ប្រធាន​​សភា​​អាមេរិក​ ​លោក​ស្រី​ ​ផេ​ឡូ​ស៊ី​ ​​បាន​ទៅ​ដល់​កោះ​តៃវ៉ាន់​ហើយ

​លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក។ (ហ្វេសប៊ុក៖ Nancy Pelosi)

ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi)បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ហើយនៅយប់ថ្ងៃអង្គារនេះ។ នេះបើតាមកាសែត The New York Times ចេញផ្សាយនៅថ្ងៃអង្គារនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយភ្លាមៗ បន្ទាប់ពីការទៅដល់របស់ខ្លួន ប្រធាន​សភាសហរដ្ឋ​អាមេរិករូបនេះបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាមួយដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់អាមេរិកក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។

លោកស្រីបន្តថា៖ «សាមគ្គីភាពរបស់អាមេរិកដែលមានជាមួយនឹងប្រជាជន ២៣លាននាក់នៃកោះតៃវ៉ាន់នេះ គឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់»។

យោងតាមប្រភព​ស្និទ្ធ​​នឹង​លោកស្រី ណានស៊ី ផេឡូស៊ី បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី គឺភាគច្រើនផ្ដោតសំខាន់លើការជួបប្រជុំជាមួយ​ប្រធានាធិបតីតៃវ៉ាន់ ​លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ចិន​ដែល​តែង​តែ​អះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ក៏បានព្រមានចាត់វិធានការទាំងឡាយ ទាក់ទិននឹងដំណើរ​ទស្សនកិច្ច​របស់លោកស្រី ផេឡូស៊ី ទៅកាន់ដែនកោះមួយនេះផងដែរ។

ទោះជាយ៉ាងណា សហរដ្ឋអាមេរិកបាន​ឆ្លើយតបថា ការព្រមាន​នេះនឹងមិនមានឥទ្ធិពលអ្វីលើខ្លួនឡើយ ខណៈពួកគេ​ថា លោកស្រី ផេឡូស៊ី មានសិទ្ធិទៅកាន់កោះតៃវ៉ាន់គ្រប់ពេលវេលា៕

https://www.nytimes.com/live/2022/08/02/world/pelosi-taiwan
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ