សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ ប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងរាជធានី ភ្នំពេញទុកជាបានការដដែល លើសំណុំរឿងក្រុមយុវជនខ្មែរថាវរៈ សកម្មជនបក្សប្រឆាំង និងសង្គមចំនួន៩នាក់ ពាក់ព័ន្ធនឹងបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
ក្រុមយុវជនខ្មែរថាវរៈ សកម្មជនបក្សប្រឆាំង និងសង្គមទាំង៩នាក់នោះ រួមមាន លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ, លោក កើត សារ៉ាយ, កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក មាន ព្រហ្មមុនី និងលោក មួង សុភ័ក្ត្រ ដែល ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ចំណែកឯមន្ត្រីបក្សប្រឆាំង២នាក់ទៀតត្រូវបានចោទប្រកាន់ពីបទ «ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
អតីតសមាជិកខ្មែរថាវរៈ កញ្ញា សូ មេត្តា យល់ថា ការតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការនេះ គឺជារឿងអយុត្តិធម៌ និងជាការរំលោភលើសិទ្ធិមនុស្សតាំងពីដំបូងមកម៉្លេះ។ កញ្ញាយល់ថា ការតម្កល់សាលក្រមនេះទៀតសោត គឺជាការដាក់គំនាបលើសេរីភាពរបស់ពួកគេ ដែលនៅតែប្រឈមជាមួយការចោទប្រកាន់របស់តុលាការដដែល។
កញ្ញាថា៖ «យើងរាល់ថ្ងៃ យើងជាប់គុកឥតជញ្ជាំងអ៊ីចឹង ព្រោះអីនៅតុលាការគាត់នៅតម្កល់ [បណ្ដឹង] ទុក បើគាត់អត់កាត់ទោសផាំងៗថាយើងរួចពីបទចោទឬក៏អត់ទេ ហើយយើងនៅតែទៅមកទៅមក ខាតពេលវេលារៀនសូត្រដដែល»។
លោក មួង សុភ័ក្ត្រ ជាអតីតប្រធានក្រុម១០០រាត្រីរបស់លោកបណ្ឌិត កែម ឡី បានយល់ថាការដែលសាលាឧទ្ធរណ៍សម្រេចបែបនេះ គឺជាការវាស់វែងសេរីភាពលើពលរដ្ឋខ្លួនឯងមិនឱ្យមានសំឡេងរិះគន់ កែលម្អនោះទេ។ លោកបន្តថា ការបន្តបង្រ្កាបលើសំឡេងយុវជនបែបនេះ មិនបានផ្ដល់ផលចំណេញអ្វីនោះទេ មានតែប៉ះពាល់លើកេរ្តិ៍ឈ្មោះពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។
លោកថ្លែងដោយប្រៀបធៀបថា៖ «គេថាត្រី បើគេលែងមកហើយ គេមិនលែងឱ្យមានសេរីភាពល្អទេ ជួនកាលគេជីកស្រះមួយ គេទុកត្រីនៅក្នុងហ្នឹង នៅពេលណាដែលត្រីធំជាងហ្នឹងទៀត គេនឹងអាចប្រមូលមកវិញបាន។ អ៊ីចឹងយើងសម្ដែងនូវការខកចិត្ត យើងពុំមានជំនឿចិត្ត យើងពុំទុកចិត្តតុលាការតាំងពីដើមមកហើយ»។
ទោះជាយ៉ាងណា លោក មួង សុភ័ក្ត្រ ថាការសម្រេចរបស់សាលាឧទ្ធរណ៍មិនអាចឱ្យរូបលោកឈប់ធ្វើសកម្មភាពតស៊ូមតិនោះទេ ព្រោះថា រដ្ឋធម្មនុញ្ញកម្ពុជាចែងថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យដែលអនុញ្ញាតិឱ្យពលរដ្ឋសម្ដែងមតិ ដូចនេះលោកថាមានតែបន្តការតស៊ូមតិតាមផ្លូវច្បាប់បែបនេះទេ ទើបអាចជាគំរូដល់យុវជនជំនាន់ក្រោយបាន។
លោកថា៖ «ដល់ពេលយើងខ្លាចនូវការចាប់ចង[របស់]គេ យើងគិតថាប្រទេសយើងពុំមានអ្នកតស៊ូទេអ៊ីចឹង? អ៊ីចឹងបើយើងមិនបង្កើតគំរូ បើយើងមិនធ្វើមនុស្សដែលហ៊ាននិយាយ ហើយមិនហ៊ានធ្វើ ហើយប្រទេសដែលមានច្បាប់ស្រាប់ហ្នឹងទៅធ្វើ យើងមិនបានបំពានគេទេ បើយើងនៅតែខ្លាចធ្វើទៀត មិនអាច[ធ្វើជា]គំរូដល់អ្នកដទៃទេ»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថាលោកស្រីមិនមានការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍នេះទេ ព្រោះថា កន្លងមកទាំងអង្គការលោកស្រីផ្ទាល់ និងអង្គការសិទ្ធិមនុស្សផ្សេងទៀតបានទាមទារឱ្យទម្លាក់បទចោទប្រកាន់តាំងពីដំបូងមក ម្ល៉េះ។
លោកស្រីថា៖ «ហើយយើងដឹងថា ករណីនេះ តាំងពីដើមឡើយ សម្រាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិលដទៃទៀត គឺយើងធ្លាប់អំពាវនាវរួចហើយថា ពួកគាត់មិន[គួរ]ត្រូវបានគេចាប់ខ្លួន និងដាក់ទោសទណ្ឌ ដោយគ្រាន់តែគាត់អនុវត្តនូវសិទិ្ធសេរីភាពជួបជុំដោយសន្តិវិធី»។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យយុវជនខ្មែរថាវរៈ និងសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដាក់ពន្ធនាគារម្នាក់ៗ ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល (២ ០០០ ០០០រៀល) ពាក់ព័ន្ធនឹងបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ប៉ុន្តែតុលាការបានបង្គាប់ឱ្យពួកគេអនុវត្តទោសក្នុងពន្ធនាគារជាង១ឆ្នាំ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងរយៈពេល២ឆ្នាំ។ ពួកគេត្រូវបានសមត្ថកិច្ចដោះលែងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៕