តុលាការ​កំពូល​សម្រេច​ឱ្យ​អ្នកស្រី ប៉ែន មុំ សកម្មជន​បក្សសង្រ្គោះជាតិ​ជាប់​ពន្ធនាគារ​៣ឆ្នាំ

អតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោកស្រី ប៉ែន មុំ ចាកចេញពីតុលាការកំពូលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (អ៊ូច សូនី)

តុលាការកំពូល នៅព្រឹកថ្ងៃសុក្រនេះ បានប្រកាសសាលដីកាសម្រេចឱ្យអ្នកស្រី ប៉ែន មុំ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ នៅឃុំកណ្ដាល ខេត្តកំពត បន្តជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។  

ការសម្រេចរបស់តុលាការកំពូលនៅពេលនេះ គឺជាការរក្សាសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដោយកន្លងទៅ បានផ្ដន្ទាទោសអ្នកស្រី ប៉ែន មុំ ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។

អ្នកស្រី ប៉ែន មុំ ដែលរហូតដល់ពេលនេះបានជាប់ពន្ធនាគារអស់រយៈពេលជិតពីរឆ្នាំមកហើយនោះ ត្រូវបានតុលាការខេត្តកំពតចោទប្រកាន់ពីបទ​​​ «រួមគំនិតក្បត់» ដោយថា អ្នកស្រីបានគាំទ្រដំណើរមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលបានចូលរួមឃ្លាំមើលអង្គសវនាការនៅព្រឹកនេះ បានលើកឡើងថា​ អ្នកស្រី ប៉ែន មុំ គឺជាអ្នកនយោបាយម្នាក់​ដែលបានបញ្ចេញមតិ តែត្រូវបានតុលាការចោទ​ប្រកាន់​និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារនេះ ​ហាក់មិនស្របនឹងផ្លូវច្បាប់នោះទេ​ តែជាការធ្វើទុក្ខបុកម្នេញនយោបាយច្រើនជាង​។

លោកថា៖ «សម្រាប់យើង ជាការយល់ឃើញ​ សម្រាប់សកម្មជននយោបាយ​ និងដំណើរការនីតិវិធីផ្លូវច្បាប់នេះ​ យើងឃើញ​វាមិនមែនជាការអនុវត្តច្បាប់អ្វីទេ​ ដែលយើងតែងតែនិយាយថាជាការធ្វើទុក្ខបុកម្នេញ​ច្រើនជាងការអនុវត្តច្បាប់»។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីមេធាវីការពារសិទ្ធិរបស់អ្នកស្រី ប៉ែន មុំ គឺលោក សំ សុគង់ បានទេ នៅថ្ងៃសុក្រនេះ។

អ្នកស្រី ប៉ែន មុំ គឺជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំ សមាជិក សកម្មជន និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ជាង១០០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាំងពីឆ្នាំ២០១៩ ហើយអ្នកទាំងនោះភាគច្រើនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចជា ការរួមគំនិតក្បត់ និងការវាយប្រហារប្រឆាំងរដ្ឋាភិបាល ខណៈជា​ច្រើននាក់ផ្សេងទៀតកំពុងនៅ​ក្រៅ​ប្រទេស និង​មិន​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារឡើយ។

នៅក្នុងការកាត់ទោសទ្រង់ទ្រាយធំ កាលពីខែមិថុនា ឆ្នាំ២០២២ មន្រ្តី សមាជិក និងសកម្មជន គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយជាង៥១នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦ដល់៨ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ