លោក ស ខេង ណែនាំ​ជាថ្មី​ឱ្យ​ពង្រឹងការ​អនុវត្ត​ច្បាប់​និង​ដោះស្រាយ​បញ្ហាប្រឈម ខណៈ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែខ្ពស់

រថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវលំភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មករ កម្មការិនី យ៉ាងហោចណាស់ចំនួន ២៧នាក់ រងរបួសធ្ងន់ស្រាល។ (គេហទំព័រ អគ្គស្នងការនគរបាលជាតិ)

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ជំរុញជាថ្មី​ឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍​ផ្លូវ​គោក និងស្ថាប័នពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងពិនិត្យឡើងវិញនូវចំណុចអវិជ្ជ​មាន​ទាំងឡាយ ដើម្បីដោះស្រាយបញ្ហាប្រឈម ខណអត្រាគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៦ខែ​ដើមឆ្នាំនេះ បានកើនឡើង ​បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការណែនាំនេះបានធ្វើឡើងនៅក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ នៅ​​ក្រសួងសាធារណការ និងដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងកិច្ចប្រជុំនោះ​ លោក ស ខេង បានលើកឡើង​​ថា​ គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈ​ពេល​៦ខែដើម​ឆ្នាំ​២០២២​នេះ តម្រូវឱ្យមានការត្រួតពិនិត្យឡើងវិ​ញរា​ល់ចំណុចអវិជ្ជមាន ដើម្បីពិនិត្យ​ដោះ​​ស្រាយបញ្ហាប្រឈម ដូចជា មូលហេតុនៃគ្រោះថ្នាក់​ដោយសារការបើកបរលើសល្បឿនកំណត់ និងការមិនពាក់មួកសុវត្ថិភាព ជាដើម។

លោកបន្តថា៖ «យើងប្រមូលផ្ដុំបញ្ហា​ដើម្បីឈានទៅដោះស្រាយឱ្យចំបញ្ហានោះ។ យើងផ្សព្វ​ផ្សាយ​និង​អប់​រំ​ប្រជាពលរដ្ឋទូទៅ វាជាការចាំបាច់ហើយ ប៉ុន្តែយោបល់ខ្ញុំ គឺថាអ្នកពាក់ព័ន្ធផ្ទាល់តែម្តង ​ត្រូវតែត្រួតពិនិត្យ អប់រំ និងអនុវត្តវិន័យ និងច្បាប់តឹងរ៉ឹង»។

ករណីនេះ លោក​បានជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្កើនការអប់​រំ​អំពី​ច្បាប់ និង​បទ​ដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​ច្បាស់ ​ទូលំទូលាយ និងផ្តោតឱ្យចំគោលដៅ ព្រមទាំង​ពង្រឹងគុណភាពសាលាបង្រៀនបើកបរយានយន្ត ដោយ​ពិនិត្យ​លើ​ការ​លើក​​កម្ពស់​សមត្ថភាព​គ្រូ កំណែទម្រង់កម្មវិធីសិក្សា និងគុណភាពនៃការប្រលង​យកបណ្ណ​បើកបរ ជាដើម។

លោកក៏បានណែនាំឱ្យបន្តគាំទ្រការបំពាក់កាមេរ៉ា​អចល័តតាមដងផ្លូវជាតិ និងរិះរកវិធីកាត់បន្ថយ​ការកកស្ទះចរាចរណ៍ ព្រមទាំងទប់ស្កាត់ការដឹកជញ្ជូនលើសកម្រិតកំណត់ផងដែរ។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី​ មិន មាណាវី បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​ដែលបានកើតឡើង​នៅ​ទូទាំងប្រទេសសរុប១ ៦០៩​លើក ក្នុង​នោះកើតឡើងពេលយប់មាន៥៧ភាគរយ និងក្នុងចំណោមជនរងគ្រោះសរុប មានស្លាប់៩៤២នាក់ ស្មើនឹង៣០ភាគរយនៃជន​រងគ្រោះ និងអ្នករងរបួសសរុបមានជាង ២ ២០០​នាក់។

ចំណែកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍វិញ លោកស្រីថា រួមមាន ​ល្មើស​ល្បឿន​៣៨​ភាគ​រយ បើក​បរមិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ ជែង១១ភាគរយ បត់ក្នុង​ស្ថានភាពគ្រោះថ្នាក់១១ភាគរយ ស្រវឹង​៣ភាគរយ កត្តា​យានយន្ត២ភាគរយ និងងងុយគេង​១ភាគរយ។

លោកស្រីបន្ថែមថា ​គ្រោះថ្នាក់ដែលបានកើតឡើងភាគច្រើន គឺ​នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។

បើតាមលោកស្រី មិន មាណាវី ក្នុង​ឆមាស​ទី១ ​ឆ្នាំ​២០២២ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៣៤៨លើក ស្មើ២៨ភាគរយ អ្នកស្លាប់កើន ២៣៣នាក់ ស្មើ៣៣ភាគរយ និងរបួសកើន ៤៤៣នាក់ ស្មើ២៥ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ