សាច់​ញាតិ​អនុភូមិ​ស្លាប់​​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​កំពង់ធំ​ស្នើ​ពន្លឿន​ការ​ស៊ើប​អង្កេត​ដើម្បី​ចាប់​ជន​ល្មើស​ផ្តន្ទាទោស

លោក សួង ឌ័ន អនុប្រធានភូមិរូង មកពីគណបក្សប្រជាជនកម្ពុជា នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អំឡុងពេលឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ (ហ្វេសប៊ុក សួង ឌ័ន)

សាច់ញាតិរបស់អនុប្រធានភូមិម្នាក់ ដែលស្លាប់នៅអំឡុងពេលកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនពេលចុះបង្ក្រាបល្បែងឡូតូមួយកន្លែងនៅខេត្តកំពង់ធំ ស្នើទៅស្ថាប័នពាក់ព័ន្ធពន្លឿនការស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដោយពួកគេអះអាងថាឪពុករបស់ខ្លួនស្លាប់ទាំងអយុត្តិធម៌។

ការស្នើនេះ ក្រោយពេលមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានបញ្ជាឱ្យឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធករណីចុះបង្ក្រាបកន្លែងល្បែងស៊ីសង​បណ្តាលឱ្យអនុប្រធានភូមិរូង លោក សួង ឌ័ន ស្លាប់ក្នុងពេលប្រតិបត្តិការនោះ។ ក្រោយមានបទបញ្ជានេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល បានប្រាប់វីអូឌីកាលពីថ្ងៃទី៩ ខែសីហាថា មន្ត្រីរបស់លោកជាង១០នាក់ ត្រូវបានឃាត់ខ្លួន​ជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីរង់ចាំការស៊ើបអង្កេត។

កញ្ញា ឌិន នារតី ដែលអះអាងថា ត្រូវជាកូនបង្កើតរបស់អនុប្រធានភូមិរូង មកពីគណបក្សកាន់អំណាច ស្ថិតនៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក សួង ឌ័ន បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា កាលពីថ្ងៃទី៧ ខែសីហា ឪពុករបស់គាត់បានទៅអង្គុយពិសារកាហ្វេនៅក្នុងហាងមួយកន្លែងក្នុងភូមិរូងក្រោយត្រឡប់មកពីប្រជុំវិញ។

កញ្ញាបន្តថា នៅថ្ងៃកើតហេតុក្នុងហាងកាហ្វេនោះមិនបានបើកល្បែងស៊ីសងតាមអនឡាញទេ ស្រាប់តែពេលនោះមានក្រុមកម្លាំងកងរាជអាវុធហត្ថស្រុកចុះទៅចាប់គ្រៀកស្មានិងសង្កត់កឪពុករបស់គាត់ឡើងរថយន្ត ដើម្បីបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប៉ុន្តែឪពុករបស់កញ្ញាក៏បានស្លាក់ខ្យល់ និង​ស្លាប់នៅលើរថយន្តតែម្តង។

កញ្ញា នារតី បញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៤ ខែសីហានេះ ក្រុមគ្រួសារមិនទាន់ទទួលបានព័ត៌មានជុំវិញជនល្មើសដែលប្រព្រឹត្ត និងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ករណីនេះ កញ្ញាស្នើសុំស្ថាប័នពាក់ព័ន្ធពន្លឿនស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ និងសងជំងឺចិត្តដល់ក្រុមគ្រួសារគាត់ផងដែរ។

កញ្ញាស្នើដូច្នេះថា៖ «»ស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធស្រាវជ្រាវរកភស្តុតាង និងចាប់ជនល្មើសដាក់ពន្ធនាគារឱ្យបានលឿន អ្នកណាធ្វើឱ្យទទួលទោសតាមច្បាប់ និងស្នើសុំសងជំងឺចិត្តដែរ»។

កញ្ញា ឌិន នារតី បន្ថែមថា ក្រុមគ្រួសារគ្រោងនឹងដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកំពង់ធំ ដើម្បីឱ្យជួយរកយុត្តិធម៌ជូនឪពុករបស់គាត់ផងដែរ ដោយថាឪពុករបស់គាត់ស្លាប់ក្នុងមន្ទិលសង្ស័យ ខណៈឪពុករបស់កញ្ញាមិនមានជំងឺប្រចាំកាយអ្វីនោះទេ និងមិនបានស្លាប់ដោយសារបញ្ហាបេះដូង​ដូចការអះអាងរបស់សមត្ថកិច្ចនោះដែរ។

អ្នកនាំពាក្យ​របស់​កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា ក្រុមការងារជំនាញរបស់កងរាជអាវុធហត្ថកំពុងស្តាប់ការបំភ្លឺរបស់កងកម្លាំងរាជអាវុធហត្ថចំនួន១២នាក់ ដែលត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបណ្តោះអាសន្ន ដោយមិនទាន់បញ្ចប់ការសាកសួរនិងឆ្លើយបំភ្លឺនៅឡើយទេ។

ករណីនេះ លោកបញ្ជាក់ថា មន្ត្រីជំនាញមិនទាន់ធ្វើសេចក្តីសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីឱ្យច្បាស់នៅឡើយ ប៉ុន្តែលោកថា នៅពេលបិទការឆ្លើយបំភ្លឺ នោះក្រុមការងារជំនាញនឹងធ្វើសន្និសីទសារព័ត៌មានជាសាធារណៈតែម្តង។

លោកមានប្រសាសន៍ថា៖ «ក្រុមការងារចំពោះកិច្ចនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងតែធ្វើការងារហ្នឹងហើយ។ យើងឃើញថា ចាប់ពីថ្ងៃទី៩ មកដល់ថ្ងៃនេះ យើងចូលមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។ យើងកំពុងស្តាប់ចម្លើយនាយទាហាននៃយោធិនកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលចុះប្រតិបត្តិការទាំង១២រូប យើងកំពុងស្តាប់ចម្លើយគាត់»។

លោកបន្ថែមថា៖ «អ៊ីចឹងយើងនឹងធ្វើសន្និសីទសារព័ត៌មាននៅពេលដែលបញ្ចប់ការស្តាប់ចម្លើយ ហើយឥឡូវយើងកំពុងស្រាវជ្រាវបន្ថែម។ យើងមិនទាន់ឆ្លើយបានថា អ្នកណាពាក់ព័ន្ធខ្លះទេ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រុមការងារជំនាញរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូ​វស្រាវជ្រាវករណីនេះឱ្យមានតម្លាភាព និងចាប់ជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់។ បើពុំដូច្នេះទេ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌របស់កងកម្លាំងដែលអនុវត្តច្បាប់។

លោកមានប្រសាសន៍ថា៖ « បើសិនជាការស៊ើបអង្កេត ហើយមិនមានចាត់វិធានការដាក់ទោសទណ្ឌ ឬទោសវិន័យទេ វាអត់មានគំរូល្អ បន្តវប្បធម៌មិនល្អបន្តទៀត ដែលធ្វើឱ្យប៉ះពាល់សម្រាប់កងកម្លាំងដទៃទៀត ដែលគេអនុវត្តត្រឹមត្រូវទៅតាមនីតិវីធី​ ទៅតាមច្បាប់ ទៅតាមក្រមសីលធម៌វិជ្ជាជីវៈនោះ»៕                      

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ