អ្នករាយការណ៍​ពិសេស UN មក​ទស្សនកិច្ច​កម្ពុជា​ដើម្បី​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (UN)

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn) នឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

​គេហទំព័ររបស់ UN បានឱ្យដឹងថា អ្នករាយការណ៍ពិសេស UN លោក​ វិទិត​ ​មុនតាប៊ន នឹងវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការទទួលបានសិទ្ធិមនុស្ស សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

លោក Vitit Muntarbhorn ថា៖ «ខ្ញុំទន្ទឹងរង់ចាំជួបជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងតំណាងរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។

អ្នករាយការណ៍ពិសេសរូបនេះធ្វើទស្សនកិច្ចដោយផ្ទាល់នៅពេលនេះ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយលោកនឹងជួបតំណាងសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត អំឡុងពេលបំពេញទស្សនកិច្ចនេះ ហើយការចូលរួមនឹងត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះអ្នកសារព័ត៌មានផងដែរ។

លោក​ វិទិត​ ​មុនតាប៊ន នឹងធ្វើការបង្ហាញការអង្កេតបឋមរបស់លោកក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះ របាយការណ៍ដែលទទួលបានពីភាគីពាក់ព័ន្ធជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នករាយការណ៍ពិសេសរូបនេះនឹងយកទៅបង្ហាញ​នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងខែតុលាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ