អាស៊ាន​ស្នើ​ឱ្យ​អាមេរិក​និង​ចិន​បន្ថយភាព​តានតឹង​ក្រោយ​មាន​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi នៅ​កោះតៃវ៉ាន់

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (REUTERS)

ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់​របស់ប្រធានសភា​តំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូ​ស៊ី (Nancy Pelosi) ដ៏រសើបនិងចម្រូងចម្រាស បានក្លាយជារបៀប​វារៈ​មួយនៅ​ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីម្សិលមិញនេះ។

ថ្លែង​ក្នុង​សន្និសីទកាសែតនៅក្រោយកិច្ចប្រជុំ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន​ លោក គង់ ភោគ ឱ្យដឹង​ថា រដ្ឋមន្រ្តីការបរទេសអាស៊ានបានលើក​ឡើង​ពី​បញ្ហានៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់មកធ្វើការពិភាក្សា។

បើទោះជា​លោក​ គង់ ភោគ មិនបានបញ្ជាក់ចំឈ្មោះភាគីដែលកំពុងប្រឈមមុខដាក់គ្នាក្ដី ប៉ុន្តែគេដឹងថា លោកសំដៅទៅដល់ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងតែមើលមុខគ្នាមិនចំ ក្រោយពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៊ី ផេឡូ​ស៊ី ធ្វើដំណើរទៅកាន់ដែនកោះតៃវ៉ាន់កាលពីយប់មិញ។

ជាការឆ្លើយតបទៅនឹងភាពតានតឹងនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានស្នើឱ្យភាគីពាក់​ព័ន្ធទាំងអស់គ្រប់គ្រងស្ថានភាពឱ្យបានល្អ ដើម្បីបញ្ចៀសនូវការគណនាខុសណាមួយ ព្រមទាំងបញ្ចៀសនូវការបង្កហេតុ និងត្រូវចរចាគ្នាដើម្បីធ្វើឱ្យស្ថានភាពនៅច្រកសមុទ្រ​តៃវ៉ាន់វិល​ត្រលប់​ទៅ​រក​សភាពដើមវិញ។ បន្ថែមពីនេះ អាស៊ានក៏ជំរុញឱ្យគ្រប់ភាគីទាំងអស់បន្តអនុវត្តទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងពេលកន្លងមក ដើម្បីកុំឱ្យ​មានភាពតានតឹង​ជាថ្មី។

ដោយឡែក សម្រាប់ជំហររបស់កម្ពុជា លោក គង់ ភោគ លើកឡើងថា កម្ពុជានៅតែប្រកាន់ខ្ជាប់​នូវ​គោល​នយោបាយ​ចិនមួយ មានន័យថា កម្ពុជានៅតែចាត់ទុក​តៃវ៉ាន់គ្រាន់តែជាផ្នែកមួយ​របស់​ចិន។ គោលនយោបាយចិនមួយក៏ត្រូវបានប្រទេសទាំងអស់ដែលជាសមាជិកអាស៊ានប្រកាន់ខ្ជាប់ ផងដែរ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ លោកស្រី ណានស៊ី ផេឡូ​ស៊ី ក៏បាន​បញ្ជាក់ជំហរ​​ដែរថា អាមេរិកនៅតែគោរពគោលនយោបាយ​ចិន​មួយ ប៉ុន្តែក្នុងពេល​ជាមួយគ្នានេះ សហ​រដ្ឋអាមេរិកនៅតែមើលឃើញអំពីសារៈសំខាន់ និង​ចង់ការពារលទ្ធិប្រជាធិប​តេយ្យនៅលើដែន​កោះមួយនេះ។ យ៉ាងណា សម្រាប់ចិនវិញ ដំណើរទស្សនកិច្ចរបស់ប្រធានសភា​អាមេរិកនៅពេលនេះ គឺជាការរំលោភទៅលើអធិបតេយ្យភាពរបស់ចិន។ ប្រតិកម្ម​ទៅនឹង​ដំណើរទស្សន​កិច្ច​នេះ ចិនបានធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះតៃវ៉ាន់ ដែលជាការ​បង្ហាញឱ្យ​ឃើញ​​នូវភាព​មិនពេញចិត្តចំពោះវត្តមានរបស់​លោកស្រី ណានស៊ី ផេឡូ​ស៊ី នៅលើកោះ​តៃវ៉ាន់។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងក្រោមប្រធានបទ «ASEAN A.C.T. ដោះស្រាយបញ្ហារួមគ្នា»

ថ្លែងស្វាគមន៍​និងបើកកិច្ចប្រជុំកាលពីព្រឹកម្សិលមិញ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន​ដែល​តំបន់​អាស៊ាន និង​ពិភព​លោក កំពុង​​ជួប​ប្រទះ ក្នុង​នោះ​មាន​ទាំង​បញ្ហា​ភូមិ​សាស្រ្តនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលលោក​ថា​តម្រូវ​ឱ្យ​មាន​​ដំណោះ​ស្រាយ​រួម​គ្នា​រវាង​ភាគី​ពាក់​ព័ន្ធ។

លោកបន្តថា បញ្ហាទាំងអស់នោះមានដូចជា វិបត្តិជំងឺកូវីដ-១៩ ការដាក់សម្ពាធរបស់ប្រទេស​មហា​អំណាច​លើ​ប្រទេស​តូចៗ ការ​កើន​ឡើង​នៃ​សម្ព័ន្ធ​មិត្ត​តូចៗ​នៅ​លើ​ពិភព​លោក ការ​ប្រកួត​ប្រជែង​​ផ្នែក​​សព្វា​វុធ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច បញ្ហាវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល វិបត្តិ​នយោ​បាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ល។ ប៉ុន្តែ​លោក ហ៊ុន សែន មិនបានលើកឡើងពីភាពតានតឹងរវាងអាមេរិកនិងចិន​ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូ​ស៊ី នោះទេ។

អ្នកស្រាវជ្រាវ​វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុន​​​ណា យល់ថា ភាពតានតឹងរវាងអាមេរិកនិងចិននៅពេលនេះ មិនមែនជារបៀបវារៈក្តៅខ្លាំង ដែល​អាស៊ានត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេស​ខ្លាំង​ ក្រៅតែពីអំពាវនាវឱ្យប្រទេស​មហាអំណាចទាំងពីរបន្ធូរបន្ថយនូវភាពតានតឹង ព្រោះលោកថា បើអាស៊ានយកប្រធាន​បទនេះមកពិភាក្សាជាធំ ឬចេញនូវសេចក្តីសម្រេចណាមួយ​មានភាពលម្អៀង វាអាចធ្វើឱ្យមាន​ភាពប្រេះឆានៅក្នុងសហគមន៍អាស៊ាន ដោយហេតុថា ក្នុងចំណោមសមាជិកអាស៊ាន មានប្រទេស​ខ្លះលម្អៀងទៅរកចិន និងខ្លះទៀតលម្អៀងទៅកាន់សហរដ្ឋអាមេរិក។

លោក វណ្ណ ប៊ុនណា បន្តថា៖ «រឿងហ្នឹង [ភាពតានតឹងរវាងអាមេរិកនិងចិន] អាចរដ្ឋមន្រ្តីការបរទេសអាស៊ានគ្រាន់តែសុំឱ្យភាគីទាំងសងខាងជជែកនិងដោះស្រាយគ្នាតាមយន្តការសន្តិភាព ក៏ដូចជាមានលក្ខណៈចរចាគ្នាទ្វេភាគីផងដែរ។ បើសិនអាស៊ានលូកដៃលើបញ្ហាហ្នឹងខ្លាំង ខ្ញុំគិតថា អាស៊ានមិនទទួលបានផលចំណេញអីច្រើនទេ ហើយណាមួយវាធ្វើឱ្យអាស៊ានជាប់ផុងក្នុងវិបត្តិនេះផងដែរ ប៉ុន្តែវាអាចមានការជជែកនៅក្នុងកិច្ចប្រជុំអាស៊ីបូព៌ាដែលមានការចូលរួមទាំងមហាអំណាចទាំងបីធំ មានចិន រុស្សី សហរដ្ឋអាមេរិក»។

សម្រាប់លោក វណ្ណ ប៊ុនណា អាស៊ានគួរផ្ដោតការពិភាក្សាជាសំខាន់ទៅលើការស្វែងរកដំណោះ​ស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបញ្ហា «ក្រមប្រតិបត្តិសមុទ្រចិនខាង​ត្បូង (COC)» ដែលអាស៊ានមិនទាន់ឯកភាពជាផ្លូវការ ហើយដែលកម្ពុជាធ្លាប់ត្រូវបានសមា​ជិកអាស៊ានផ្សេងទៀតចោទប្រកាន់ថាបានលម្អៀងទៅខាងចិន កាលពីពេលកន្លងទៅ នៅ​ពេលពិភាក្សាពីបញ្ហានេះ។

លោកថា៖ «ជាការល្អដែលកម្ពុជាគួរតែពិភាក្សាទៅលើរឿងនេះបន្ថែមទៀត ដោយសារតែកម្ពុជាក៏មើលទៅហាក់ដូចជាមានសុឆន្ទៈក្នុងការសម្រេចរឿង COC នេះឱ្យបានផងដែរ ដោយសារតែ COC មែនទែនទៅ ប្រភពដើមគឺកើតនៅកម្ពុជាតាំងពីឆ្នាំ២០០២ បើសិនជាកម្ពុជាអាចសម្រេចនៅឆ្នាំ២០២២នេះបាន វាគឺជាជោគជ័យប្រវត្តិសាស្រ្តមួយដែរសម្រាប់កម្ពុជា»។  

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹង​មាន​រយៈ​ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា។

ក្នុងនាមជាសមាជិកអាស៊ាន​តាំងពីឆ្នាំ១៩៩៩ កម្ពុជាបានធ្វើជាប្រធានប្តូរវេនអាស៊ានចំនួន៣ដងរួចមកហើយ គឺនៅឆ្នាំ​២០០២ ឆ្នាំ​២០១២ និងឆ្នាំ​២០២២​នេះ។ សម្រាប់កិច្ចប្រជុំនៅពេលនេះ ក្រៅពីរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីការបរទេសអាស៊ានចំនួន៩ប្រទេស​​​ចូលរួម កិច្ចប្រជុំនេះក៏មានការ​ចូលរួមដោយរដ្ឋមន្រ្តីការបរទេសមហាអំណាចមួយចំនួន រួមមាន សហរដ្ឋអាមេរិក ចិន រុស្សី និងជប៉ុន ផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ