អាស៊ាន​អំពាវនាវ​ឱ្យ​មាន​ការអត់ធ្មត់​និង​ចៀសវាង​សកម្មភាព​ញុះញង់ ខណៈ​ខ្លួន​កំពុង​បារម្ភ​ពី​ស្ថានការណ៍​ក្នុង​តំបន់​និង​អន្តរជាតិ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក«កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងការបរទេស)

អាស៊ានអំពាវនាវ​ឱ្យមានការ​អត់ធ្មត់ និង​ចៀសវាង​សកម្ម​ភាពញុះញង់ ព្រមទាំង​ប្រកាន់ខ្ជាប់នូវគោលការណ៍នានា​ដែលមានចែងក្នុង​ធម្ម​នុញ្ញ​អង្គ​ការ​សហប្រជាជាតិ និងសន្ធិសញ្ញាមិត្ត​ភាព​និងកិច្ច​សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ខណៈខ្លួនមានការ​ព្រួយ​បារម្ភ​ចំពោះ​ភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេស​ការវិវត្តថ្មីៗនៅក្បែរតំបន់អាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់។

សេចក្ដីថ្លែងការណ៍របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ស្តីពី «ការវិវឌ្ឍឆ្លងច្រកសមុទ្រ» ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បាន​លើកឡើង​ថា អាស៊ាន​ មានការព្រួយ​បារម្ភ​ចំពោះភាពផុយ​ស្រួល​នៃ​ស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការ​វិវត្តថ្មីៗនេះនៅតំបន់ក្បែរអាស៊ាន ដែលអាច​បង្ក​អស្ថិរ​ភាពដល់​តំបន់ ហើយ​អាចនឹង​នាំឱ្យ​មានការ​គណនាខុស ការប្រឈមមុខ​ដាក់គ្នា​ធ្ងន់ធ្ងរ ជម្លោះដោយចំហ និងផលវិបាកដែលមិនអាចព្យាករបាន ក្នុងចំណោម​ប្រទេស​មហាអំណាច។

ករណីនេះ អាស៊ានបានអំពាវនាវ​​​ឱ្យ​​មាន​ការ​អត់ធ្មត់​ជាអតិបរមា ចៀស​វាង​សកម្មភាពញុះញង់ ហើយ​ប្រកាន់ខ្ជាប់​គោលការណ៍នានាដែលមានចែងក្នុង​ធម្ម​នុញ្ញ​អង្គការ​សហ​ប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិង​កិច្ច​សហប្រតិបត្តិការ​នៅអាស៊ី​អាគ្នេយ៍។

សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «យើងរម្លឹកឡើងវិញពីការគាំទ្រ​របស់ប្រទេស​សមាជិក​អាស៊ានចំពោះគោលនយោបាយ​​ចិន​តែមួយ ដែលដាក់ចេញ​ដោយ​ប្រទេស​នីមួយៗ»។

សេចក្ដីថ្លែងការណ៍បន្តថា៖ «ពិភពលោក​ត្រូវកា​រយ៉ាងខ្លាំងនូវ​ភាពឈ្លាសវៃ និងការទទួលខុស​ត្រូវ​របស់ថ្នាក់ដឹក​នាំ​ទាំងអស់ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ​ សន្តិសហវិជ្ជមាន និងការ​ប្រកួតប្រជែង​ត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើង គឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកប​ដោយចីរភាព និងបរិយាបន្ន»។

សេចក្ដីថ្លែងការណ៍​របស់រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានគូសបញ្ជាក់ទៀតថា អាស៊ាន​ត្រៀម​ខ្លួន​ជាស្រេចក្នុងការ​ដើរតួនាទីប្រកបដោយ​ស្ថាបនា ក្នុងការ​សម្របសម្រួល​ការសន្ទនាដោយ​សន្តិ​វិធី​រវាងគ្រប់ភាគី ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារ​សន្តិភាព សន្តិសុខ និងការ​អភិវឌ្ឍក្នុងតំបន់។

បើទោះបីក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស​អាស៊ានមិន​បាន​បញ្ជាក់​ចំ​ឈ្មោះភា​គីដែល​កំពុង​ប្រឈម​មុខដាក់គ្នាក្ដី ប៉ុន្តែគេដឹងថា អាស៊ានទំនង​សំដៅទៅដល់ការប្រឈមមុខដាក់​គ្នារវាង​សហរដ្ឋអាមេរិកនិងចិនដែលកំពុង​តែមើលមុខគ្នាមិនចំ ក្រោយពីប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណានស៊ី ផេឡូ​ស៊ី ធ្វើដំណើរទៅកាន់ដែនកោះតៃវ៉ាន់កាលពីអង្គារ និងថ្ងៃពុធម្សិលមិញ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ដែនកោះតៃវ៉ាន់ លោកស្រី ណានស៊ី ផេឡូ​ស៊ី ក៏បាន​បញ្ជាក់ជំហរ​​ដែរថា អាមេរិកនៅតែគោរពគោលនយោបាយ​ចិន​មួយ ប៉ុន្តែក្នុងពេល​ជាមួយគ្នានេះ សហ​រដ្ឋអាមេរិកនៅតែមើលឃើញអំពីសារៈសំខាន់ និង​ចង់ការពារលទ្ធិប្រជាធិប​តេយ្យនៅលើដែន​កោះមួយនេះ។ យ៉ាងណា សម្រាប់ចិនវិញ ដំណើរទស្សនកិច្ចរបស់ប្រធានសភា​អាមេរិកនៅពេលនេះ គឺជាការរំលោភទៅលើអធិបតេយ្យភាពរបស់ចិន។

ជាការប្រតិកម្មតប​​ទៅនឹង​ដំណើរទស្សន​កិច្ច​នេះ ចិនបានធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះតៃវ៉ាន់ ដែលជាការ​បង្ហាញឱ្យ​ឃើញ​​នូវភាព​មិនពេញចិត្តចំពោះវត្តមានរបស់​លោកស្រី ណានស៊ី ផេឡូ​ស៊ី នៅលើកោះ​តៃវ៉ាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ