សង្គមស៊ីវិល​ប្រាប់​អ្នក​រាយការណ៍​ពិសេស UN ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា

លោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុមអង្គការសង្គមស៊ីវិលអះអាងថា នឹងលើកពីបញ្ហាប្រឈមនានាទាក់ទិននឹងសិទ្ធិមនុស្សនៅកម្ពុជា ប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាធ្វើការកែលម្អបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់។

ការលើកឡើងរបស់សង្គមស៊ីវិលបែបនេះ ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn) មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក វិទិត មុនតាប៊ន គ្រោងនឹងជួបសំណេះសំណាលជាមួយសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនផងដែរ។ ករណីនេះ លោកថា អង្គការសង្គមស៊ីវិលនឹងត្រៀមលើកពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសរូបនោះផងដែរ ដើម្បីឱ្យគាត់ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាកែលម្អសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងសង្គមស៊ីវិល ខណៈការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់។

លោកមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា លោកនឹងបង្ហាញទី១ បញ្ហានិងក្ដីបារម្ភពីសិទ្ធិមនុស្សនៅកម្ពុជា ទី២ ផ្តល់នូវអនុសាសន៍មួយចំនួនទៅរដ្ឋាភិបាលក្នុងការកែលម្អទៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា»។

លោកបន្ថែមថា៖ «បើសិនជាកម្ពុជាយើងមានការកែលម្អទៅលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នោះកម្ពុជានឹងទទួលបានផលចំណេញច្រើន ហើយបើសិនជាមិនមានកែប្រែឱ្យមានភាពល្អប្រសើរទេ យើងដឹងហើយសហគមន៍អឺរ៉ុប គេអនុម័តញត្តិថ្មីៗកន្លងមក ទាក់ទងនឹងការតាមដានទៅលើបញ្ហាសិទ្ធិមនុស្ស ការបោះឆ្នោតនៅកម្ពុជា។ គេបារម្ភដែរ! រឿងអនុគ្រោះពន្ធ EBA បន្ថែមទៀត ក៏ដូចជាការអនុគ្រោះពន្ធពាណិជ្ជកម្ម GSP របស់សហរដ្ឋអាមេរិក លក្ខខណ្ឌរបស់គេអត់មានអ្វីក្រៅពីកែលម្អបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានជួបអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn) ដោយអង្គការទាំងនោះបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនិងនយោបាយប្រាប់ទៅអ្នករាយការណ៍រូបនោះថា លំហសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងស្ថានភាពនយោបាយ នៅតែមានភាពតានតឹង ដោយសារតែការជួបជុំបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី ត្រូវបានក្រុមអាជ្ញាធរតាមឃ្លាំមើល គំរាមកំហែង និងរារាំង ជាដើម ។

ប៉ុន្តែលោកថា រាល់បញ្ហាដែលសង្គមស៊ីវិលលើកឡើងទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn) ក្នុងគោលបំណងចង់ឃើញកម្ពុជាគោរពសិទ្ធិមនុស្ស ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សតែប៉ុណ្ណោះ។

មន្ត្រីសិទ្ធិមនុស្សរូបនោះបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់ UN ​នោះទេ។ ករណីនេះ លោកបង្ហាញក្ដីបារម្ភថា បើរដ្ឋាភិបាលនៅតែមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយបណ្ដែតបណ្ដោយឱ្យអាជ្ញាធរបន្តរឹតត្បិតសេរីភាពប្រជាពលរដ្ឋ សង្គមស៊ីវិល នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលជាការកត់សម្គាល់របស់យើង ខាងរដ្ឋាភិបាលតែងតែច្រានចោលទៅវិញ ដែលយើងកម្រឃើញមានការទទួលយកការលើកឡើងរបស់អ្នករាយការណ៍ពិសេស ដើម្បីធ្វើការកែលម្អឱ្យមានភាពប្រសើរឡើងណាស់។ ផ្ទុយទៅវិញ មានតែការច្រានចោល ការមិនទទួលយកនូវអ្វីដែលជាការលើកឡើងនោះទៅវិញ។ ហើយផ្ទុយទៅវិញ មានការរិះគន់ទៅលើអ្នករាយការណ៍ពិសេសទៅទៀត មិនមែនតែអាណត្តិរបស់លោក វីទិត មុនតាប៊ន នេះទេ! អ្នករាយការណ៍មុនៗ ក៏មានការរិះគន់ដែរ»។

លោកបន្ថែមថា៖ «ប៉ុន្តែអ្វីដែលមិនព្រមទទួលយកការរិះគន់នោះ គឺបញ្ហាសង្គមកម្ពុជាយើងដែលជាសង្គមប្រជាធិបតេយ្យ គឺអត់ត្រូវបានដោះស្រាយ ហើយភាពប្រឈមកើតឡើងមកលើប្រជាពលរដ្ឋយើង ដូចជាប្រទេសជាតិយើងនៅលើឆាកអន្តរជាតិ ហើយយើងក៏ទទួលរងនូវការដាក់សម្ពាធនានាទៅលើរដ្ឋាភិបាលផងដែរ។ ហើយមិនមានការកែប្រែដូច្នេះហើយ គេបានដកនូវប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីឱ្យមានការបើកលំហសិទ្ធិសេរីភាពហ្នឹងឡើងវិញ។ តែយើងមិនទាន់ឃើញស្ថានភាពសិទ្ធិមនុស្ស និងស្ថានភាពលទ្ធិប្រជាធិបតេយ្យល្អប្រសើរនៅឡើយទេ»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន មានប្រសាសន៍ថា នៅថ្ងៃស្អែកនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងជួបសម្ដែងការគួរសមជាមួយនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn)។

លោកបញ្ជាក់ថា នៅក្នុងជំនួបនោះ ក្រុមការងារសិទ្ធិមនុស្សកម្ពុជានឹងរាយការណ៍ពីវឌ្ឍនភាពនៃសិទ្ធិមនុស្ស និងសមិទ្ធផលរបស់រដ្ឋាភិបាលលើការការពារសិទ្ធិមនុស្សនៅកម្ពុជាកន្លងមកមានភាពល្អប្រសើរជាងឆ្នាំមុន ចំពោះការវាយតម្លៃថាល្អឬមិនល្អ អាស្រ័យលើអ្នករាយការណ៍រូបនោះសិក្សាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយ និងមានតម្លាភាពដើម្បីដាក់ក្នុងរបាយការណ៍របស់ខ្លួន។

ទាក់ទិននឹងបញ្ហាដែលសង្គមស៊ី​វិលលើកឡើងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមានបញ្ហាប្រឈមនិងមានការរឹតត្បិតសេរីភាព លោកទទួលស្គាល់ថាមានតិចតួចតែប៉ុណ្ណោះ មិនមានច្រើនឬធំដុំដូចការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនោះទេ ។

លោកមានប្រសាសន៍ថា៖ «វាមិនបាន១០០%ទេ ដូចនៅក្នុងប្រទេសសកលលោកដែរ សូម្បីតែប្រទេសនៅក្នុងសកលលោកណាក៏គ្មានការគោរពសិទ្ធិមនុស្សបាន១០០%ដែរ វាតែងតែមានការវិវត្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ ពីមួយឆ្នាំទៅមួយឆ្នាំ អំពីលទ្ធិប្រជាធិបតេយ្យ និងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ក៏ដូចជាក្របខណ្ឌកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។ ដូច្នេះហើយបើយើងប្រៀបធៀបកន្លងមកដល់ឆ្នាំនេះ យើងឃើញថា មានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn) ធ្វើទស្សនកិច្ចដោយផ្ទាល់នៅពេលនេះ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយលោកនឹងជួបតំណាងសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ។

លោក​ វិទិត​ ​មុនតាប៊ន នឹងធ្វើការបង្ហាញការអង្កេតបឋមរបស់លោកក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះ របាយការណ៍ដែលទទួលបានពីភាគីពាក់ព័ន្ធ ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នករាយការណ៍ពិសេសរូបនេះនឹងយកទៅបង្ហាញ​នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងខែតុលាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ