លោកស្រី ផេឡូស៊ី៖ អាមេរិក​ចង់​ឱ្យ​តៃវ៉ាន់​មាន​សេរីភាព​និង​សុខ​សុវត្ថិភាព​ជានិរន្តរ៍

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (REUTERS)

ប្រធាន​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានលើកឡើងនៅថ្ងៃពុធនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនមកកាន់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថាអាមេរិកពិតជាចង់ឱ្យដែនកោះមួយនេះមានសេរីភាពប្រកបដោយសុខសុវត្ថិភាពជានិរន្តរ៍។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនឹងប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) លោកស្រី ផេឡូស៊ី បន្តថា ដោយគោរពគោលការណ៍ «ចិនតែមួយ (One China)» សាមគ្គីភាពរបស់អាមេរិក​ជាមួយតៃវ៉ាន់នាពេលបច្ចុប្បន្ននេះ គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

ជាមួយគ្នានេះ លោកស្រីបន្ថែមថា សហរដ្ឋអាមេរិកគាំទ្រស្ថានភាព​បច្ចុប្បន្ន (Status Quo) និងមិនចង់ឱ្យមានអ្វីកើតឡើងចំពោះតៃវ៉ាន់ដោយបង្ខំនោះទេ។

ទាក់ទិននឹងសំណួរអំពីផលវិបាកសេដ្ឋកិច្ច ដែលតៃវ៉ាន់អាចនឹងប្រឈមមុខជាមួយ​​នឹង​លទ្ធផលនៃដំណើរទស្សនកិច្ច​ដែលរងនូវការរិះគន់យ៉ាងខ្លាំង​ពីប្រទេសចិននេះ លោកស្រី ផេឡូស៊ី បានលើកឡើងដោយ​អះអាង​ថា ច្បាប់​ថ្មីមួយក្នុងការពង្រឹងឧស្សាហកម្មបន្ទះឈីប​របស់ខ្លួន គឺអាចផ្ដល់ជាឱកាសសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចកាន់តែប្រសើរឡើងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។

លោកស្រី សៃ អ៊ីងវេន ក៏បានឱ្យដឹងផងដែរថា តៃវ៉ាន់នឹងប្តេជ្ញារក្សាឱ្យបាននូវស្ថានភាពដែលមាននាពេលបច្ចុប្បន្ននេះ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈលោកស្រីបន្ថែមថា សមយុទ្ធយោធារបស់ប្រទេសចិន​ដែលបាន​ធ្វើឡើង ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី គឺមិនមាន​ឥទ្ធិពលអ្វីលើពួកគេឡើយ។

គួរបញ្ជាក់ថា លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរទៅ​ដល់កោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារម្សិលមិញ​នេះ បន្ទាប់ពីចាកចេញពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ខណៈលោកស្រីថា ដំណើរទស្សនកិច្ច​នេះ គឺជាសញ្ញាមួយដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្ត​មិនផ្លាស់ប្តូររបស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។

សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធាន​សភា​អាមេរិកមកកាន់ទ្វីបអាស៊ីនេះ លោកស្រីក៏​គ្រោង​ធ្វើដំណើរទៅ​កាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ