លោក ហ៊ុន សែន ថ្លែង​ការពារ​ជាថ្មី​ថា​មិន​បាន​កាត់​កោះត្រល់​ឱ្យ​វៀតណាម

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងការពារជាថ្មីថា រូបលោកមិនបានកាត់ «កោះត្រល់» និង «កម្ពុជាក្រោម» ប្រគល់ទៅឱ្យវៀតណាមឡើយ ដោយថា​ ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ដែលបាត់ទៅ ដោយសារបារាំងជាអ្នកកាត់ឱ្យវៀតណាមទៅវិញទេ។

ការអះអាងនេះធ្វើឡើងក្រោយពេលសហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក សម រង្ស៊ី បានចេញមុខចោទប្រកាន់លោក ហ៊ុន សែន ជាថ្មីដែរថា នាយករដ្ឋមន្ត្រីក្នុងតំណែងរូបនេះជាជនក្បត់ជាតិ ដែលធ្វើឱ្យបាត់បង់កោះត្រល់ កាលពីឆ្នាំ១៩៨២។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងព្រមានថា សង្រ្គាមនៅកម្ពុជានឹងកើតឡើង បើសិនជាគណបក្សប្រជាជនកម្ពុជាមិនបានដឹកនាំប្រទេសនោះ។

លោកថា៖ «ពួកគេនេះ ឱ្យតែប៉ះវៀតណាម ដឹងតែរករឿងតែម្ដង។ អ៊ីចឹងបានខ្ញុំថា សង្គ្រាមនៅកម្ពុជាចៀសមិនផុតទេ បើសិនជាគណបក្សប្រជាជនមិនគ្រប់គ្រងអំណាច គឺសង្គ្រាមនឹងផ្ទុះ! ខ្ញុំហ៊ាននិយាយអ៊ីចឹង! ហេតុអី? មានកត្តាពីរសំខាន់ ចាំមើលទៅ! កត្តាប្រើពាក្យ ត្រៀមខ្លួនរឹបអូសពីអ្នកមានឱ្យអ្នកក្រ។ អ៊ីចឹងសង្គ្រាមផ្ទៃក្នុងនឹងផ្ទុះ ដែលម៉ែអាណាឱ្យហ្អែងរឹប [ទ្រព្យសម្បត្តិពីអ្នកមានចែកទៅអ្នកក្រ]? ទី២ ត្រៀមវាយយកទឹកដីដែលបានបាត់បង់។ អ៊ីចឹងសង្រ្គាមនៅកម្ពុជាជាមួយវៀតណាម ជាមួយថៃ ចៀសមិនរួច»។

លោក ហ៊ុន សែន ជំរុញគណបក្សនយោបាយដែលបានលើកឡើងបែបនេះ ដាក់ចេញផែនការក្នុងគោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងរឿងទាមទារទឹកដីពីប្រទេសវៀតណាមមកវិញ ប្រសិនបើពួកគេចិត្តសឿងនោះ។ លោកបញ្ជាក់ថា រឿងបាត់ទឹកដីទៅប្រទេសវៀតណាមនេះ រូបលោកបានពន្យល់ចំនួន៥ម៉ោងនៅក្នុងរដ្ឋសភារួចហើយ កាលពីឆ្នាំ២០១២។   

លោកនាយករដ្ឋមន្ត្រី ​ក៏បានបន្តថ្លែងការពារជាថ្មីថា រូបលោកមិនបានកាត់កោះត្រល់ និងកម្ពុជាក្រោម ប្រគល់ទៅឱ្យវៀតណាមឡើយ ដោយថា ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ដែលបាត់ទៅ ដោយសារបារាំងជាអ្នកកាត់ឱ្យទៅវៀតណាមតែប៉ុណ្ណោះ។

លោកថា៖ «ប្រវត្តិទឹកដីយើង វាបាត់បង់ពេលណា អ្នកណាស្នេហាជាតិជាងសម្ដេចព្រះបិតាជាតិ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋទៀត? តើព្រះអង្គដែលទារកម្ពុជាក្រោមត្រលប់មកវិញទេ? តើព្រះអង្គធ្លាប់ទៅទារយកកោះស៊ូគោ កោះត្រល់​ហ្នឹងត្រឡប់មកវិញ? តាមដែលព្រះអង្គត្រឹមទាមទារ​​តាម លីង[ខ្សែបន្ទាត់] ​ព្រីវីយេ តែប៉ុណ្ណឹង! ម៉េចក៏អ្នកឯងមកនិយាយថា ខ្ញុំជាអ្នកប្រគល់កោះត្រល់ឱ្យទៅវៀតណាម»។

លោកថា៖ «បើយើង[យោងតាម]ផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិ ទាំងទឹក ទាំងគោក គឺព្រំដែនរាល់ថ្ងៃដែលយើងកំពុងប្រើ ហើយមកដល់ម៉ោងនេះ វៀតណាមមិនទាន់ព្រមប្រើប្រាស់លីព្រីវីយេ ធ្វើជាព្រំដែននៅឡើយទេ ព្រំដែនទឹក។ បើចេះយកបាននោះ យកតាំង​ពីជំនាន់ព្រះករុណានោះ មិនចាំបាច់ដល់ជំនាន់ ហ៊ុន សែន ទេ!​ ហ៊ុន សែន កើតក្រោយកោះត្រល់ត្រូវបាត់ទេ! ត្រូវបានសភាបារាំងបោះឆ្នោតប្រគល់កាត់ទៅឱ្យវៀតណាម។ ពេលខាងមុខ អ្នកឯងប្រកាសក្នុងគោលនយោបាយអ្នក​​ឯងទៅ ខ្ញុំអត់ខ្វល់ទេ»។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែសីហានេះ ទំនងឆ្លើយតបជាមួយនឹងលោក សម រង្ស៊ី ដែលបានសរសេរលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ថារូបលោកជាអ្នកការពារបូរណភាពទឹកដីប្រទេសកម្ពុជា មិនមែនដូចលោក ហ៊ុន សែន ដែលកាត់ទឹកដីខ្មែរ ដូចជា កោះត្រល់ ឱ្យទៅបរទេសឡើយ។

ក្នុងកម្មវិធី “សំឡេងសង្គ្រោះជាតិ” កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ​លោក សម រង្ស៊ី បានបង្ហាញ​ឯកសារ​បញ្ជាក់ពីការទទួលខុសត្រូវរបស់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ តំណាងដោយលោក ហ៊ុន សែន និង ហេង សំរិន ក្នុងការធ្វើឱ្យ​ប្រទេសកម្ពុជាបាត់បង់កោះត្រល់។

លោក សម រង្ស៊ី ក៏បានលើកឡើងពីឯកសារដែលភ្ជាប់មកជាមួយនោះ គឺលោក ហ៊ុន សែន បានចុះហត្ថលេខាក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ជំនួសមុខឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។

លោក សម រង្ស៊ី បានថ្លែងថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ទៅប្រទេសវៀតណាម។ លោកចាត់ទុកសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ថាជាសន្ធិសញ្ញាខុសច្បាប់ ហើយកម្ពុជាក៏អាចតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បីទាមទារយកទឹកដីនោះមកវិញដែរ។

លោកថា៖ «អ្វីដែល[លោក] ហ៊ុន សែន និយាយ គឺខុសទាំងអស់គ្នា បារាំងអត់ដែលកាត់កោះត្រល់ទៅប្រទេសវៀតណាមទេ គ្រាន់តែពេលនោះ អាណានិគមបារាំងជាអ្នកគ្រប់គ្រងទាំងប្រទេសវៀតណាមខាងត្បូង ហៅកូសាំងស៊ីន ហើយ[នឹង]ប្រទេសកម្ពុជា»។

អតីតព្រះរាជលេខាផ្ទាល់របស់ព្រះ​បរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្តម សីហនុ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា តាំងពីឆ្នាំ១៩៤៩ ​រដ្ឋាភិបាលដឹកនាំដោយព្រះ​បរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលរបស់លោក លន់ នល់ ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ប៉ុល ពត ​ពីឆ្នាំ១៩៧៥ ដល់១៩៧៩ គឺគ្មានរដ្ឋាភិបាលខ្មែរណាមួយទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ។ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែល។

ចំណែករឿងកោះត្រល់វិញ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលបន្តថា មុនឆ្នាំ១៩៨៥ កម្ពុជាមិនបានលើកពីបញ្ហាកោះត្រល់​ ដោយសារកាលនោះ កោះត្រល់នៅជាកម្មសិទ្ធិរបស់ខ្មែររួចទៅហើយ។ ប៉ុន្តែព្រះបរមរតនកោដ្ឋ បានទាមទារឱ្យអន្តរជាតិទទួលស្គាល់ព្រំដែនខ្មែរដែលចេញកាលពីឆ្នាំ១៩៥៣ និងព្រំដែនខ្មែរដែលបារាំងផ្ទេរសិទ្ធិឱ្យកម្ពុជាគ្រប់គ្រងប្រទេសវិញ បន្ទាប់ពីទទួលបានឯករាជ្យ។

លោកថា៖ «បារាំងផ្ទេរសិទ្ធិទៅឱ្យខ្មែរយើងគ្រប់គ្រង យើងបានឯករាជ្យ គឺក្នុងផែនទីរបស់ខ្មែរ គឺមានកោះត្រល់នៅក្នុងហ្នឹង។ ហេតុដូច្នេះ យើងអត់មានទៅទាមទារអ្វីដែលយើងចាត់ទុកថាជារបស់យើងទេ។ មូលហេតុហ្នឹងហើយដែលព្រះបរមរតនកោដ្ឋ មិនទាមទារកោះត្រល់ គឺក្នុងផែនទីជាផ្លូវការដែលយើងទៅ​បង្រៀននៅក្នុងសាលារៀនសម័យសង្គមរាស្ត្រនិយម​ រហូតទៅដល់គេទម្លាក់លោក [១៨ មីនា ឆ្នាំ១៩៧០]។ ក្នុងផែនទីខ្មែរ គ្រប់ផែនទីខ្មែរជាផ្លូវការ គឺមានកោះត្រល់»។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបន្លំប្រវត្តិសាស្ត្រទាំងស្រុង។ លោកថា បើតាមឯកសារប្រវត្តិសាស្ត្រ បារាំងមិនបានកាត់កោះត្រល់ប្រគល់ឱ្យវៀតណាមឡើយ។ លោកបន្តថា លោក​ ហ៊ុន សែន កំពុងអះអាងជំនួសវៀតណាម ទម្លាក់កំហុសលើបារាំង ហើយបំភ្លៃប្រវត្តិសាស្ត្រពិត។

លោកថា៖ «ទម្លាក់កំហុសលើប្រវត្តិសាស្រ្ត បន្លំប្រវត្ដិសាស្ត្រ ទម្លាក់កំហុសលើបារាំង អតីតអគ្គទេសាភិបាលកូសាំងស៊ីន ក៏ខុស គឺបំពានឯកសារដើមរបស់លោក។ លោក ហ៊ុន សែន គួរតែសារភាពថាគាត់បានធ្វើកិច្ចព្រមព្រៀងជាមួយយួននេះ អាហ្នឹងបានត្រឹមត្រូវ ពីព្រោះគាត់បានយល់ស្របប្រគល់កោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅឱ្យយួន នៅឆ្នាំ១៩៨២ហ្នឹង អត់មានពីប្រវត្តិសាស្រ្តណាទេ។ ដូច្នេះ លោក ហ៊ុន សែន ល្មមភ្ញាក់រលឹកហើយ កុំបន្តបន្លំប្រវត្តិសាស្រ្តបន្តទៀត រឿងនេះជារឿងប្រព្រឹត្តអំពើក្បត់ជាតិ ពាក់ព័ន្ធនឹងការលក់ទឹកដី»៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ