តុលាការ​កំពូល​តម្កល់​សាលដីកា​សំណុំរឿង «ញុះញង់» លើ​យុវជន​ចលនា​មាតា​ធម្មជាតិ​៣នាក់​ទុក​ជា​បាន​ការ

យុវជន​មាតា​ធម្មជាតិ​ទាំង​៣នាក់ រួម​មាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ក្នុងថ្ងៃសវនាការតុលាការកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការ​កំពូល នៅថ្ងៃសុក្រនេះ បាន​តម្កល់សាលដីកាសាលាឧទ្ធរណ៍​លើសំណុំរឿង «ញុះញង់បង្កឱ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» លើយុវជនចលនា​​​មាតាធម្មជាតិ ៣នាក់ ទុកជាបានការដដែល។

យុវជនចលនា​​មាតា​ធម្មជាតិ​ទាំង​៣នាក់ រួម​មាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបាន​តុលាការជាន់ទាប​កាត់ទោសជាប់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ​ ​កាល​ពី​ខែ​ឧសភា ឆ្នាំ២០២១ ក្រោម​​បទចោទ​​ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប្រព្រឹត្ត​កាលពីអំឡុង​ឆ្នាំ២០១៣ ដល់ឆ្នាំ​២០២០បន្ទាប់ពីពួកគេ​​បានធ្វើសកម្មភាពរិះគន់បញ្ហាបរិស្ថាន​នៅ​កម្ពុជា ដូចជា ការលុបបឹងតាមោក ការបង្ហូរទឹកស្អុយដោយគ្មានបច្ចេកទេស បញ្ហាសំរាម ដើម្បីទាមទារ​ឱ្យថ្នាក់ដឹកនាំដោះស្រាយ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន បានប្រកាសនៅក្នុងសវនាការ​នៅថ្ងៃសុក្រនេះ ដោយ​​​បដិសេធ​បណ្ដឹង​សា​ទុក្ខរបស់​មេធាវី​ការពារក្ដីឱ្យយុវជនមាតាធម្មជាតិ និងសម្រេច​តម្កល់​សាល​ក្រម​របស់​សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ទុកជាបានការដដែល។

កញ្ញា ភួន កែវរស្មី មានប្រសាសន៍នៅមុខតុលាការ​កំពូល​​នៅព្រឹកនេះថា ការសម្រេចរបស់តុលាការកំពូលនៅពេល​នេះធ្វើឱ្យពួកគាត់​នៅ​ជាប់​ទោស​ បើទោះបីជាបច្ចុប្បន្នបាននៅក្រៅឃុំបណ្ដោះអាសន្នក៏ដោយ។ កញ្ញាចាត់ទុក​ការ​សម្រេចនេះថាជារឿងអយុត្តិធម៌ ខណៈដែលពួកគេមិនបានប្រព្រឹត្តកំហុសដូចការ​ចោទ​ប្រកាន់។

កញ្ញាបានលើកឡើងថា៖ «ពួកយើងនៅតែនិយាយដដែលអ៊ីចឹង ពួកយើងជាជនស្អាតស្អំ ហើយ​យើងគិតថា យើងមានសង្ឃឹមចំពោះតុលាការ​កំពូលហើយ​បានយើងខំដើរឱ្យ​អស់នីតិវិធី ដោយសង្ឃឹមថាខ្លួនឯង​បានទទួលយុត្តិធម៌ ប៉ុន្តែឥលូវយើងនៅតែរងនូវអំពើអយុត្តិធម៌ដដែលពីខាងតុលាកា​រកំពូល​ ដែលសម្រេច​ឱ្យពួកយើងនៅមានបទចោទ ហើយនិងនៅក្រៅឃុំដោយ​មានទាំង​បទល្មើស រួមគំនិតក្បត់ផង ហើយនិងញុះញង់ផង ហើយ​មួយទៀតយើងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ[របស់តុលាការ]​ទៀត»។

កញ្ញា ភួន កែវរស្មី នៅតែបញ្ជាក់ដដែលថា សកម្មភាពរបស់ពួកគាត់នាពេលកន្លងមក គឺធ្វើឡើងក្នុងគោលបំណង​ការពារ​ធនធាន​ធម្មជាតិ ដែលជា​ប្រយោជន៍រួម​សម្រាប់​ប្រទេស​ជាតិ ហើយ​ការ​ស៊ើបអង្កេត​នោះទៀតសោត ក៏ធ្វើឡើងដោយមានប្រភពច្បាស់លាស់ និង​ពុំ​មានចេតនា​ណា​មួយ​ទៅញុះញង់បង្កឱ្យ​ប៉ះពាល់ដល់សង្គមឬស្ថាប័នណាមួយ​នោះដែរ។

បើទោះមានបទចោទនៅតុលាការ​ កញ្ញា រស្មី និយាយថា ពួកគេ​នៅតែបន្តសកម្ម​ភាព​នានា ដើម្បី​ការពារ​បរិស្ថាន​ ធនធានធម្មជាតិ និង​​ធ្វើយុទ្ធនាការ​នានា ដើម្បីទាមទារឱ្យ​មាន​ការ​ទម្លាក់​បទចោទទៅលើពួកគេ។

នាយកទទួលបន្ទុកកិច្ចការទូទៅ ​នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បង្ហាញ​​ការ​​សោក​ស្តាយ​ចំពោះកា​រ​សម្រេច​របស់​តុលាការ​កំពូល ជុំវិញសំណុំរឿងរបស់​យុវជន​ទាំង៣នាក់នៃចលនាមាតាធម្មជាតិ។ លោកសង្កេតឃើញថា​​ យុវជនទាំងនោះបានចូលរួម​យ៉ាង​សកម្មនៅ​ក្នុងកិច្ចគាំពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងបាន​លើក​ពី​បញ្ហាប្រឈម​​ជា​រួម​​របស់​​ទាំង​អស់​គ្នាម​ក​បង្ហាញ ដើម្បីជំរុញឱ្យមានដំណោះស្រាយ ដែលករណី​នេះ ស័ក្តិសម​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត។

លោកថា៖ «យុវជនទាំងអស់ហ្នឹង គាត់បំពេញការងារជាអ្នកបរិស្ថាន ដើម្បីជួយការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាយើង អ៊ីចឹងមិនគួរណាត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោសពួកគាត់ទេ។ […] សកម្មភាពរបស់យុវជនការពារបរិស្ថានកន្លងមក វាគួរតែទទួលបាននូវការគាំទ្រ និងការកោតសរសើរ ដើម្បីឱ្យមានការចូលរួមសស្រាក់សស្រាំងនៅក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិហ្នឹង»។

មន្ត្រីសង្គមស៊ីវិលរូបនេះថា យុវជនបរិស្ថានទាំងនេះមិនគួរណារងការចោទប្រកាន់ គំរាមកំហែង​ និងបំភិតបំភ័យបែបនេះឡើយ បើទោះបច្ចុប្បន្ន​ពួកគេ​បាននៅក្រៅឃុំក៏ដោយ​ ប៉ុន្តែ​ពួកគេ​ក៏​នៅ​តែ​ស្ថិត​​ក្រោម​យុត្តាធិការរបស់តុលាការដដែល។

គួរបញ្ជាក់ថា ក្រៅពីការ​ជាប់ទោសពាក់ព័ន្ធនឹងបទញុះញង់នេះ យុវជនចលនាមាតាធម្មជាតិ​ទាំង​៣រូបក៏នៅជាប់បណ្តឹងមួយទៀតនៅសាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធ​នឹងបទ «រួមគំនិតក្បត់» ផងដែរ ដែលមកដល់ពេលនេះ តុលាការ​នៅមិនទាន់បើកសវនាការនៅឡើយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ