សង្គមស៊ីវិលថាការឃាត់ខ្លួនអ្នកសារព័ត៌មានវីអូឌីពាក់ព័ន្ធការថតរូបនៅបរិវេណភ្នំតាម៉ៅនាំឱ្យមានចម្ងល់ថាតើ«មានអ្វីលាក់លៀម»នៅទីនោះ

សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស ចាត់ទុកការឃាត់ខ្លួនអ្នកសារព័ត៌មានវីអូឌីដែលចុះថតរូបនៅបរិវេណភ្នំតាម៉ៅថានាំឱ្យមានចំណោទសួរថាតើ«មានអ្វីលាក់លៀម»នៅទីនោះ? ខណៈការថតរូបជាសាធារណៈគឺជាសេរីភាពរបស់ពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១។

ការបង្ហាញចម្ងល់នេះធ្វើឡើងបន្ទាប់ពីអ្នក​សារ​ព័ត៌មានវីអូឌី៥​នាក់និង​​ក្រុម​យុវជន​ខ្មែរថាវរៈ​៤នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្តតាកែវ​ឃាត់​ខ្លួន​ពេល​ចុះ​ថតរូប​នៅ​បរិវេណ​ភ្នំ​តាម៉ៅនៅថ្ងៃទី ១៦ ខែសីហានេះ។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព លើកឡើងថា ជាទូទៅនៅតំបន់សាធារណៈមិនគួរមានការហាមឃាត់ថតរូបឡើយ។ ក្រៅពីនោះ អ្នកស្រីថា រដ្ឋាភិបាលបានសម្រេចលុបចោលគម្រោងឱ្យក្រុមហ៊ុនឯកជនឈូសឆាយអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅហើយ ដូច្នេះមិនគួរមានការរំខានដល់កិច្ចការអ្នកសារព័ត៌មានថែមទៀត។

មន្ត្រីសិទ្ធិមនុស្សរូបនេះថា អ្នកសារព័ត៌មានជាជនដែលត្រូវផ្តល់បរិយាកាសអំណោយផលឱ្យពួកគេបានបំពេញភារកិច្ច តាមវិជ្ជាជីវៈរាយការណ៍ និងសិទ្ធិរបស់ខ្លួនតាមច្បាប់។ បើមានការហាមឃាត់ រាំងខ្ទប់ដល់សូម្បីតែការចុះថតរូបនៅតំបន់អភិរក្សរបស់អ្នកសារព័ត៌មាននោះនឹងនាំឱ្យមានចម្ងល់ថាតើនៅតំបន់នោះមានអ្វីលាក់លៀម។

អ្នកស្រីថា៖ «ជាតំបន់សាធារណៈវាអត់មានអីត្រូវមកហាមឃាត់! ហើយពួកគាត់មិនគួរត្រូវគេឃាត់ខ្លួនហើយសាកសួរនោះទេព្រោះតំបន់ហ្នឹងគឺត្រូវបានលុបចេញអំពីការសម្រេចក្នុងការប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនហើយបានន័យថានៅរក្សាជាដីព្រៃសាធារណៈរបស់រដ្ឋអីហ្នឹង […] ហើយបើសិនជាអ្នកសារព័ត៌មានមិនអាចធ្វើការរាយការណ៍ ឬក៏ធ្វើអីហ្នឹងចឹងវានាំឱ្យមានចំណោទជុំវិញថាតើនៅតំបន់ហ្នឹងមានអីលាក់លៀមទៅវិញ? ចឹងនេះជាបញ្ហាចោទដែលពាក់ព័ន្ធទាំងសិទ្ធិសេរីភាពសារព័ត៌មានផង ហើយនិងចំណោទជុំវិញតំបន់អភិរក្សហ្នឹងផងដែរ»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី ចាត់ទុកការដែល

ការឃាត់ខ្លួននេះ ថាបានរំលោភបំពានដល់មូលដ្ឋានគ្រឹះនៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផ្សេងៗដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ដែលគេបានដាក់តម្កល់នូវសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ គឺជារឿងសំខាន់។

លោកថា ការថតរូបជាសាធារណៈគឺជាសេរីភាពរបស់ពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១។

យ៉ាងណា លោកយល់ថាអាជ្ញាធរមូលដ្ឋានអាចនឹងមិនយល់ដឹងពីច្បាប់នេះ ទើបពួកគេទទួលតែបទបញ្ជា ហើយភ្លេចនូវការអនុវត្តច្បាប់ទៅវិញ។ លោកថា ជាទូទៅបទបញ្ជាមិនដែលធំជាងច្បាប់ ហើយបទបញ្ជាគឺមិនត្រូវដាក់ឱ្យមានការប្រាស់ចាកពីច្បាប់ដែរ។

លោកថា៖ «ការអនុវត្តមួយចំនួន ដូចជាការឃាត់ ហាមប្រាមមិនឱ្យអ្នកសារព័ត៌មានថតរូបហ្នឹង យើងមានដាក់ផ្លាកទេ?យើងមានដាក់ផ្លាកហាមប្រាមថាមិនឱ្យមានការថតទេ? បើសិនអត់បានដាក់ផ្លាកទេ អាហ្នឹងគឺអ្នកសារព័ត៌មានគាត់មានសិទ្ធិថតហើយ! គាត់មានសេរីភាពពេញលេញដែលមានគាំទ្រដោយច្បាប់រដ្ឋធម្មនុញ្ញ ដោយច្បាប់នៃរបបសារព័ត៌មាន ដោយច្បាប់អន្តរជាតិផ្សេងៗទៀត។ ហើយបើសិនជាមានដាក់ហាមប្រាមហ្នឹង ក៏គួរតែមើលទៀតថាតើការដាក់ហាមប្រាមហ្នឹង គឺវាសមស្របទៅតាមច្បាប់ទាំងអស់ហ្នឹងទេ»។

សមត្ថកិច្ចថ្នាក់លើ គួរតែពិនិត្យការបំពេញភារកិច្ចរបស់ថ្នាក់ក្រោមឱ្យបានល្អិតល្អន់ ដើម្បីធានាថាបុគ្គលគ្រប់រូប អនុវត្តស្របតាមច្បាប់ដែលមានជាធរមាន។

អ្នកសារព័ត៌មាន វីអូឌី ចំនួន ៥នាក់ ក្នុងនោះ​ជាជនជាតិខ្មែរ​​៤នាក់និង​បរទេស​ម្នាក់ត្រូវបាន​សមត្ថកិច្ច​ខេត្តតាកែវ​ឃាត់ខ្លួនខណៈ​ពួកគេ​ចុះយក​ព័ត៌មាននិង​ថតរូប​នៅក្នុង​បរិវេណភ្នំតាម៉ៅស្របពេល​​លោក​នាយករដ្ឋមន្ត្រីហ៊ុនសែនទើបតែ​​ចេញ​បញ្ជា​​ឱ្យ​​លុប​ចោល​​ទាំងអស់​​ចំពោះ​​សកម្មភា​ព​ដោះដូរ​និង​អភិវឌ្ឍ​តំបន់​ភ្នំតាម៉ៅក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាង​ច្រើន​។

ការឃាត់ខ្លួននេះ​ធ្វើឡើង​នៅព្រឹក​ថ្ងៃទី១៦ខែសីហា​នេះនិង​ត្រឹម​ជាង​១សប្តាហ៍​ប៉ុណ្ណោះក្រោយ​ចំណាត់ការ​​លោក​នាយក​រដ្ឋមន្ត្រី​លើករណីឈូសឆាយដីព្រៃ​​ភ្នំតាម៉ៅ​។

នៅពេល វីអូឌី ទាក់ទង​ទៅ​កាន់អ្នកកាសែតវីអូឌីដើម្បីសួរនាំ​ពី​ស្ថានភាព​នៃ​ការឃាត់ខ្លួនទូរស័ព្ទ​​របស់​នាង​​ត្រូវ​បាន​​អាជ្ញាធរ​​ដែល​​ឃាត់ខ្លួន​​នោះ​បាន​លើក​ទូរស័ព្ទ​ឆ្លើយតប​ជំនួស។នៅ​ពេលសួរថាហេតុអ្វីបាន​ជា​ចាប់ខ្លួន​អ្នកសារព័ត៌មានវីអូឌីមន្រ្តីរូបនោះ​ថាមិនមែន​ជា​ការ​ចាប់ខ្លួន​នោះ​ទេគ្រាន់តែ​ជាការ​​ហៅ​សួរ​នាំដោយ​សារ​អ្នក​សារព័ត៌មានវីអូឌីចូល​ថតរូប​តំបន់​អាជ្ញាធរ​ហាមឃាត់។ទោះជា​យ៉ាងណាមន្រ្តីរូបនោះ​បដិសេធ​មិន​ប្រាប់​ឈ្មោះនិង​តួនាទី​របស់គាត់​នោះ​ទេ​។

មន្រ្តីមិនប្រាប់ឈ្មោះ​ថ្លែងថា៖«នេះ​ជា​ទូរសព្ទ​របស់មីអូន [អ្នកសារព័ត៌មានវីអូឌី ] ទេតែ​​ទូរសព្ទ​នេះ​​ខ្ញុំ​កាន់! [វីអូឌីបារម្ភពី​សុវត្ថិភាព​​ក្រុម​ការងារ​ថាយ៉ាង​ណា​ហើយ?] កុំភ័យ ងាប់ ១ សង ២០។ ក្រោមការដឹកនាំ បទបញ្ជា មិនឱ្យបងប្អូនណា​ថតផ្សព្វផ្សាយទេ។ [តើគាត់ខុស​អីបាន​មានការឃាត់ខ្លួន?] មិនមាន​ខុស​អីទេគ្រាន់តែ​មាន​បំរាមហាម​មិន​ឱ្យថត​ហើយ​គាត់​ថត​ចឹង​»។

ស្ត្រីអ្នកយកព័ត៌មានវីអូឌីមួយរូប បាន​ប្រាប់​តាម​ទូរសព្ទក្រោយ​ពី​អាជ្ញាធរ​ហុច​ឱ្យ​និយាយ​មក​កាន់​សហការី​ថា​មូលហេតុ​នៃ​កា​រ​ចាប់​ខ្លួន​គឺ​ដោយ​សារ​អាជ្ញាធ​រចោទ​ពួកគាត់ថាបាន​ថតរូបហើយ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​កាន់ទី​បញ្ជា​ការដាំដើម​ឈើ​ក្នុងបរិវេណ​ភ្នំតាម៉ៅ​។ ទោះជា​យ៉ាងណា ក្រោយមកអ្នកសារ​ព័ត៌មាន​ទាំង៥នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​។

ក្រៅពីអ្នកសារព័ត៌មានវីអូឌី ចំនួន ៥​នាក់​នេះ​នៅ​មាន​ក្រុមយុវជនខ្មែរថាវរៈចំនួន៤នាក់​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​អធិការ​ដ្ឋាន​​នគរបាល​ស្រុកបាទី​ផងដែរ​។យុវជនទាំង ៤នាក់​នោះរួមមាន​លោកហ៊ុនវណ្ណៈកញ្ញាឈឿនដារ៉ាវីកញ្ញាឆែមស្រីគានិងលោកសុគន្ធតុលា​។

កញ្ញា ឈឿន ដារ៉ាវី បានប្រាប់ វីអូឌី នៅមុននេះ​ថា៖«ពួក​ខ្ញុំត្រូវគេ​ចាប់ហើយមក​នគរបាល​ស្រុកបាទី»។

ទោះជា​យ៉ាងណា នៅមុនពេល​ចេញដំណើរ​ទៅកាន់​ភ្នំតាម៉ៅ​កាលពីព្រឹកមិញនេះកញ្ញាឈឿនដារ៉ាវីបានប្រាប់វីអូឌីថាក្រុម​យុវជន​ខ្មែរ​ថាវរៈ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំតាម៉ៅ​ដើម្បី​ប្រមូល​ស្នាមមេដៃ និង​គ្រោង​ដាក់​ញត្តិ​ទៅ​កា​ន់មន្ទីរកសិកម្ម​ខេត្តតាកែវនៅវេលាម៉ោង២រសៀលថ្ងៃទី១៦ខែសីហានេះ​ដើម្បី​ស្នើឱ្យ​ប្រធាន​​មន្ទីរកសិកម្ម​ខេត្តតាកែវលោកញិបស្រ៊នបកស្រាយ​អំពី​ព័ត៌មាន​ដែលថាមាន​សកម្មភាព​ខួងរណ្តៅ​ជម្រៅ​ជ្រៅ​បោះបង្គោល​នៅជុំវិញតំបន់ភ្នំតាម៉ៅដោយ​​មិន​ឱ្យប្រជាពលរដ្ឋ​ចូលទៅ​ដាំកូនឈើនិង​មិន​ឱ្យអ្នក​សារព័ត៌មាន​ចូលទៅ​ក្នុងបរិវេណ​នៃតំបន់​នោះ។

ជាការកត់សម្គាល់ ការឃាត់ខ្លួនអ្នកសារព័ត៌មានវីអូឌីនិងក្រុមយុវជនខ្មែរថាវរៈនេះ ស្របពេលអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) កំពុងធ្វើទស្សនកិច្ចការងារជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីជួបជាមួយប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន អ្នកពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល។

ក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ លោក ហ៊ុន សែន​បាន ប្រាប់ទៅអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ថាកម្ពុជាបានផ្ដល់ជាអាទិភាពលើសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានព័ត៌មាន ខណៈរាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តទាំងអស់ គឺធ្វើឡើងដើម្បីការពារពលរដ្ឋ និងទប់ស្កាត់អំពើល្មើសច្បាប់ដែលបង្កអស្ថិរភាពសង្គម​។ ទោះជាយ៉ាងណា សង្គមស៊ីវិលមើលឃើញថាកម្ពុជាមិនទាន់បានគោរពសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកកាសែតពេញលេញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ