សាលាដំបូង​ក្រុងភ្នំពេញ​ទទួល​យក​ភស្តុតាង​ដាក់បន្ទុក​របស់​តំណាង​អយ្យការ​ក្នុង​សំណុំរឿង​លោក កឹម សុខា

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សម្រាប់សវនាការលើកទី៥៣ នៅថ្ងៃពុធនេះ មិនសូវជាមានភាពតានតឹងដូចលើកមុនៗនោះទេ ហើ​​​យ​​គ្រប់ភាគីក្នុង​​បន្ទប់​​ជំនុំ​ជម្រះក៏មិនសូវប្រកែកគ្នាខ្លាំងដូចសព្វមួយដងដែរ ខណៈប្រធានក្រុម​​ប្រឹក្សា​ជំនុំជម្រះសម្រេ​​​ច​ទទួល​​យកភស្តុតាងថ្មីដែលតំណាងអយ្យការស្នើ​សុំបញ្ចូលបន្ថែមទៀតកាលពីសប្ដាហ៍មុន ក្នុងការដាក់បន្ទុកប្រឆាំង​​ជន​​ជាប់​ចោទ។

ជម្រាបអង្គជំនុំជម្រះ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហានេះ លោក កូយ សៅ ដែលជាប្រធាន​​ក្រុម​​ប្រឹក្សា​​ជំនុំជម្រះ បានប្រកាសថា ភស្តុតាងថ្មីដែលតំណាងអយ្យការស្នើបញ្ចូលបន្ថែមទៀតកាលពី​​សប្ដាហ៍​​​​​​មុន ពាក់ព័ន្ធ​​សំ​​ឡេ​​ង​​​​ខ្សែអាត់លោក ហូរ វ៉ាន់ នេះ តុលាការទទួលយក ព្រោះវា​​នៅ​​មាន​​ប្រ​​យោ​​ជ​​ន៍​​​​ដែលអាចយកមកប្រើប្រាស់ក្នុងការពិភាក្សាសួរដេញដោលបាន។

ស្របពេលដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឯកភាពថា ភស្តុតាងថ្មីដែលជាសំឡេងខ្សែអាត់នេះមា​​​​​​​ន​​​ប្រយោជន៍ដល់កិច្ចពិភាក្សា លោកចៅក្រមក៏បានជម្រាបអង្គជំនុំជម្រះថា សវនាការនេះក៏នឹ​​ង​​ជិត​​​​ដល់​​​​ទីបញ្ចប់ហើយដែរ។

សម្រាប់សវនាការលើកនេះ គេសង្កេតឃើញថា ទាំងតំណាងអយ្យការ និងមេធាវីការពារសិទ្ធិឱ្យ​​ដើ​ម​​​​​បណ្ដឹងរដ្ឋប្បវេណី បានព្យាយាមសួរដេញដោលលោក កឹម សុខា ភ្ជាប់ទៅនឹងសកម្មភាព​​នៃ​​កា​​រ​​ធ្វើ​​បាតុកម្មរបស់លោក វន់ ពៅ និងបាតុកម្មនៅផ្លូវវេងស្រេង។

ចម្លើយភាគច្រើននៅថ្ងៃនេះរបស់​​ជន​​​​​ជាប់ចោទ កឹម សុខា ព្យាយាមមិនឆ្លើយ ដោយគ្រាន់​​​តែអះ​​អា​​ង​ខ្លីៗថាបានឆ្លើយរួចហើយ ហើ​​យ​​​​​ពេលខ្ លះលោកអះអាងថា សំណួរទាំងនេះ​​ក៏សួររួច​​អស់​​ហើ​យ​​​​ដែរ ដូច្នេះលោកមិនដឹងត្រូវ​​ជម្រាប​​យ៉ាង​ម៉េចទៀតទេ។ ក៏ប៉ុន្តែតំណាងអយ្យការ លោក ឆាយ ហុង និងលោក ប្លង់ សុផល យល់​​ឃើញ​​ថា អ្វីដែលជនជាប់ចោទអះអាងនោះ វាដូចមិន​​សម​​ហេ​​តុ​​​ផល។

នៅក្នុងបន្ទប់ជំនុំជម្រះនៅថ្ងៃនេះ តំណាងអយ្យការបានស្នើសុំតុលាការចាក់ឃ្លីបវីដេអូ ចំនួន២​​ឃ្លី​​ប ដែ​​​ល​​​លើក​​ឡើងពីសកម្មភាពនៃការធ្វើបាតុកម្មនៅផ្លូវ​​វេងស្រេង ដែលមាន​​រយៈពេលជាង​​១០​​នា​​ទី ហើ​​យ​​​​​​មួយឃ្លីបទៀតគឺជាសកម្មភាពរបស់យុវជនទៅចែកនំបុ័ងឱ្យអ្នកធ្វើបាតុកម្ម​​នៅផ្លូវវេង​​ស្រេ​​ង ​ហើយពួកគេអះអាងថាជាតំណាងឱ្យលោក ហូរ វ៉ាន់។

ក្រៅពីនេះ តុលាការបានចាក់សំឡេងខ្សែអាត់លោក ហូរ វ៉ាន់ ជាថ្មីទៀត​​ ដែល​មានរយៈ​​ពេលជាង១​​នា​ទី។ លោក កឹ​ម សុ​​ខា ដែលស្ថិតនៅក្នុងរង្វង់ក្រចកសេះ នៅតែអះអាងថា ការដែល​​យកសំ​​ឡេង​​លោក ហូរ វ៉ាន់ ធ្វើ​​ជា​ភស្តុ​តាងដាក់បន្ទុកប្រឆាំងរូបលោកនេះ វាគឺជារឿងអយុត្តិធម៌ ព្រោះសំឡេង​​នៅ​​​​ក្នុងខ្សែអាត់នេះទើប​​តែ​​រក​​ឃើញនៅក្នុងឆ្នាំ២០២២។ មួយវិញទៀត សំឡេងនេះមិនដឹង​​​លោក ហូរ វ៉ាន់ បានសន្ទ​​នា​​​​​ជា​មួយអ្នកណាឱ្យ​​ប្រា​​កដ។

តាមរយៈសំឡេងជាខ្សែអាត់នេះ គេឮចេញ​តែពីភាគីម្ខាង គឺសំឡេងរបស់អតីតតំណាងរាស្រ្ត លោក ហូរ វ៉ាន់ ដោយគ្មានឮសំឡេងឆ្លើយសន្ទនាពីដៃគូម្ខាងទៀតនោះទេ បើទោះជាសំឡេងខ្សែអាត់នេះមា​​ន​​​រយៈពេលជាង១នាទីយ៉ាងណាក្ដី។

ចំណែកលោក អាង ឧត្ដម សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា ផ្តល់​​បទ​​សម្ភាស​​តាម​ទូរសព្ទ ក្រោយបញ្ចប់សវនាការថា អ្វីដែលតំណាងអយ្យការបន្តដាក់​​ភស្តុតាងថ្មី​​ទៀ​​ត​​​​​នេះ ឆ្លុះ​​​ប​​ញ្ចាំង​​​ឱ្យឃើញពីភាពចុះអន់ថយ ឬភស្តុតាងមុនៗគ្មានតម្លៃ សម្រាប់កិច្ចពិភាក្សាសួ​​រដេញ​​ដោលទៀតនោះទេ​​​​​​។​​ មិន​​តែប៉ុណ្ណោះ ការដែលតុលាការព្យាយាម​​ទាញគណបក្សសង្រ្គោះ​​ជា​តិដែល​​ត្រូវ​​បាន​​​​តុ​​លា​​កា​រ​​​​រំលាយ​ ភ្ជាប់ទៅនឹងសកម្មភាពជនជាប់ចោទ វាកាន់តែខុសពីការពិត ព្រោះ​​អ្វីដែលកូន​​ក្តី​​រ​ប​​ស់​​​​ខ្លួនធ្វើ វាមិនជាប់ទាក់ទិនទាល់តែសោះជាមួយគណបក្សនយោបាយ។

លោកបន្តថា៖ «វាអត់ត្រឹមត្រូវ។ ភស្តុតាងចេះតែដាក់មកច្រងេងច្រងាងពេញហ្នឹង យកធ្វើជាការមិន​​​កើត។ រឿងហ្នឹង ​​គេចង់បង្ហាញពីអំពើប្រទូសរ៉ាយដែលបង្កឡើងនិងចាត់ចែងដោយគណបក្ស​ស​​ង្រ្គោះ​​ជាតិ ឬចាត់​​ចែងឡើងដោយថ្នាក់ដឹកនាំគណបក្ស​​អីអ៊ីចឹងទៅណា។ តាមពិតរឿងនេះ វាមិន​ទាក់​​​​​ទងនឹងគណបក្ស គឺទាក់ទងបុគ្គលគាត់ផ្សេងគ្នា»។

សំណុំរឿងលោក កឹម សុខា ដែលកំពុងមានក្ដីក្ដាំនៅតុលាការពេល​នេះ ត្រូវគេចាត់ទុកថាជាសំណុំ​​រឿង​​ដែលបន្តអូសបន្លាយក្នុងការជំនុំជម្រះយូរជាងគេ សម្រាប់បរិបថនយោបាយ​​នៅកម្ពុជា។ ស​​វនា​​កា​​រ​​នេះមាន​​រយៈពេល​​​​​ប្រ​​មាណ២ឆ្នាំមកហើយ គិតចាប់ពីបើកការជំនុំជម្រះ តាំងពីដើមខែមករា ឆ្នាំ​​២​០​២០មក។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា បើ​​ទោះ​​ជាតុលាការព្យាយាមដាក់ភស្តុតាងថ្មីៗបន្ថែមទៀតក៏ដោយ ក៏មិនប្រាកដថាអាច​​នឹងរកទី​​បញ្ច​​ប់នៃសវនាការនេះបានដែរ ព្រោះគេដឹងជាទូទៅហើយថា ករណីលោក កឹម សុខា នេះ គឺជា​​រឿង​​ន​​យោបាយ។ លោកបន្តថា ប្រសិនបើការកំណត់យកយុត្តាធិការដូចអ្វីដែលតំណាងអយ្យការ​​លើក​​ឡើងថា រឿងភស្តុតាងនេះអាចដាក់បានគ្រប់ពេល ប្រសិនបើមាន។ ដូច្នេះ ការជំនុំជម្រះ​​នេះ វានឹង​​រក​​ទី​​​បញ្ចប់គ្មានទេ។ លើសពីនេះទៅទៀត អ្វីដែលកាន់តែអាក្រក់ជាងនេះ គឺការដែលចេះតែ​​បន្តអូស​​បន្លាយ​​​​​​ពេល​វេលានៃសវនាការនេះ វានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់​សិទ្ធិទទួល​​បានការជំនុំជម្រះ​​ដោ​​យ​​​ឆាប់​​​​​​រហ័ស​​របស់​​ជន​​ជាប់ចោទ ដែលសិទ្ធិនេះត្រូវធានាដោយច្បាប់។

លោកបន្តថា៖ «បើលើកឡើងពីភស្តុតាងថ្មីៗក្រោយអំឡុងពេលនៃការធ្វើដីកាសន្និដ្ឋានដំណោះស្រាយរបស់ចៅក្រមស៊ើបអីទៅទៀត អ៊ីចឹងយើងឃើញថា រឿង​​នេះគេដាក់ក្នុងកំណត់​​ឆ្នាំដែល​​​កន្លង​ម​ក ហើយបើយកដល់ឆ្នាំ២០២០ វាជារឿងមួយដែលចម្លែក ហើយបើចេះតែបន្ថែម​​រហូត​អ៊ីចឹង ​​វា​​ធ្វើ​​​​​​ឱ្យ​ប៉ះពាល់ គេហៅថាផលប្រយោជន៍ជនជាប់សង្ស័យហើយ»។

បើទោះជាបែបណា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បាន​​បញ្ជាក់ថា សំណុំរឿងលោក កឹម សុខា នេះ​​អាចនឹងពន្យារពេលដល់ឆ្នាំ២០២៤ ទើប​​អាច​​​​មានដំណោះស្រាយ។ ហាក់ផ្ទុយពីនេះ លោក Ad Ward J.Markey សមាជិកព្រឹទ្ធ​​សភារបស់​រដ្ឋ​​អា​មេ​​រិក ដែលទើបបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហា បាន​​ចេញ​សេចក្តីថ្លែងការណ៍រួម មួយថ្ងៃបន្ទាប់ពីចាកចេញពីកម្ពុជា ដោយជំរុញឱ្យរដ្ឋាភិបាលដែល​​ដឹកនាំ​​ដោយ​​គណបក្សប្រជាជនកម្ពុជា ត្រូវតែ​​ដោះ​​​​លែង​​លោក កឹម សុខា ឱ្យមានសេរីភាពវិញ ដោយ​​គ្មាន​​លក្ខ​ខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ