ស្ថានទូតអាមេរិក និងសង្គមស៊ីវិល បន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែង កញ្ញា សេង ធារី

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា និងសង្គមស៊ីវិល បន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងមេធាវីសញ្ជាតិ អាមេរិកដើមកំណើតខ្មែរ កញ្ញា សេង ធារី ឱ្យមានសេរីភាព ដែលគិតត្រឹមថ្ងៃព្រហស្បិ៍នេះ កញ្ញាបានជាប់ពន្ធ ធនាគាអស់រយៈពេល៣៨ថ្ងៃហើយ។

មេធាវីការពារក្ដី កញ្ញា សេង ធារី លោក ជូង ជូងី ឱ្យដឹងថា បច្ចុប្បន្នកូនក្តីរបស់លោកមានសុខភាពល្អ និងនៅតែចង់ផ្លាស់ប្ដូរមកពន្ធនាគារភ្នំពេញដដែល ខណៈអង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិមនុស្ស រួមទាំងស្ថានទូតអាមេរិប្រចាំកម្ពុជាបន្តទាមទារឱ្យដោះលែងកញ្ញា និងគ្រប់សកម្មជនដែលកំពុងជាប់ឃុំឃាំង និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីផ្ដន្ទាទោសលើប្រជាពលរដ្ឋខ្មែរដោយគ្រាន់តែប្រើប្រាស់សេរីភាពជាមូលដ្ឋានរបស់ខ្លួនក្នុងការតស៊ូមតិដោយសន្តិវិធី។

លោក ជូង ជូងី បានលើកឡើងថា​ស្ថានភាពសុខភាពរបស់កញ្ញា សេង ធារី មានភាពរឹងមាំល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត​ និងនៅតែមានឆន្ទៈចង់ជួយសង្គមកម្ពុជាដដែល។ បើតាមមេធាវីរូបនេះបានបញ្ជាក់ កញ្ញា សេង ធារី មិនទាន់ចង់ផ្លាស់ប្ដូរពន្ធនាគារមករាជធានីភ្នំពេញភ្លាមៗនៅឡើយទេ ដោយសារតែកញ្ញាថាស្ថានភាពពន្ធនាគារនៅខេត្តព្រះវិហារមានភាពប្រសើរជាងនៅក្នុងពេលនេះ។

លោកថា៖«គាត់ចង់ផ្លាស់មកតែអត់ទាន់សម្រេចចង់មកភ្លាមៗនោះទេ​ តាមខ្ញុំពិនិត្យមើល​ស្ថានភាពនៅទីនេះមានភាពល្អជាងនៅភ្នំពេញ គ្រាន់តែនៅទីនោះឯកោតិច សាច់ញាត្តិ និងមេធាវីអីពិបាកទៅ ព្រោះនៅឆ្ងាយ​»។

នាយិកាប្រតិបត្តិមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា អង្គការអ្នកស្រី​កំពុងតែតាមដានលើករណីនេះ និងបានផ្ដល់ជំនួយតាមផ្លូវច្បាប់ដែលរួមមានមេធាវីជាដើម និងកំពុងស្នើទៅកាន់ក្រសួងមហាផ្ទៃដើម្បីចូលជួបកញ្ញា សេង ធារី នៅក្នុងពន្ធនាគារ។

លោកស្រីថា៖«ករណីនេះយើងនៅតែតាមដាន​ករណីរបស់គាត់​ ហើយយើងក៏បានផ្ដល់ជំនួយមេធាវីទៅកាន់កញ្ញា សេង ធារី ផងដែរ​ ហើយធ្វើយ៉ាងម៉េចដើម្បីឱ្យមេធាវីមានលទ្ធភាព​ក្នុងការទៅជួបគាត់​»។

លោកស្រី ចក់ សុភាព បន្តថាទាំងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គាការសង្គមស៊ីវិលផ្សេងទៀតនៅតែបន្តសហការ​ប្រើប្រាស់វិធានការផ្សេងៗ​តស៊ូមតិទាមទាររកសេរីភាពឱ្យកញ្ញា សេង ធារី ព្រោះលោកស្រីថា កញ្ញា សេង ធារី បានបង់សេរីភាពដោយសារតែការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់ហើយ ថែមទាំងត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារនៅតំបន់ឆ្ងាយបន្ថែមទៀត ដែលធ្វើឱ្យកញ្ញា សេង ធារី មានការពិបាកជួបសាច់ញាតិ ឬក៏មេធាវី។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី ស្តេហ្វានី អាហ្សេតេ (Stephanie Arzate) ប្រាប់វីអូឌីតាមសារអេឡិចត្រូនិចអ៊ីម៉េល (Email) នៅថ្ងៃនេះថា មន្រ្តីរបស់ស្ថានទូតអាមេរិបានទៅជួបកញ្ញា សេង ធារី នៅក្នុងពន្ធនាគាររួចមកហើយ។​ លើសពីនេះ លោកស្រីថា ស្ថានទូតនឹងបន្តតាមដាន ស្ថានភាពករណីពលរដ្ឋខ្មែរអាមេរិរូបនេះយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាការផ្ដល់សេវាប្រឹក្សាយោបល់ផងដែរ។

លោកស្រី ស្តេហ្វានី អាហ្សេតេ ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Daniel J.Kritenbrink មកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ មន្រ្តីការទូតជាន់ខ្ពស់អាមេរិករូប នេះក៏បានលើកការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សជាមួយមន្រ្តីនៃរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដេរ។

លោកស្រីថាសហរដ្ឋអាមេរិកនៅតែបន្តអំពាវអំនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការកាត់ទោសពលរដ្ឋខ្មែរភ្ជាប់ទៅនឹងរឿនយោបាយដោយសារតែពួកគេគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។

អ្នកស្រី Stephanie ថា៖«យើងនៅតែលើកឡើងអំពីក្ដីបារម្ភចំពោះបញ្ហាសិទ្ធិមនុស្សនៅក្នុងកិច្ចប្រជុំទាំងអស់ជា មួយមន្រ្តីកម្ពុជា ដូចដែលយើងបានធ្វើអំឡុងពេលទស្សនកិច្ចរបស់ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Kritenbrink»។

ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការអំពាវនាវរបស់​អង្គការ សង្គមស៊ីវិល ឬស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានេះគឺជារឿងមិនអាចទៅរួចនោះទេ ប៉ុន្តែលោកជំរុញឱ្យមាន ការចូលរួមសហការជាមួយតុលាការកម្ពុជាក្នុងការបង្ហាញភស្តុតាងបញ្ជាក់ថាគ្មានកំហុស។ លោកថ្លែងការពារថា តុលាការកម្ពុជាមិនដែលប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីផ្តន្ទាទោសលើពលរដ្ឋកម្ពុជាដោយគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាននោះទេ។

លោកថា៖«ចង់ទាមទារដោះលែង ទាល់តែចូលរួមជាមួយតុលាការ​ ហើយការពារតាមនីតិវិធីច្បាប់​ ព្រោះគាត់រងបទចោទពីតុលាការ​ ចឹងមានតែតុលាការអាចដោះលែង​ គ្មាននរណាអាចបញ្ជាតុលាការដោះលែងបាន​ ទាល់តែយើងចូលរួមការពារក្ដីដើម្បីឱ្យរួចពីបទចោទនេះគឺច្បាប់កម្ពុជាគឺចឹង»។

សមត្ថកិច្ចបានបញ្ជូនខ្លួនកញ្ញា សេង ធារី ទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំកាលពីពាក់កណ្ដាលខែមិថុនា ខណៈមេដឹកនាំនិងអ្នកគាំទ្របក្សប្រឆាំងប្រមាណ៥០នាក់ផ្សេងទៀតត្រូវបានកាត់ទោសចន្លោះពី៥ទៅ៨ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់»។

ក្រោយពីការចាប់ខ្លួនកញ្ញា សេង ធារី មួយថ្ងៃ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានលើកឡើងថា ស្ថាប័នអន្តរជាតិមួយនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំង និង​ពលរដ្ឋអាមេរិកដើមកំណើតខ្មែរ កញ្ញា សេង ធារី ដើម្បីធានាថាការកាត់ក្ដីប្រព្រឹត្តទៅដោយយុត្តិធម៌និងស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ