ប្រធានាធិបតី​តៃវ៉ាន់​អរគុណ​លោកស្រី ផេឡូស៊ី សម្រាប់​ការ​គាំទ្រ ដោយថា​ដែនកោះ​មួយ​នេះ​នឹង​មិន​ចុះញ៉មឡើយ

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (REUTERS)

ប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) នៅថ្ងៃពុធនេះ បានថ្លែងអំណរគុណដល់ប្រធាន​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) សម្រាប់សកម្មភាពជាក់ស្ដែងរបស់លោកស្រី ក្នុងការបង្ហាញការគាំទ្រតៃវ៉ាន់ក្នុងគ្រាដ៏សំខាន់​នេះ ខណៈ​លោកស្រី​ថា កោះមួយនេះនឹងមិនចុះញ៉មដោយការគំរាមកំហែងផ្នែកយោធាណាមួយឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការថ្លែងអះអាងនេះត្រូវបានធ្វើឡើង ខណៈភាគីទាំងពីរបានជួបគ្នា​នៅទីក្រុងតៃប៉ិ នៅព្រឹកថ្ងៃពុធ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ទៅ​កាន់កោះមួយនេះ ដែល​បាន​បង្កឱ្យមានជា​ការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។

នៅក្នុងជំនួប​នេះ លោកស្រី សៃ អ៊ីងវេន ក៏បានបញ្ជាក់ប្រាប់​លោកស្រី ផេឡូស៊ី ឱ្យដឹងថា លោកស្រីគឺជាមិត្តភក្ដិដ៏ស្មោះស្ម័គ្របំផុតមួយរបស់តៃវ៉ាន់ ដោយខ្លួនក៏បានអរគុណសាជាថ្មីម្ដងទៀត ចំពោះការគាំទ្រឥតឈប់ឈររបស់លោកស្រីចំពោះកោះតៃវ៉ាន់នៅលើឆាកអន្តរជាតិផងដែរ។

ប្រធានាធិបតីដដែលបន្តថា តៃវ៉ាន់គឺជាដៃគូដ៏ស្មោះត្រង់មួយរបស់សហរដ្ឋអាមេរិក ខណៈខ្លួននឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការអភិវឌ្ឍ​សេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់។

គួរបញ្ជាក់ថា លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរទៅ​ដល់កោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីចាកចេញពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ខណៈលោកស្រីថា ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាមួយដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។

ទោះជាយ៉ាងណា ចិន​ដែល​តែង​តែ​អះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន បានថ្កោលទោសដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិករូប​នេះមកកាន់កោះតៃវ៉ាន់ ដោយពួកគេចាត់​ទុក​ថាជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ទាក់ទិននឹងករណីនេះ ប្រទេសចិនក៏បានធ្វើការឆ្លើយតបភ្លាមៗតាមរយៈការធ្វើសមយុទ្ធយោធា កោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង និងប្រកាសផ្អាកការនាំចូលកសិផលជាច្រើនពីតៃវ៉ាន់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ