតែកម្ពុជាប៉ុណ្ណោះទេ។ លោកថា អាមេរិកក៏បានអនុវត្តនីតិវិធីបែបនេះទៅលើបណ្ដាប្រទេសជាច្រើនទៀតទៅលើពិភពលោកផងដែរ។

យ៉ាងណា លោកថា តាមច្បាប់របស់សហរដ្ឋអាមេរិក ប្រសិនបើជនបរទេសណាម្នាក់ប្រព្រឹត្តបទល្មើសណាមួយនៅក្នុងប្រទេស អ្នកទាំងនោះនឹងត្រូវវិនិច្ឆយដោយចៅក្រមអន្តោប្រវេសន៍អាមេរិក ក្នុងការបណ្ដេញចេញពីអាមេរិក ទៅតាមបទល្មើសដែលពួកគេបានប្រព្រឹត្ត។

មន្ត្រីការបរទេសអាមេរិករូបនេះបន្តថា បើតាមច្បាប់អន្តរជាតិ ប្រទេសទាំងអស់មានកាតព្វកិច្ចទទួលយកជនដែលត្រូវបានបណ្ដេញចេញមកប្រទេសរបស់ខ្លួនវិញ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចទទួលយកពលរដ្ឋខ្លួនដែលប្រព្រឹត្តខុសនៅអាមេរិកឱ្យត្រលប់មកប្រទេសកំណើតវិញ​។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហេង វិចិត្រ)

លោក Daniel J. Kritenbrink មានប្រសាសន៍ថា៖ «ជំហររបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក គឺប្រឈមនឹងបញ្ហាស្រដៀងៗគ្នា នៅពេលដែលចៅក្រមអន្តោប្រវេសន៍សហរដ្ឋអាមេរិក នឹងកំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើស ក្នុងការបណ្ដេញចេញពីសហរដ្ឋអាមេរិក។ នេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកជនល្មើសទាំងនោះត្រលប់មកប្រទេសខ្លួនវិញ»។

បើតាមមន្រ្តីជាន់ខ្ពស់ប្រទេសលោកសេរី​រូបនេះ អាមេរិកទទួលស្គាល់ថា ការបណ្ដេញជនល្មើសមានដើមកំណើតខ្មែរចេញពីអាមេរិកនេះ គឺជារឿងរសើប។

យ៉ាងណា មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះមិនបានតបនឹងសំណួរ VOD ទេ​ នៅពេលសួរថា តើអាមេរិកនឹងពិចារណាទុកជនល្មើសទាំងនោះឱ្យនៅអាមេរិកបន្ត ឬយ៉ាងណា បើស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើងនោះ។

តបតាមសារអេឡិចត្រូនិចអ៊ីម៉ែលមកវីអូឌីនៅថ្ងៃពុធនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Stephanie Arzate បន្ថែមថា ជំហររបស់រដ្ឋាភិបាលអាមេរិក គឺដូចអ្វីដែលឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink បានលើកឡើងដូច្នេះដែរ។ លោកស្រីថា អាមេរិកចង់ឃើញរដ្ឋាភិបាលកម្ពុជាអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ​ដែលបានប្រព្រឹត្តល្មើសទាំងនោះត្រលប់មកវិញ។

លោកស្រីថា៖ «នៅក្នុងកិច្ចប្រជុំរបស់ភាគីរដ្ឋាភិបាលកម្ពុជា ជាមួយឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink មន្ត្រីរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់នូវកាតព្វកិច្ចរបស់ពួកគេក្នុងការទទួលយកពលរដ្ឋរបស់ខ្លួនត្រលប់ទៅកម្ពុជាវិញ»។

យ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កម្ពុជាបានទទួលជនអន្តោប្រវេសន៍ដែលប្រពឹ្រត្តបទល្មើសនៅអាមេរិកមក​ប្រទេសវិញ ប្រមាណ៧០០នាក់ហើយ តាំងពីឆ្នាំ២០០២មក។

លោកថា កម្ពុជានៅតែបន្តទទួលយកពលរដ្ឋខ្មែរទាំងនោះមកវិញ ប៉ុន្តែសង្ឃឹមថា អាមេរិកនឹងពិចារណាលើបញ្ហានេះ ដោយឈរលើរឿងមនុស្សធម៌​។  ​

លោកថា៖ «ហើយសង្ឃឹមថា សហរដ្ឋអាមេរិកដែលជាមហាជឿនលឿននៅលើសកលលោក គាត់មានជាងគេហ្នឹង សូមឱ្យគាត់ប្រកាន់នូវគោលការណ៍មនុស្សធម៌ទៅ ដូចគេថា ធ្មេចភ្នែកមួយចំហៀង បើកមួយចំហៀងទៅ។ ដូចយើងដឹង សហរដ្ឋអាមេរិកហ្នឹងគាត់ជឿនលឿនដោយសារស្អី? ទី១ គឺជនអន្តោប្រវេសន៍ហ្នឹង»។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ថ្លែងប្រាប់ VOD តាមសារតេឡេក្រាមកាលពីម្សិលមិញថា កម្ពុជាបានសហការយ៉ាងពេញលេញជាមួយ​អាមេរិកលើបញ្ហានេះ​។

លោកអះអាងថា ចាប់ពីឆ្នាំ២០០២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កម្ពុជាបានទទួលអ្នកត្រលប់ទៅវិញចំនួន៧៧៤នាក់ ដែលក្នុងនោះមាន១៣០នាក់ ក្នុងឆ្នាំ២០១៨ ព្រមទាំង៣៧នាក់ ក្នុងឆ្នាំ២០១៩ និង ២៥នាក់ ក្នុងខែមករា ឆ្នាំ២០២០។ លោកបន្តថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ បានរារាំងដំណើរការធ្វើមាតុភូមិនិវត្តន៍តាំងពីពេលនោះមក។

លោក ជុំ សន្ទរី បន្ថែមថា ​ប្រទេសទាំងពីរបាន​ចរចាលើអនុសារណៈយោគយល់ ឬ MOU ថ្មីមួយ ហើយកម្ពុជាបានបញ្ជូនត្រលប់ទៅសហរដ្ឋអាមេរិកវិញនូវសេចក្ដីព្រាងចុងក្រោយបង្អស់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ហើយបច្ចុប្បន្ននេះកំពុងតែរង់ចាំការឆ្លើយតប។

មន្ត្រីនាំពាក្យរូបនេះថា ​កម្ពុជាបានធានាដល់ភាគីអាមេរិក អំពីការត្រៀមខ្លួនសម្រាប់បញ្ហាធ្វើមាតុភូមិនិវត្តន៍នោះ ព្រមទាំងបន្តការចរចាលើ MOU ថ្មី នោះផងដែរ។

លោក ជុំ សន្ទរី មានប្រសាសន៍ថា៖ «កម្ពុជាខកចិត្តចំពោះការដែលត្រូវបានចាត់ទុកទាំងអយុត្តិធម៌ថាជាប្រទេស “មិនមានកិច្ចសហការ”។ ដំណើរការធ្វើមាតុភូមិនិវត្តន៍គួរតែនិងត្រូវតែអនុវត្តដោយស្មារតីសហប្រតិបត្តិការ ដោយគោរពគ្នាទៅវិញទៅមក និងគិតគូរពីកង្វល់របស់គ្នាទៅវិញទៅមក»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា លោកមានជំនឿថា ការនាំយកជនអន្តោប្រវេសន៍ដើមកំណើតខ្មែរដែលប្រពឹ្រត្តបទល្មើសនៅអាមេរិកមកកម្ពុជាវិញ លុះត្រាមានការចុះកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងកម្ពុជា។

យ៉ាងណា លោកថា បើសិនកម្ពុជាចង់មានការកែប្រែយ៉ាងណានោះ កម្ពុជាគួរស្នើ​ឱ្យអាមេរិកពិនិត្យពិចារណា។

លោកថា៖ «ហើយបើយើងពិនិត្យមើលនៅក្នុងគោលការណ៍សិទ្ធិមនុស្ស យើងក៏ចង់ឱ្យមានការពិចារណាក្នុងការគិតគូរអំពីអ្នកទាំងអស់ហ្នឹងដែរ បើសិនជាពួកគេមានការកែប្រែខ្លួនពីការប្រព្រឹត្តនូវបទល្មើសមកជាជនដែលល្អ ប្រព្រឹត្តនូវអំពើល្អឡើងវិញបាន អ៊ីចឹងគួរតែគិតដែរក្នុងការប្តេជ្ញាចិត្តអីទាំងអស់ហ្នឹង»។

អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល លើកឡើងថា ការបណ្តេញជនប្រព្រឹត្តល្មើសចេញពីអាមេរិកនេះ គឺជាគោលនយោបាយរបស់ប្រទេសមហាអំណាចមួយនេះ និងស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក។

លោក សុផល ថាមន្ត្រីកម្ពុជាមិនបានឆ្លើយតបឱ្យបានត្រឹមត្រូវចំពោះការដាក់សម្ពាធពីអាមេរិក ​ពាក់ព័ន្ធលក្ខខណ្ឌសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ដោយសារតែកម្ពុជាខ្វះ​ការទទួលខុសត្រូវ​។

លោក អៀ សុផល ថា៖ «មន្ត្រីរដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបឱ្យបានត្រឹមត្រូវចំពោះការដាក់សម្ពាធពីអាមេរិកលើកម្ពុជាទាំងមូល ពាក់ព័ន្ធលក្ខខណ្ឌសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ដោយសារតែពួកគេខ្វះនូវការទទួលខុសត្រូវទាំងស្រុង។ ប៉ុន្តែនៅពេលរដ្ឋាការរបស់ប្រធានាធិបតី Trump បានផ្អាកការផ្ដល់ទិដ្ឋាការ ទើបមន្ត្រីកម្ពុជាទាំងនោះងាកមកចាប់អារម្មណ៍។ មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញការស្អប់ខ្ពើមអាមេរិកជាសាធារណៈ ប៉ុន្តែស្រឡាញ់អាមេរិកជាលក្ខណៈបុគ្គល។ វាចាំបាច់ក្នុងការជំរុញឱ្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពប្រសើរឡើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ