ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​ដើម្បី​បង្ក្រាប​ក្រុម​ធ្វើ​សកម្មភាព​ចាប់​ពលរដ្ឋ​បែប​អនាធិបតេយ្យ

កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើតក្រុមប្រតិបត្តិការ​ចំនួន៩ក្រុមនៅគ្រប់ខណ្ឌ​ទាំងអស់​ ដើម្បី​ចុះ​ល្បាត ទប់ស្កាត់ និ​ងបង្ក្រាបកម្លាំងអនាធិបតេយ្យ ដែលធ្វើ​សកម្ម​ភាព​ចាប់​ឃាត់​ខ្លួន​ប្រជាពលរ​ដ្ឋ​បែបអនាធិប​តេយ្យ ដោយមិន​មានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន។​

យោងតាមសេចក្ដីសម្រេច ស្តីពី «ការចាត់តាំងបញ្ជាការដឹកនាំនិងក្រុមប្រតិបត្តិការ​ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួន​ប្រជាពលរដ្ឋបែបអនាធិបតេយ្យ» ចុះថ្ងៃទី៥ ខែសីហា ដែលត្រូវបាន​ផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ បានសម្រេចចាត់តាំងលោក គល់ យី ស្នងការ​រងទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមេបញ្ជាការ និងមាន​​មេបញ្ជាការរង រួម​នឹង​ប្រធាន អនុប្រធាន និងសមាជិក​ សរុបចំនួន២៦០នាក់ ដើម្បីអនុវត្តការងារនេះនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ 

សេចក្ដីសម្រេចបន្តថា ក្រុមការងារត្រួតពិនិត្យ មានភារកិច្ចចុះត្រួតពិនិត្យ រក្សាសណ្ដាប់ធ្នាប់ ទប់ស្កាត់ និងបង្ក្រាបក្រុមជនដែលធ្វើសកម្មភាពចាប់ឃាត់មនុស្សអនាធិបតេយ្យ ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ ហើយ​ក្រុមប្រតិបត្តិនីមួយៗ​ត្រូវបែងចែកកម្លាំងទទួលខុសត្រូវ ២៤​លើ​២៤ម៉ោង និង​ធ្វើ​ផែនការសកម្មភាពនិងប្រក្រតិទិនការងារ រួមទាំងកំណត់តំបន់ស្មុគ​ស្មាញ តំបន់ប្រឈម តំបន់ដែលមានហេតុការណ៍ឃាត់​ខ្លួន​អនា​ធិប​តេយ្យ​ញឹកញាប់ ដើម្បីឱ្យការងារទប់ស្កាត់និងបង្រ្កាបនេះធានាបានប្រសិទ្ធភាព។

ប្រភពដដែលបន្តទៀតថា ក្រុម​ប្រតិបត្តិការត្រូវធានាគ្រប់គ្រងស្ថានភាពនៅកន្លែងកើតហេតុ និងសម្របសម្រួល ដើម្បីស្វែងរកអត្តសញ្ញាណអង្គភាពនិងអ្នកទទួលខុសត្រូវ ហើយត្រូវទាក់​ទង​ក្រុមប្រ​តិបត្តិការ ដើម្បីបញ្ជូនកម្លាំងជំនួយមកគ្រប់គ្រង​សភាពការណ៍ ព្រមទាំងអនុវត្តវិធានការដោយចាប់បង្ខំ នាំយកអ្នកពាក់ព័ន្ធទាំងអស់មកអង្គភាពដើម្បីស្រាវជ្រាវនិងស៊ើបអង្កេត។

សេចក្តីសម្រេចនោះគូសបញ្ជាក់ដែរថា៖ «[ក្រុមប្រតិបត្តិការ] ត្រូវបញ្ចៀសឱ្យ​បាន​ក្នុងកម្រិត​ខ្ពស់​ចំពោះការប្រើប្រាស់អាវុធធ្វើជាដំណោះស្រាយជាមួយបញ្ហា ប៉ុន្តែក្នុងលក្ខខណ្ឌដើម្បីការ​ពារ​ការគំរាមកំហែង ត្រូវប្រើប្រាស់ឱ្យ​ស្របតាមវិជ្ជាជីវៈ និងមានការគិតគូរពីហានិភ័យដល់ប្រជា​ពលរដ្ឋដែលនៅជិតៗទីកន្លែងនោះ»។

លោក​ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលត្រូវបានចាត់តាំងជាមេបញ្ជាការ​ក្នុងការអនុវត្តការងារនេះ មានប្រសាសន៍យ៉ាងខ្លីថា ក្រុម​ប្រតិ​បត្តិ​ការនឹង​ចេញ​បង្ក្រាប​លើ​ក្រុមមាន​សកម្ម​ភាព​ឃាត់​ប្រជា​ពលរដ្ឋ​ដោយ​​មិនមាន​មូលហេតុ​ច្បាស់លាស់។

លោកថា៖ «ចាប់តែក្រុមណាធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋអីខុសច្បាប់ខុសអីហ្នឹង! មិនមាន​​អីច្បាស់លាស់អីហ្នឹងណាស់! […. ] ក្រុមប្រតិបត្តិការមានឯកសណ្ឋាន ហើយ​ការងារដូចមាននៅក្នុងសេចក្ដីសម្រេច»។

ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ សុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាន​បង្ហាញការគាំទ្រចំពោះការបង្កើតក្រុមការងារនេះ ខណៈ​កន្លងមក លោកធ្លាប់​បាន​​​​ឃើញ​​​ករណី​ដេញចាប់ប្រជាពលរដ្ឋដោយ​ផ្ទាល់ពីសំណាក់សមត្ថកិច្ចដែលមានឯកសណ្ឋានផង និងស្លៀកពាក់ស៊ីវិល​ផង បានជិះម៉ូតូដេញតាមចាប់ពលរដ្ឋ ឬបានហៅប្រជាពលរដ្ឋដែល​កំពុងធ្វើដំណើរតាមដងផ្លូវឱ្យ​ឈប់ ទាំងដែលពលរដ្ឋមិនដឹងថាខ្លួនបានប្រព្រឹត្តអ្វីខុស។

លោកបន្តថា ករណីខ្លះក៏មានជនខិលខូចមួយចំនួនបាន​​​បន្លំខ្លួននិង​​ស្លៀកពាក់ជាសមត្ថកិច្ច ដើរ​ចុះ​ចាប់​ប្រជាពលរដ្ឋ​​តាម​ដង​ផ្លូវនៅពេលយប់​ និងបានសម្លុត​ទាម​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញជាដើម។  

តែយ៉ាងណា បុរសវ័យ៤២ឆ្នាំរូបនេះបានស្នើឱ្យ​ក្រុមការងារប្រតិបត្តិដែលទើបបង្កើតថ្មីនេះ អនុវត្តការងារឱ្យបានសកម្ម មាន​តម្លាភាព និងចៀសវាងការប្រកាន់បក្ខពួក ដើម្បីរក្សា​សន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ​។

លោកថា៖ «ចំពោះខ្ញុំគិតថាបង្កើតក្រុមហ្នឹង​គឺ​ល្អ ប៉ុន្តែត្រូវឱ្យមានតម្លាភាព​ផង​ពាក់ព័ន្ធនឹងការបង្កើត​ហ្នឹង​។ ជួនកាលការដោះស្រាយ ដោះស្រាយ​គឺ​ប្រកាន់​បក្ខ របៀបបក្ខពួកនិយម​ក្នុង​ការដោះ​ស្រាយ​។ អ៊ីចឹងកំហុសហ្នឹង គឺធ្លាក់លើប្រជាពលរដ្ឋដដែល […]​ ខ្ញុំធ្លាប់ជួបករណីមួយ មើលព័ត៌មាននៅពោធិ៍​ចិនតុង មានស្លៀកពាក់ប៉ូលិស តែគាត់ជនខិលខូចទេ ដែលបន្លំខ្លួនជាប៉ូលិសចាប់ឃាត់ខ្លួនគេអ៊ីចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ