ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​អះអាង​ថា ផ្លូវ​មួយ​ខ្សែ​ក្នុង​តំបន់​ត្រូវ​បាន​បិទ​ដោយ​ក្រុមហ៊ុន​មួយ

ផ្លូវ​មួយ​ខ្សែនៅក្នុង​ភូមិ​ពូឡេះ ត្រូវបានអះអាងថាមានក្រុមហ៊ុនមួយឈូសឆាយ និងដាក់របងព័ទ្ធជុំវិញទៀតផង ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (បូរ៉េត កំពី)

ពលរដ្ឋនៅខេត្តមណ្ឌលគិរី អះអាង​ថា ផ្លូវមួយខ្សែនៅក្នុងតំបន់ត្រូវបានបិទដោយម្ចាស់ដីឯកជន ប៉ុន្តែ​ពួកគាត់​មិនច្បាស់ថាអ្នកណាជាអ្នកនៅពីក្រោយការអភិវឌ្ឍនោះទេ ខណៈ​អាជ្ញាធរ​ឃុំ​ថា​មិនបានដឹងរឿងនេះ។

លោក បូរ៉េត កំពី ប្រជាពលរដ្ឋរស់​នៅឃុំដាក់ដាំ ស្រុកអូររាំង បាន​និយាយ​កាលពីថ្ងៃសុក្រថា កាល​ពី​ដើម​ខែ​នេះ មាន​ក្រុម​ហ៊ុន​អភិវឌ្ឍន៍មួយបានឈូសឆាយផ្លូវ​មួយ​ខ្សែនៅក្នុង​ភូមិ​ពូឡេះ ទៅកាន់​ដីមួយកន្លែងដែលកំពុងឈូសឆាយ និងបានសាងសង់របងបិទ​ផ្លូវ។

លោក កំពី បន្តថា ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវមួយខ្សែនេះជាយូរមកហើយ។

នៅពេលសួរអំពីភាពស្របច្បាប់នៃរបងនេះ គាត់និយាយថា ផ្លូវនេះគឺជាទ្រព្យសម្បត្តិសាធារណៈ។

លោកបន្តថា៖ «ផ្លូវនេះគឺសម្រាប់បម្រើផលប្រយោជន៍សាធារណៈ»។

លោកបន្ថែមទៀត​ថា របងនេះត្រូវបានសាងសង់បន្ទាប់ពីពលរដ្ឋផ្ទុះ​ការ​តវ៉ាកាលពីខែឧសភា ពីព្រោះពួកគេបានឃើញគេយក​គ្រឿងចក្រឈូសឆាយចូលក្នុងតំបន់នេះ។

អ្នក​ភូមិ​ម្នាក់​ទៀតឈ្មោះ ច្រូត ខ្លូត ​បាន​និយាយ​​ថា លោក​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​អភិវឌ្ឍនោះ​​ទេ។ លោកបង្ហាញ​ការខកចិត្តចំពោះ​​ការ​បិទ​ផ្លូវ​នេះ ខណៈបច្ចុប្បន្ន អ្នកភូមិ​ត្រូវ​ចំណា​យ​ពេល​​យូរ​​ក្នុង​​ការ​​ធ្វើ​ដំណើរ​ក្នុង​តំបន់នេះ។

ទោះ​យ៉ាង​ណា លោក​ថា មាន​ផ្លូវ​វាង​ថ្មី​មួយ​ទៀត ដែលមិនសូវពិបាកក្នុងការធ្វើដំណើរនោះទេ។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​ក្រសួង​រៀបចំដែនដី ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ឡើយ។

មេ​ឃុំ​ដាក់ដាំ លោក ចាស់ ណា មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ មិន​​ថា​ការ​​បិទ​​ផ្លូវ ការ​​សាងសង់​ផ្លូវ​វាង​ថ្មី ឬ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​សាលា​ឃុំ កាល​ពី​ខែ​ឧសភា។

លោកថា៖ «ខ្ញុំមិនទាន់បានទៅទីនោះទេ។ នរណាប្រាប់អ្នកអំពីរឿងនេះ? រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដឹងអ្វី​អំពីរឿងនោះទេ។ បើខ្ញុំដឹង ខ្ញុំនឹងប្រាប់អ្នក»។

លោកបន្តថា៖ «មិនចាំបាច់និយាយអំពីរឿងនេះទេ។ ប្រសិន​បើ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ ពួក​គេ​​ដាក់​ពាក្យ​បណ្ដឹងទៅ»។

លោក កំពី ជាពលរដ្ឋនៅក្នុងឃុំនេះ បាន​លើកឡើងពីភាពព្រងើយកន្តើយ​របស់អាជ្ញាធរឃុំ ដោយ​ថា ប្រជាពលរដ្ឋ​ប្រមាណ២០នាក់បាន​តវ៉ា​នៅ​ខាង​​ក្រៅ​សាលា​ឃុំ​ កាល​ពី​ខែ​ឧសភា ហើយ​បាន​ជួប​មេឃុំ លោក ចាស់ ណា។

លោកបន្តថា៖ «​តើ​គាត់​ធ្វើ​ការដើម្បីអ្វី ​បើ​គាត់​មិន​ដឹង? អ៊ីចឹងគាត់ធ្វើការទាំងមិនដឹងអ្វីសោះ? តើប្រជាពលរដ្ឋបានទៅ​ជួប​នរណា​នៅ​សាលា​ឃុំ?»

លោក អ៊ាង វុទ្ធី នាយកផ្នែកសិទ្ធិដីធ្លី នៃអង្គការសមធម៌កម្ពុជា មានប្រសាសន៍ថា ប្រសិនបើប្រជា​ពលរដ្ឋប្រើប្រាស់ផ្លូវនេះជាយូរមកហើយ គួរតែប្រគល់ឱ្យពួកគាត់វិញ។ លោក​បន្តថា ចំពោះការ​អភិវឌ្ឍ​ណាមួយ គួរតែមានកិច្ចព្រមព្រៀង​ និងមានការ​ចូលរួមពីប្រជាពលរដ្ឋ។

លោក​បន្ត​ថា៖​ «យោងតាមច្បាប់ ​ប្រសិនបើ​ផ្លូវនេះ​ជា​ផ្លូវ​សាធារណៈ​ដែល​ប្រជាពលរដ្ឋប្រើប្រាស់ជា​យូរ​មក​ហើយ យើង​មិន​អាច​បិទ​ផ្លូវនេះបានឡើយ​។ ពួកគេ​ត្រូវ​បើក​ផ្លូវនេះវិញ​ឱ្យប្រជាពលរដ្ឋ។ វា​ជា​ទ្រព្យសម្បត្តិ​សាធារណៈ។ យើង​ក៏​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់នៃការបិទផ្លូវចំពោះ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋដែរ»៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Mondulkiri Road Blocked by Private Development, Residents Say

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ