សមាជិក​សភា​អាស៊ាន​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​គឺ​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ រៀបចំដោយរដ្ឋសភា លើរបៀបវារៈចំនួន៥ ក្នុងនោះក៏លើកឡើងអំពី «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

សមាជិក​សភា​អាស៊ានដើម្បីសិទ្ធិមនុស្ស ឬហៅកាត់ថា APHR បានសម្ដែងការព្រួយបារម្ភចំពោះការស្នើឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយពួកគេចាត់ទុកថា វាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

ការលើកឡើងនេះ គឺតាមរយៈសេចក្ដីថ្លែងការណ៍របស់ APHR កាលពីថ្ងៃទី២៧ ខែកក្កដា គឺមួយថ្ងៃ មុនពេលរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបើកអង្គប្រជុំ ដើម្បីពិភាក្សានិងអនុម័តទៅលើសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសមួយនេះ។

APHR កត់សម្គាល់ថា ក្នុងចំណោមមាត្រានៃសំ​ណើ​​​ធ្វើ​​​វិ​​សោ​ធ​ន​ក​​ម្មនោះ គេសង្កេតឃើញមានការស្នើឱ្យមានការចាត់តាំង​វរជនជា​នាយករដ្ឋមន្ត្រី ដោយមិនមានការឯកភាពពីប្រធាន និង​អនុប្រធានរដ្ឋសភាផងដែរ ដែលពួកគេយល់ថា វាអាចនឹងត្រួសត្រាយផ្លូវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្ទេរអំណាចឱ្យទៅកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានយ៉ាងងាយស្រួល។

ទាក់ទិននឹងករណីនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និងជាអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «រដ្ឋាភិបាលអះអាងថា ចេតនានៃការកែ​ប្រែ [រដ្ឋធម្ម​នុញ្ញ] នេះ គឺដើម្បីធានាឱ្យបាលនូវរដ្ឋាភិបាលមួយដែលដំណើរការទៅដោយរលូន ប៉ុន្តែក្នុងចំណុចនៃការស្នើនេះភាគច្រើន គឺត្រូវបានរៀបចំឡើង គឺដើម្បីតែពង្រឹងអំណាចរបស់លោក ហ៊ុន សែន និងបក្ខពួករបស់លោកតែប៉ុណ្ណោះ តាមរយៈការផ្ដល់អំណាចបន្ថែមដល់អង្គនីតិប្រតិបត្តិ ដែលនាំឱ្យខូចខាតដល់អង្គនីតិប្បញ្ញត្តិ»។

ប្រភពដដែលបន្ថែមថា៖ «ប្រសិនបើការធ្វើ​​​វិ​​សោ​ធ​ន​ក​​ម្មនេះត្រូវបានយល់ស្រប នោះវាគ្មានអ្វីក្រៅពីការជាន់ឈ្លីដំណើរការប្រជាធិបតេយ្យ និងសិទ្ធិពលរដ្ឋខ្មែររាប់លាននាក់ដោយលោក ហ៊ុន សែន ឡើយ ក្នុងការពង្រឹង [អំណាច] ដល់គ្រួសារ និងអ្នកដទៃដែលបានទទួលផលប្រយោជន៍ពីអំពើពុករលួយដែលកំពុងតែរីករាលដាលនៅក្រោមការគ្រប់គ្រងរបស់លោក»។

APHR កត់សម្គាល់ទៀតថា ចំណុចដែលគួរឱ្យព្រួយបារម្ភជាងគេក្នុងចំណោមការធ្វើ​​​វិ​​សោ​ធ​ន​ក​​ម្មនេះ គឺត្រង់មាត្រា១១៩ ស្ដីពីការតែងតាំងនាយករដ្ឋមន្ត្រី​​ ដែលពួកគេយល់ថា ជាការ​ផ្ដល់​សិទ្ធិអំ​ណាចឱ្យទៅ​គ​ណ​ប​ក្សដែ​​​លមា​នសំឡេង​ឆ្នោតនាំមុខគេ ជាអ្ន​កស្នើផ្ទាល់​ទៅព្រះមហា​ក្ស​ត្រ ដើម្បីចា​ត់តាំងនា​យ​ករ​ដ្ឋម​ន្ត្រី​​ ដោយមិនចាំបាច់ឆ្លងកាត់ការដេញដោលមតិនៅក្នុងរដ្ឋសភា។

ជាមួយគ្នានេះ សមាជិកសភាអាស៊ានក៏បានសម្ដែងការបារម្ភថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះបានផ្ដល់សិទ្ធិអំណាចទៅឱ្យនាយករដ្ឋមន្ត្រីតែងតាំងតំណែងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន និងក៏បានធ្វើការកត់សម្គាល់អំពីការប​ង្កើន​ចំនួនសមាជិកស​​​ភា​​​ពី​ចំនួ​ន៣០នាក់ ដល់៤២នា​ក់ ក្នុងការធ្វើញត្តិបន្ទោសផងដែរ។

ពួកគេរិះគន់ដែរថា ការធ្វើវិសោធនកម្មសំខាន់ៗទាំងនេះត្រូវបានរដ្ឋាភិបាលសម្រេចដោយខ្លួនឯងទាំងស្រុង និងមិនមានការឆ្លងកាត់ការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល ឬគណបក្សនយោបាយផ្សេងទៀតនោះឡើយ។

លោក កាស៊ីត ភិរម្យ បន្តថា៖ «ស្របពេលដែលប្រទេសកម្ពុជាឆ្ពោះទៅរកការបោះឆ្នោតសកលនៅឆ្នាំក្រោយ វាគឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ជាមួយនឹងការកែប្រែទាំងនេះ គឺលោក ហ៊ុន សែន ចង់ធ្វើឱ្យប្រាកដថា គណបក្សរបស់លោកនឹងនៅតែស្ថិតក្នុងការគ្រប់គ្រងបាន តាមរយៈការដាក់ឧបសគ្គជាច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីរារាំងដល់គណបក្សប្រឆាំង ក្នុងនោះ រួមមានទាំងការបង្កើនចំនួនអ្នកតំណាង ដើម្បីដកឥទ្ធិពលគណបក្សប្រឆាំងនៅក្នុងសភាផងដែរ»។

លោកថា៖ «វិសោធនកម្មទាំងនេះក៏ជាការបង្ហាញឱ្យឃើញពីការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងដំណើរការបោះឆ្នោតដែលលោក ហ៊ុន សែន និងគណបក្សរបស់គាត់បានចូលរួមជាច្រើនឆ្នាំមកហើយផងដែរ»។

APHR កត់សម្គាល់ដែរថា ការ​ស្នើកែ​រដ្ឋធម្មនុញ្ញ​​នេះធ្វើឡើង​ភ្លាមៗ​បន្ទាប់ពីការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ ហើយក៏កើតឡើងក្នុងរយៈពេល៧ខែ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានបោះឆ្នោត ជ្រើសរើសជាអនាគតបេក្ខភាព​នាយក​រដ្ឋមន្ត្រី​​របស់​គណបក្ស​ប្រជាជន​កម្ពុជាផងដែរ ដែលករណីនេះ APHR យល់ថា អាចជាការត្រួសត្រាយផ្លូវឱ្យលោក ហ៊ុន ម៉ាណែត បន្តស្នងតំណែងពីឪពុករបស់លោកនៅពេលអនាគត។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់បានថ្លែង​ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨នោះ ដើម្បីបំពេញសេចក្តីខ្វះ​ចន្លោះនៃរដ្ឋធ​ម្មនុញ្ញដើម​ ដើម្បីឱ្យស្ថា​ប័នកំ​ពូល​រប​​ស់​​​​ជា​តិដំ​​​ណើ​រការទៅដោយ​រលូន មិនជាប់គាំង និងធានាស្ថិរភាព​នយោបា​យ ​និង​កា​រពា​រ​ប្រយោជ​ន៍ជា​តិ​។

នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីព្រឹកមិញនេះ លោក កើត រិទ្ធ ក៏បានថ្លែងបកស្រាយបន្ថែមអំពីគោលបំណងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ ដោយអះអាងថា ធ្វើឡើងស្របទៅតាមនីតិវិធី និងគោរពទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ក្រៅពីនោះ លោកក៏បានឆ្លើយតបចំពោះការរិះគន់របស់គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលប្រឆាំងទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ។ លោកចាត់ទុកការអះអាងរបស់បក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាប់នោះឡើយ។ បែបនេះក្តី បក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅតែលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយសភាឯកបក្សនៅពេលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ