បុគ្គលិក​​ណា​ហ្គាវើលដ៍​បារម្ភ​ថា​ ​​អាជ្ញាធរ​អាច​នឹង​ប្រើ​ហិង្សា​ឡើង​វិញ​ក្រោយ​អ្នក​រាយការណ៍​​ពិសេស​UN​​ចេញ​ពី​កម្ពុជា​

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

បុគ្គលិកក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើលដ៍មួយរូប ដែលបានចូលរួមក្នុងសកម្មភាពតវ៉ានៅខាងក្រៅអគារកាស៊ីណូក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា សកម្មភាពតវ៉ាដោយសេរី និងមិនមានការរារាំងពីអាជ្ញាធរអាចនឹងមិនមានទៀតឡើយ បន្ទាប់ពីអ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ចាកចេញពីប្រទេសកម្ពុជា​។

ការថ្លែងអះអាងនេះ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីស្ត្រីជាកូដករណាហ្គាវើលដ៍ ៣នាក់កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ដោយក្នុងនោះមានកូដករមួយរូបបានបែកខ្ទង់ច្រមុះ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ពួកគេ ក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

បុគ្គលិក កម្មករក្រុមហ៊ុនណាហ្គាវើលដ៍បានផ្ទុះការតវ៉ាគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដែលកើតឡើងបន្ទាប់ពីមានករណីកម្មករជាង ១ ៣០០ នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ខណៈសកម្មភាពរបស់ពួកគេជាញឹកញាប់តែងតែត្រូវបានរារាំងដោយ​អាជ្ញាធរនៅតាមដងផ្លូវទាំងឡាយ ដែលនៅក្បែរទីតាំងកាស៊ីណូ។

ទោះជាយ៉ាងណា ក្រុមកូដករទាំងនេះកាល​ពី​សប្តាហ៍​មុនត្រូវបានសង្កេតឃើញថា អាចធ្វើសកម្មភាព​តវ៉ាដោយលើកបដា និងស្រែកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍បានដោយគ្មានការ​រារាំង និងប្រើហិង្សា​ពីសំណាក់អាជ្ញាធរឡើយ ស្របពេលដែលអ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅទីតាំងកូដកម្មនោះ។

ទាក់ទិននឹងករណីនេះ លោក ណាំ ទីវ៉ន ដែលជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយរូបបានឱ្យដឹងថា ការបន្ទន់ឥរិយាបថពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចលើក្រុមកូដករនេះ នឹងមិនមានទៀតឡើយ នៅពេលដែលលោក វីទិត ម៉ុនតាប៊ន បញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា។

លោកថា៖ «ខ្ញុំ​គិត​ថា​នេះ ​គឺជាការសម្ដែង​ពីសំណាក់​អាជ្ញាធរ ដោយសារតែរាល់ដង [មុនវត្តមានអ្នករាយការណ៍​ពិសេស UN] ពួកគេតែងតែរារាំងពួកយើង និងមានហិង្សាជានិច្ច»។

ជាមួយគ្នានេះ កម្មករ​ម្នាក់​ទៀត​ដែលចូលរួម​ការ​តវ៉ា អ្នកស្រី​ គឹម ម៉ាលី ​ក៏មានការ​ភ្ញាក់​ផ្អើលផង​ដែរ នៅពេល​ដែលអ្នកស្រីឃើញ​ការបន្ទន់ឥរិយាបថពីសំណាក់អាជ្ញាធរលើក្រុមអ្នកតវ៉ា។

អ្នកស្រី​ថា​៖ «​ប្រសិន​បើ​គាត់ [អ្នករាយការណ៍​ពិសេស UN] ​មិន​មក យើង​ក៏​មិន​អាច​ឈរ​នៅ​ទីនេះ​[ខាងមុខណាហ្គាវើលដ៍]បាន​ដែរ»។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បីសុំការធ្វើអត្ថាធិប្បាយបានឡើយពីកាលពីថ្ងៃអង្គារម្សិលមិញ​។

គួរបញ្ជាក់ថា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn) បច្ចុប្បន្នកំពុងតែបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដោយគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

យោងតាមគេហទំព័ររបស់ UN បានឱ្យដឹងថា អ្នករាយការណ៍ពិសេស UN រូបនេះនឹងវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការទទួលបានសិទ្ធិមនុស្ស សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩៕

បកប្រែចេញពីអត្ថបទដើមជាភាសាអង់គ្លេស ដោយលោក ភុន ច័ន្ទឧសភា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ