ពលរដ្ឋ​​អះអាង​ថា​​លិខិត​របស់​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ឆ្លើយ​តប​ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃ​ជុំវិញ​ភ្នំ​តាម៉ៅ​គឺ​ជា​រឿង​មិន​ពិត

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ប្រជាពលរដ្ឋរស់នៅក្បែរភ្នំតាម៉ៅអះអាងថា ​ក្រុមហ៊ុនបានបង្កើនការឈូសឆាយទាំងថ្ងៃ ទាំងយប់ និងច្រានចោល​​​ចំពោះសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាលព្រៃឈើ​នៃក្រសួងកសិកម្ម ដែលថាដី​ព្រៃ​នៅជុំវិញសួនសត្វភ្នំតាម៉ៅនោះពោរពេញដោយដីខ្សាច់ មិនមានការលូតលាស់ល្អ និងពុំមានសត្វព្រៃសំខាន់ៗ នោះគឺជារឿងមិនពិត​។

ពលរដ្ឋលើកឡើងថា ​ព្រៃនៅជុំវិញ​សួនសត្វភ្នំតាម៉ៅមិនមានដំណាំឈើដាំប្រភេទអាកាស្យា និងប្រេងខ្យល់ ដូចអ្វីដែលក្រសួងលើកឡើងនោះទេ ហើយពួកគេថា មានសត្វគ្រប់ប្រភេទ និងសត្វជិតផុតពូជរស់នៅផងដែរ។

តាមរូបភាពពីប្រព័ន្ធផ្កាយរណបបង្ហាញថា គ្រឿង​ចក្រ​​ជា​ច្រើនគ្រឿង​របស់ក្រុមហ៊ុនឯកជន​បាន​ឈូសឆាយដីព្រៃជុំវិញសួនសត្វភ្នំតាម៉ៅអស់ប្រមាណ១៣០ហិកតាហើយ ខណៈដែលអ្នករាយការណ៍ព័ត៌មានវីអូឌីនៅថ្ងៃសុក្រនេះ ​បានបង្ហោះដ្រូនជាថ្មីម្ដងទៀតបង្ហាញថា ​ការឈូសឆាយកាន់​តែជិតដល់វត្តថ្ម​អន្ទងដែលស្ថិតនៅក្នុងបរិវេណសួនសត្វភ្នំតាម៉ៅ​។

ប្រជាពលរដ្ឋដែលមកមើលការឈូសឆាយ​ព្រៃឈើនៅភ្នំតាម៉ៅ លោក ធាម សុខា បានលើកឡើងថា មិនមាន​ជ្រូកព្រៃដែលទៅស៊ីដំណាំពលរដ្ឋនោះទេ គឺមានតែជ្រូកព្រៃមកស៊ីបាយដែលព្រះសង្ឃបានដាក់ឱ្យ​ ម្យ៉ាងទៀតក៏មិនមានដើមឈើដាំប្រភេទអាកាស្យា​ ប្រេងខ្យល់ និងឈើធម្មជាតិដូច ការលើកឡើងរបស់ក្រសួងនោះដែរ។ លោក សុខា ដែលជាអ្នកកើតនៅទីនោះផ្ទាល់អះអាងថា ​ព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទនៅទីនោះមានតាំងពីយូរលង់ណាស់មកហើយ​។

​លោកថា៖«អត់ដែលមាន​ មានតែ​វាមកវត្ត យប់ឡើងវាមកហើយ​ លោកដាំបបរដាំអីឱ្យវាហូបទៅណា​។ រដូវភ្ជុំរដូវអីដាក់បាយឱ្យវាទៅ​ វាចូលស៊ីតែក្នុងវត្ត​»។

ពលរដ្ឋម្នាក់នេះ ​សោកស្ដាយជាខ្លាំងចំពោះដែនជម្រកសត្វព្រៃ និងសង្គ្រោះសត្វព្រៃមួយនេះកំពុងបាត់បង់ បន្តិចម្តងៗ និងសង្ឃឹមថា​ក្រុមហ៊ុនកុំបន្តឈូសឆាយបន្តទៅទៀត។

ចៅអធិការ​វត្តថ្ម​អន្ទង​ ព្រះតេជព្រះ​គុណ សុត ផល្លី មានថេរដីកាថា ​ចាប់តាំងពីមានការឈូសឆាយមក សត្វព្រៃដែលធ្លាប់មកលេងវត្ត រួមមានជ្រូកព្រៃ ឈ្លូស ប្រើស ជាដើម​មានការថយចុះខ្លាំងគួរឱ្យកត់សម្គាល់​។

ព្រះអង្គមានថេរដីកាថា៖«​បើមើលទៅដូចប្លែក បាត់ខ្លះ នៅសល់តិច​ មិនដឹងវាភ័យវារត់បែកគ្នាអីដឹងចាំមើល​ តាមដានមើល​»។

ព្រះតេជព្រះ​គុណ សុត ផល្លី បន្តថា ​ចាប់តាំងពីមានក្រុមហ៊ុនឈូសឆាយមក​​បរិវេណវត្តបានបាត់បង់សម្រស់ធម្មជាតិក្លាយទៅជាស្រងេះស្រងោច និងប៉ះពាល់ផ្លូវចិត្តព្រះអង្គផង។ បន្ថែមពីនេះ​ ធនធានធម្មជាតិ និងព្រៃឈើមានទំនាក់ទំនងគ្នាដែលមិនអាចខ្វះបានជាមួយនឹងព្រះពុទ្ធសាសនា​ដែលព្រះអង្គបាន ប្រសូត្រ ត្រាស់ដឹង និងបរិនិពាន្ត ក្រោមដើមឈើ និងមានពុទ្ធដីកាឱ្យថែរក្សាធនធានធម្មជាតិផងដែរ។ ដូច្នេះព្រះតេជព្រះគុណ ផល្លី ចង់ឃើញក្រុមហ៊ុនឈប់កាប់បំផ្លាញព្រៃឈើតទៅទៀត។

ព្រះអង្គមានថេរដីការបន្តថា៖«ធម្មជាតិ និងព្រះពុទ្ធសាសនាទាក់ទងខ្លាំង​ សូម្បីតែព្រះពុទ្ធ ព្រះអង្គត្រាស់ដឹងនៅក្រោមដើមឈើ​ ធម្មជាតិហ្នឹងជួយខ្យល់យើងដកដង្ហើម​។ កាលណាយើងអង្គុយសមាធិទាក់ទងនឹងក្រោមដើមឈើហ្នឹង​ វាជួយ​ថាមពលក្នុងខ្លួនយើងហ្នឹង​ បើអត់មានធម្មជាតិទេ យើងអង្គុយសមាធិអត់ស្ងប់»​។

ប្រជាពលរដ្ឋរស់នៅជិតកន្លែងឈូសឆាយ អ្នកស្រី​ ជា សុខុម បានឱ្យដឹងថា ​ក្រុមហ៊ុនបង្កើនការឈូសឆាយទាំងថ្ងៃ ទាំងយប់ ព្រមទាំងបានបង្កើនចំនួនគ្រឿងចក្រឈូសឆាយថែមទៀត។ ​

អ្នកស្រីថា៖«ឥឡូវមកទៀតហើយ ពីបាត់ដំបងនៅខាងលិចខ្ញុំ​ រំលងអត់បាន៥ម៉ែត្រផង​ គេដាក់នៅហ្នឹងទៀតហើយ​ ពួកចុងភៅៗអី គ្រឿងចក្រ​ ជិះទៅមិញវាលច្រើនដែរ តើអូន​ វាលពីរបីកន្លែងឯណោះ»។

នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក និក ម៉ាក (Nick Marx) បានធ្លាប់ថ្លែងប្រាប់វីអូឌីកាល​ពីកន្លងទៅ ដោយអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះការឈូសឆាយភ្នំតាម៉ៅនេះ ព្រោះទីតាំងនេះមានសត្វព្រៃ និងសត្វកម្រគ្រប់ប្រភេទ។

លោកថា៖«ខ្ញុំសុំសម្ដេច ហ៊ុន សែន​ សុំដូរគំនិតឈូសព្រៃភ្នំតាម៉ៅ​ ពីព្រោះយើងមានសត្វច្រើន​នៅសួនសត្វភ្នំតាម៉ៅ និងព្រៃជុំវិញសួនសត្វភ្នំតាម៉ៅ​ កន្លែងល្អសម្រាប់សត្វព្រៃ។ យើងដោះលែងខ្លះ​ និងល្អសម្រាប់ប្រជាជនទៅសម្រាក អត់មានកន្លែងផ្សេង​ អត់មានកន្លែងផ្សេងទៀតជិតភ្នំពេញ កន្លែងធម្មជាតិនៅទីនេះ​​»។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា​គួរតែមានសំណាងដែលមានសួនសត្វភ្នំតាម៉ៅ​ដែលជាទីតាំងមានព្រៃធម្មជាតិខុសពីប្រទេសមួយចំនួន​ព្រោះថា មានសួនសត្វនៅចំណុចកណ្ដាល និងព្រៃធម្មជាតិនៅជុំវិញសួនសត្វដែលជាកន្លែងសត្វព្រៃគ្រប់ប្រភេទអាចរស់តាមបែបធម្មជាតិ និងមានសេរីភាព។

លោកបន្តថា៖«​​ខ្ញុំស្រលាញ់ភ្នំតាម៉ៅ​ សួនសត្វភ្នំតាម៉ៅ​និងជនបរទេសស្រលាញ់ភ្នំតាម៉ៅ​ មកពីកន្លែងធម្មជាតិ​ ដូចនៅស្រុកខ្ញុំ​ ខ្ញុំជនជាតិអង់គ្លេស​ ខ្ញុំអត់មានសួនសត្វដូច​ដូចភ្នំតាម៉ៅ​ អត់មានព្រៃដោះលែងសត្វជុំវិញ​កន្លែងយើងអត់បាន​ ដូចគេមានស៊ីម៉ង់ច្រើន​ ដែកច្រើន​ កៅស៊ូច្រើនធ្វើផ្លូវ​ អត់មានកន្លែងធម្មជាតិ​»។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស នៅថ្ងៃសុក្រនេះបាននៅឡើយទេ។

ចំណែកឯប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ញ៉ិប ស្រ៊ុន បង្វែរសំណួរទៅកាន់អគ្គនាយករដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស ដែលជាអ្នកចេញ​សេក្ដីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នេះ។

ភ្នំតាម៉ៅដែលមានចំងាយប្រមាណ៤០គីឡូមែត្រ ពីរាជធានីភ្នំពេញមានផ្ទៃដីសួនសត្វ ៤០០ហិកតា និងទីផ្ទៃដីទំហំ២ ៣០០ហិកតាជាព្រៃដែលព័ទ្ធជុំវិញសួន​។ ប៉ុន្តែក្នុងចំណោមផ្ទៃដីទំហំ ២ ៣០០ ហិកតា នេះ រដ្ឋាភិបាលបានប្រគល់ឱ្យក្រុមហ៊ុនឯកជន ក្រោមហេតុផលដើម្បីអភិវឌ្ឍសាងសង់ជាលំនៅឋាន និងអគារចំនួន ១ ៥០០ ហិកតា។  ផ្ទៃដីភ្នំតាម៉ៅទាំងមូលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ បង្កកំណើត និងជាទីកន្លែងជួយសង្គ្រោះសត្វផ្សេងៗ នៅក្នុងប្រទេសកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ