តុលាការ​ចេញ​ដីកា​កោះហៅ​ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​បក្សសង្រ្គោះជាតិ​ចំនួន​៣៤នាក់​ឱ្យ​ចូលរួម​សវនាការ​ក្នុង​ខែកញ្ញា

ក្រុម​មន្ត្រី​សមត្ថកិច្ច​យក​ដីកាកោះហៅ​អតីត​មេដឹកនាំ​និង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ បិទ​នៅ​ទីតាំង​អតីត​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ជាថ្មីម្ដងទៀត តុលាការបានចេញដីកាបង្គាប់ឱ្យមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​​​ដែល​​ត្រូវ​​បា​ន​​​​​តុលាការកំពូលរំលាយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ និងអ្នកគាំទ្រប្រមាណ៣៤នាក់ទៀត ត្រូវចូល​​ខ្លួន​សម្រាប់​​ស​​វ​​នាការ ដែលតុលាការគ្រោង​បើកការជំនុំជម្រះ នៅដើមខែកញ្ញា ខាងមុខនេះ ទា​ក់​​​​ទិនបទចោទ «​រួម​​​គំ​​និតក្បត់»។

អង្គហេតុនៃសំណុំរឿងមួយទៀតនេះ គឺភ្ជាប់ទៅនឹងសកម្មភាពរបស់លោកស្រី មូរ សុខហួរ អតី​​ត​តំ​​ណាងរាស្រ្តគណបក្សជំទាស់ ដែលគ្រោងធ្វើមាតុភូមិនិវត្តន៍មិនបានសម្រេចកាលពីឆ្នាំ២០២០ ដើ​​ម្បី​​​​​​ត​​តាំង​​​ក្ដីនៅតុលាការ ប្រឆាំងការចោទប្រកាន់ ដែលគណបក្សជំទាស់ចាត់ទុកថា វាគឺជារឿង​​អ​​យុត្តិ​​ធម៌សម្រាប់ពួកគេ។

កាលពីថ្ងៃចន្ទម្សិលមិញនេះ នគរបាលយុត្តិធម៌បានយកដីកាបញ្ជូនរឿងជំនុំជម្រះ​ថ្មីទៀត ទៅ​​បិទ​​នៅនឹងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ ក្រុងភ្នំពេញ​​។ នៅក្នុងដីកា​​បញ្ជូន​​រឿង​នេះ គេ​​សង្កេ​​​​ត​ឃើញមានមន្រ្តីនយោបាយ​ជាន់ខ្ពស់មួយចំនួន រួមមាន លោក សម រង្ស៊ី រួម​​ទាំង​​អ្នកគាំទ្រគ​​ណបក្សប្រឆាំងដ៏ធំនេះប្រមាណ៣៤នាក់។

តាមរយៈដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលចេញដោយព្រះរាជអាជ្ញារង លោក សេង ហៀង កាល​​​ពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ គឺបង្គាប់ឱ្យមនុស្សទាំង៣៤នាក់នោះត្រូវចូលខ្លួន ដើម្បី​​ចូល​​រួម​​សវ​​នា​​ការដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញា ពេលព្រឹក នៅតុលាការរាជ​​ធានីភ្នំ​​ពេញ​​ ជាន់​​ទី​១​។

ចំណែកអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បដិសេ​​ធ​​​​យ៉ាងខ្លី​​ថា លោ​​ក​​នៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។

លោកបន្តថា៖ «ខ្ញុំមិនមានព័ត៌មាននេះទេ»។

យ៉ាងនេះក្ដី សម្រាប់លោក ម៉ែន សុថាវរិន្រ្ទ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចាត់ទុកថា ការ​​ចេញ​​ដីកាថ្មីបន្ថែមទៀតនេះ គឺគ្មានអ្វីក្រៅពីគំរាមកំហែង និងជាការឌឺដងទៅ​​សហគមន៍​​អន្តរ​​ជា​តិ​​​ទេ។ បើតាមអ្នកនយោបាយរូបនេះ វាលែងជារឿងថ្មីទៀតហើយសម្រាប់បរិបថនយោបាយ​​នៅ​​​កម្ពុជា​​សព្វថ្ងៃនេះ នៅពេលដែលមានសម្ពាធពីអន្តរជាតិកាន់តែខ្លាំង រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើទុក្ខបុកម្នេញ និងគាបសង្កត់​​មកលើអ្នកប្រជាធិបតេយ្យ​​ក៏កាន់តែ​​រន្ថាន់​​​​​ណា​​ស់​​​ដែរ។

លោកបន្តថា៖ «តាមខ្ញុំមើល វាដដែលៗទេ ព្រោះគាត់ដាក់ហ្នឹងដើម្បីបង្ខំ ដោយសារមានការជំរុញខ្លាំងពីអន្តរជាតិ ធ្វើយ៉ាងណាក៏ដោយ ព្រោះអ្វីដែលលោក ហ៊ុន សែន ធ្វើនេះ គឺធ្វើដោយការផ្ចាញ់។​​ ការ​​ធ្វើ​​នេះ​​ដោយផ្ចាញ់ខាងលោកសេរីទៅវិញទេ។ ប៉ុន្តែមកដល់ដំណាក់កាលនេះទៅហើយ ខ្ញុំសង្ឃឹមថា​​ គាត់​​នឹង​​ឱ្យពួក​យើង​​ត្រលប់ទៅវិញក្នុង​​ពេលឆាប់​។ អ៊ីចឹងយើងជឿជាក់ថា​​ នឹងបានវិលត្រលប់​​ទៅ​​វិញ​​ ព្រោះក្នុងដំណាក់កាលហ្នឹង ទូទាំងពិភពលោក គេកំពុងដំណើរការ»។

គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ៣ខែក្រោយ បន្ទាប់ពីសមត្ថកិច្ចចាប់​​ខ្លួន​​លោ​ក កឹម សុខា កាលពីយប់ខែកញ្ញា ឆ្នាំ២០១៧។ នៅអំឡុងពេលនៃការរំលាយគណបក្សជំទាស់​​ដ៏​​ធំ​​​​ជា​​ង​​​​​គេនេះ រដ្ឋា​​ភិបាលត្រូវរងការរិះគន់ពីសហគមន៍ជាតិនិងអន្ត​​រ​​​​ជា​​តិថា កម្ពុជាកំពុងតែទាញទម្លាក់​​ប្រជាធិ​​ប​​តេ​​យ្យ និងសិទ្ធិនយោបាយដែល​​​កំពុ​ងតែលូតលា​​ស់​​តាម​​រ​​យៈ​ការជួយជ្រោម​​ជ្រែង​​ពី​​​ស​​ហ​​​​គមន៍អន្តរជាតិ ​​ឱ្យធ្លាក់ចុះនិងដើរថយក្រោយ។

ចំណែកលោកមេធាវី សំ សុគង់ ដែលកាន់សំណុំរឿងនេះ ថ្លែងថា ដីកាបញ្ជូនរឿងនេះ គឺជាដីកាបើក​​ផ្លូវ​​ឱ្យ​​​​មាន​​ការជំនុំជម្រះ ក្រោយពីតុលាការបានបិទបញ្ចប់​ការស៊ើប​​អង្កេតរបស់ខ្លួន។ លោកបន្ត​​ថា​​ អង្គហេតុនៃសំណុំរឿងនេះ វាមិនមែនជាអង្គហេតុនៃការធ្វើមាតុភូមិនិវត្តន៍ថ្ងៃ ៩ វិច្ឆិកា ​​ដូច​​ដែល​​លោក សម រង្ស៊ី ធ្លាប់បានប្រកាសកន្លងទៅនោះទេ។ ប៉ុន្តែសំណុំរឿងនេះស្ថិតនៅក្នុងអង្គហេតុ​​ថ្មី​​មួយ​​​ទៀត គឺជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកស្រី មូរ សុខហួរ។

លោកបន្តថា៖ «រឿងហ្នឹងបើកការស៊ើបអង្កេតយូរហើយ។ យើងមើលរយៈពេលនៃបើកការស៊ើបអង្កេតហ្នឹង វាមានរយៈពេលជិត២ឆ្នាំមកហើយ។និយាយរួមទៅ ចាប់តាំងពីដើមឆ្នាំ២០២១ ហើយឥលូវ​​ចូ​ល​​មកដល់ចុងឆ្នាំ២០២២ហើយ។ អ៊ីចឹងដីកានេះមានន័យថា ជាការអញ្ជើញ ឬក៏កោះ​​ហៅជន​​ដែ​ល​​​ពាក់ព័ន្ធ ឬជនជាប់ចោទ ចូលរួមសវនាការ»។

លោក សម រង្ស៊ី និងមន្រ្តីនយោបាយផ្សេងទៀត រួមទាំងអ្នកគាំទ្ររបស់គណបក្សជំទាស់នេះផង ត្រូវ​​បានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារជាច្រើនសំណុំរឿងរួចមកហើយ ក្នុងអង្គហេតុផ្សេង​​ៗគ្នា រួម​​ទាំងអង្គហេតុថ្មីមួយនេះទៀត​​។​​ បើ​​គិតជាទោសដែលលោក ស​​ម រង្ស៊ី ត្រូវអនុវត្តនៅ​​ក្នុង​​ពន្ធ​​នា​​គារ គឺទំនងជាមានរយៈពេលច្រើនជាងអាយុរបស់មេដឹកនាំបក្សជំទាស់រូបនេះនាពេល​​បច្ចុ​​ប្ប​ន្ន​​ទៅ​​ទៀត​​​​ផង។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មិនជំទាស់ទេ ចំពោះ​​ការលើកឡើងថា ការកោះហៅនេះ វាជា​​នី​​តិវិធីដែលត្រូវអនុវត្តចំពោះ​​អ្នកពាក់ព័ន្ធ​​ក្នុងរឿងក្ដី តាម​​ផ្លូវ​​តុលាការ។ ក៏ប៉ុន្តែដំណើរការនីតិវិធីនេះធ្វើឡើង​​ជិតដល់ពេលបោះឆ្នោតផង មួយវិញទៀត​​ការអ​នុ​​វត្ត​​​​នេះ ក្នុង​កម្រិតមួយដែលមានទំហំធំខុសពីសព្វមួយដង។ ដូច្នេះ ​ចង់ឬមិនចង់ ឆ្លុះបញ្ចាំង​​ឱ្យ​​ឃើញ​​ថា សកម្មភាពនេះជារូបភាពនយោបាយច្រើនជាងការអនុវត្តផ្នែកបច្ចេកទេស។

លោកបន្តថា៖ «បើយើងមើលពីរឿងច្បាប់ និងពីនីតិវិធី អាហ្នឹងតុលាការឬអាជ្ញាធរ គេលើក​​ឡើងថា​​ វា​ជានីតិវិធីរបស់តុលាការ វាមិនពាក់ព័ន្ធនឹងរឿងនយោបាយ រឿងអីទេ។ ប៉ុន្តែបើយើងមើលពីទិដ្ឋ​​ភាព​​ជាក់ស្តែងនៅពេលនេះ ហើយកៀកពេលបោះឆ្នោតទៅទៀត ការកោះហៅក្នុងលក្ខណៈ​​ទ្រង់​​ទ្រា​​យ​​​​ច្រើនជាបន្តបន្ទាប់ វាហាក់បីដូចជាការបំភិតបំភ័យនិងការគំរាមកំហែងចំពោះ​​សកម្មភាព​​ន​​យោ​​បាយ​​របស់ពួកគាត់ហើយ»។

ឆ្លើយតបនឹងការរិះគន់ថា តុលាការចេញដីកាដែលតម្រូវអ្នកពាក់ព័ន្ធក្នុងរឿងក្ដី ចូលខ្លួន​​តតាំងក្ដីស្ទើ​​រគ្រប់​​អង្គ​​ហេតុនៃសំណុំរឿងនីមួយៗ ក៏ប៉ុន្តែបែរជាបិទផ្លូវទៅវិញ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តែងអះអាងជាញឹកញាប់ថា រដ្ឋាភិបាលដែលដឹកនាំដោយគ​​​ណបក្សប្រជា​​ជន​​កម្ពុ​​ជា មិនដែលបានបិទផ្លូវអ្នក​ដែលមានបំណងវិលចូល​​កម្ពុជាម្តង​​ណា​​នោះ​​ទេ។

មកដល់ពេលនេះ បើគេពិនិត្យអំពីជំហររបស់សហគមន៍អន្តរជាតិវិញ នៅតែចាត់ទុកថា ការរំលាយ​​បក្ស​​​​ប្រឆាំងនៅចុងឆ្នាំ២០១៧ និងការគំរាមកំហែងអ្នកតស៊ូមតិ គឺជារឿងនយោបាយ។

តាមរយៈ​​សេចក្តីថ្លែង​​ការណ៍រួមចុងក្រោយ កាលពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល២​​ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ប្រតិភូសមាជិកសភាសហរដ្ឋអា​​មេរិក ​​ទាំង​​ពីរ​​ថ្នា​ក់ មានទាំងរដ្ឋសភា និងព្រឹទ្ធសភាផង បានជំរុញបន្ថែមទៀតទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែដោះលែង​​អ្នកជាប់ឃុំ​​នយោបាយទាំងអស់ឱ្យមានសេរីភាពឡើង​​វិញ បញ្ច​ប់​​​រាល់ការបង្រ្កាបប្រឆាំង​​ក្រុមអ្នក​​នយោ​​បាយ​​បក្សជំទាស់ ហើយត្រូវបើកទូលាយឱ្យ​​​មានសិទ្ធិសេរី​ភាពនៃ​ការបញ្ចេញមតិ រួមទាំង​​សារព័ត៌​​មាន​​ឯករាជ្យផង។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ​ សហរដ្ឋអាមេរិកក៏ចង់ឃើញករណីលោក កឹម សុខា ត្រូវ​​បានដោះស្រាយដោយគ្មានលក្ខខណ្ឌ ហើយបើកផ្លូវឱ្យគណបក្សសង្រ្គោះជាតិបើកដំណើរការ​​ឡើ​ង​​​​វិញ ដើម្បី​​ចូល​រួមការ​​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាឆ្នាំ២០២៣ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ