លោកស្រី ផេឡូស៊ី បាន​ទៅ​ដល់​សភាតៃវ៉ាន់​ហើយ​នៅព្រឹកនេះ

ប្រធានសភាអាមេរិក Nancy Pelosi ធ្វើកាយវិការលើកមេដៃមួយ នៅពេលលោកស្រីចាកចេញពីសភា ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (REUTERS/Ann Wang TPX)

ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរទៅដល់សភារបស់តៃវ៉ាន់ហើយនៅព្រឹកថ្ងៃពុធនេះ ខណៈលោកស្រីនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ក៏ដូចជាសកម្មជនសិទ្ធិមនុស្សនានា ក្នុងអំឡុងទស្សនកិច្ចមកកាន់កោះ​មួយនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងប្រាប់​សភា​តៃវ៉ាន់ ប្រធាន​​សភា​​អាមេរិករូប​នេះបានលើក​ឡើង​​​ថា​៖ «​យើងសូមធ្វើការកោត​សរសើរដល់​តៃវ៉ាន់​ក្នុងនាម​ជា​សង្គមដ៏​សេរី​បំផុត​មួយ​ក្នុង​ពិភពលោក»​។

ជាមួយគ្នានេះ លោកស្រីបន្តថា ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងពង្រឹងឧស្សាហកម្មបន្ទះឈីបរបស់អាមេរិក ដើម្បីប្រកួតប្រជែងជាមួយចិន ក៏អាចផ្ដល់ជាឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាមេរិក និងតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ីមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ខណៈលោកស្រីថា ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាមួយដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។

ទាក់ទិននឹងករណីនេះ ប្រទេសចិន​ដែល​តែង​តែ​អះអាងថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ក៏បានថ្កោលទោសដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិករូប​នេះមកកាន់កោះតៃវ៉ាន់ផងដែរ ខណៈពួកគេចាត់​ទុក​ថាជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយខ្លួនក៏បានឆ្លើយតបភ្លាមៗតាមរយៈការធ្វើសមយុទ្ធយោធា កោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង និងប្រកាសផ្អាកការនាំចូលកសិផលជាច្រើនពីតៃវ៉ាន់ផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ