តុលាការ​កោះហៅ​អ្នកនយោបាយ​ប្រឆាំង​ឡើង​សវនាការ តែ​គ្មាន​វិធានការ​ធានា​ការ​វិលចូល​ស្រុក​របស់​ជនជាប់ចោទ

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មន្រ្តីនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការលើកឡើងបែបនេះរបស់​​ក្រុ​ម​​​​អ្នកនយោបាយនៃគណបក្សប្រឆាំង គេមិនដឹងថាតើពួកគេផ្អែកលើមូលដ្ឋានអ្វីខ្លះទើបហ៊ាន​​និយា​​​យ​​​​​បែបនេះឡើយ ខណៈសំណុំរឿង «រួមគំនិតក្បត់ជាតិ» ដែលតុលាការគ្រោង​​នឹងលើកយក​​មក​​​​ជំ​​នុំ​​​ជម្រះនេះ នៅ​សល់ពេលប្រមាណ២០ថ្ងៃទៀត នឹងត្រូវបន្តនីតិវិធីសវនាការហើយ។

កាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅនេះ ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការក្រុងភ្នំពេញ លោក សេង ហៀង បានចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះ។ នៅក្នុងដីកានេះ មានលោក សម រង្ស៊ី និង​​អ្នក​​ន​យោ​បាយចំនួន៣៣នាក់ផ្សេងទៀត ក៏នឹងត្រូវមានឈ្មោះដែលតុលាការត្រូវយកទៅជំនុំជម្រះ​​នៅ​​ក្នុង​​ពេលតែមួយ គឺថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះដែរ។

តាមរយៈការផ្តល់បទសម្ភាសតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យ​​អ​​យ្យការអមតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផលលើកឡើងថា គេមិនយល់ពីអ្វី​​ដែលក្រុម​​អ្នក​​ន​​យោបាយពីខាងគណបក្សប្រឆាំងចង់បាននោះទេ។ មួយវិញទៀត ការអះអាងបែបនេះរបស់ពួក​​គេក៏មិនដឹងថាតើផ្អែកលើហេតុផលណាមួយឱ្យប្រាកដនោះដែរ។

លោកបន្តថា៖ «ខ្ញុំក៏មិនយល់​​ថា​​គាត់​​និយាយហ្នឹង​​ផ្អែក​​​​លើមូលដ្ឋានអ្វីដែរ»។

លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិ និងអ្នកនយោបាយនៅក្រោម​​បង្គាប់​​របស់​​លោកមួយចំនួនទៀត ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឱ្យចូលខ្លួន និងចេញដីកា​​បង្គាប់​​ឱ្យ​​ចាប់​​ខ្លួនជាញឹកញាប់។ អ្នកទាំងនោះត្រូវប្រឈមមុខនឹងចោទផ្សេងៗគ្នា ដូចជា «បទញុះញង់​​ឱ្យ​​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទញុះញង់មិនឱ្យយោធិនស្ដាប់បង្គាប់ និងបទចោទរួមគំនិតក្បត់ជាតិ» ជាដើម។

ឆ្លើយតបនឹងការចោទប្រកាន់ថា ការកោះហៅរបស់តុលាការ និងទាមទារឱ្យអតីត​​មន្រ្តី​​នយោ​​បាយ​​ជាន់​ខ្ពស់នៃគណបក្សជំទាស់ទាំងនោះចូលខ្លួន ដើម្បីតតាំងក្ដីនៅតុលាការ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា បម្រាមដូចដែលរដ្ឋាភិបាលធ្លាប់ចេញកាលពីថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ នោះ ដូចមិនឃើញមានទៀតទេ។ ក្នុងន័យនេះ លោកថា ប្រសិនបើពួកគេ​​ពិត​​ជា​​អ្ន​​កក្លាហានមែន មិនគួរណាមកបង្គាប់បញ្ជាឱ្យរដ្ឋាភិបាលត្រូវបើកផ្លូវសម្រាប់ពួកគេនោះឡើយ។

បើតាមលោក សុខ ឥសាន នៅចំពោះមុខនេះ ការចេញឬចូលកម្ពុជា វាមិនមែនជាកាតព្វកិច្ច​​ដែល​​រដ្ឋា​ភិបាលត្រូវទទួលខុសត្រូវទៀតទេ ព្រោះសំណុំរឿងរបស់ក្រុមអ្នកនយោបាយទាំងនោះ វាស្ថិត​​នៅ​​ក្នុងដៃតុលាការអស់ទៅហើយ។

លោកបន្តថា៖ «រឿងបិទជើងយន្តហោះ ហើយហាមទំនាក់ទំនងជាមួយអាជ្ញាធរ វាកើតឡើងតាំងពី​​ឆ្នាំ​​២​០១៩មក ហើយឥលូវនេះ វា២០២២ហើយ ខ្ញុំមិនឮថារាជរដ្ឋាភិបាល លោកមាន​​វិធានការបិទ​​ជើងហោះហើរក្រុមឧទ្ទាមក្រៅច្បាប់ចូលមកក្នុងប្រទេសទេ បាទ! អ៊ីចឹងបានថាបញ្ហាកោះហៅ វាជារឿងរបស់តុលាការជាមួយជនជាប់ចោទ នេះរឿងទី១។ ហើយរឿងទី២ ត្រង់ថា​​មកឬមិនមកជា​រឿង​​សា​​​​​ម៉ី​​​​ខ្លួនទេ មិនមានពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាលទេ»។

ចំណែកអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មិនឆ្លើយតប​​នឹង​​សំណួរថា តើតុលាការគួរមាននីតិវិធីបែបណា ដើម្បីសម្របសម្រួលអាចបើកផ្លូវឱ្យក្រុម​​អ្នកន​​យោ​​បាយទាំងនោះបានវិលចូលកម្ពុជា ក្នុងការតតាំងក្ដីបាន ដូចការទាមទាររបស់ពួកគេទេ។ ​​អ្នកនាំ​​ពាក្យ​​​រូបនេះបានឆ្លើយត្រឹមតែថា មិនដឹងជាក្រុមអ្នកនយោបាយពីខាងគណបក្សជំទាស់លើក​​ឡើ​ង​​​បែប​នេះដោយផ្អែកលើមូលដ្ឋានអ្វីនោះឡើយ។

សម្រាប់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលវិញ បានបង្វែរសំណួរអំពី​​បញ្ហានេះទៅក្រសួងយុត្តិធម៌។ លោកមានប្រសាសន៍យ៉ាងខ្លីថា ចំពោះគម្រោងនៃការធ្វើមាតុភូមិនិ​​វត្តន៍​​នេះ មានតែក្រសួងយុត្តិធម៌ទេដែលអាចដឹងច្បាស់ជាង។

លោកបន្តថា៖ «អាហ្នឹងសួរក្រសួងយុត្តិធម៌»។

យ៉ាងណា មកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ វីអូឌីនៅមិនទាន់អាចស្នើសុំការបំភ្លឺបាននៅឡើយទេ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។

លោក ម៉ែន សុថាវរិន្រ្ទ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបាន​​តុ​​លា​ការកំ​​ពូល​​រំ​​លាយ បានប្រាប់ វីអូឌី តាមបណ្តាញសង្គមហ្វេសប៊ុកថា ​តាមពិតទៅ វាមិនដូចអ្វីដែលអ្នក​​នាំ​​ពាក្យ​របស់​​គណ​​បក្សប្រជាជនកម្ពុជាថ្លែងការពារនោះទេ។

បើតាមអ្នកនយោបាយរូបនេះ ចំពោះ​​អ​តី​ត​​តំណាងរាស្រ្តដែលរងការចោទប្រកាន់ទាំងអស់បាន​​ព្យា​យាម​​ចូល​កម្ពុជាវិញជាច្រើនដងណាស់មកហើយប៉ុន្តែនៅតែមិនអាចធ្វើបាន។ លោកបន្តថា គ្រ​ប់​​​ជើងហោះហើរត្រូវបានរដ្ឋាភិបាលហាមប្រាមជាដរាប តាំងពីមានព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០​​១៩ មក​ម៉្លេះ។

លោកបន្តថា៖ «អ៊ីចឹងបានលោកប្រធាន សម រង្ស៊ី គាត់និយាយថា កុំបញ្ជាទៅខាង​​អាកាសចរណ៍​​ស៊ី​​វិលឱ្យដឹកពួកយើងទៅ យើងនឹងទិញសំបុត្រទៅភ្លាម»។

នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា៤៦ បញ្ញត្តិថា ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ គឺជា​​ប​ញ្ជា​​ឱ្យ​​ជនជាប់ចោទចូលទៅបង្ហាញខ្លួននៅមុខតុលាការជាន់ទាប។ ដីកាកោះ​​ហៅបញ្ជូនទៅ​​ជំនុំ​​ជ​ម្រះ​​ផ្ទាល់នេះ ត្រូវមានអត្តសញ្ញាណនៃជនជាប់ចោទ សេចក្តីសង្ខេបនៃអង្គហេតុ ឈ្មោះបទ​​ល្មើ​​ស និង​​អត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស។ ក៏ប៉ុន្តែបើគេពិនិត្យទៅលើព្រឹត្តិបត្រព័ត៌មានដែល​​ចេញ​​​ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញបង្ហាញថា ការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជានៅ​​​​​តែ​មិនទាន់​ត្រូវបានអនុវត្តដោយប្រសិទ្ធភាពនៅឡើយ បើទោះជាក្រមនេះត្រូវបានបញ្ញត្តិ​​​រួច​ហើយ​​​​​នៅ​ក្នុង​​ច្បាប់​​ជាតិ និងអន្តរជាតិយ៉ាងណាក្ដី។

លើសពីនេះទៅទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏អំពា​​វ​​នាវ​​ទៅ​​រដ្ឋាភិបាល និងប្រធាន​​តុ​លាកា​​រនៅ​​គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវចាត់វិធានការជាបន្ទាន់​​ ដើម្បី​​​ធា​​នាថា សិទ្ធិទទួលបាននូវកា​​រ​ជំ​​​នុំ​​ជម្រះដោយយុត្តិធម៌ ត្រូវបានការពារយ៉ាងត្រឹម​​ត្រូវតាម​​ច្បាប់​​​ជាតិ ជា​​ពិសេសត្រូវបាន​​អនុវត្ត​​យ៉ាង​ពេញលេញ។

លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្រ្ទ ពន្យល់ថា តាមនីតិវិធីច្បាប់ ប្រសិនបើជនជាប់ចោទទាមទារចង់ចូលរួមនៅក្នុងសវនាការដោយផ្ទាល់ គឺតុលាការត្រូវតែ​​បើកផ្លូវ​​សម្រាប់​ពួកគេ លើកលែងតែជនជាប់ចោទពឹងពាក់មេធាវីឱ្យ​​ការពារសិទ្ធិជំនួសក្នុងបន្ទប់​​សាលា​​ក្ដី។

បើតាមអ្នកច្បាប់រូបនេះ ប្រសិនបើតុលាការរារាំងពីបំណងនៃចូលការពារខ្លួនរបស់ជនជាប់ចោទ មា​​ន​​​​ន័យថា វាគឺជាអនុវត្តរំលោភទៅនឹងគោលការណ៍ច្បាប់ហើយ។ មួយវិញទៀត បញ្ហាជនជាប់​​ចោទ​​​​ចង់បង្ហាញខ្លួនដោយផ្ទាល់នៅក្នុងអង្គជំនុំជម្រះ​​នេះ អ្នកដែលត្រូវធ្វើសេចក្តីសម្រេចចិត្តធំបំ​​ផុត​​នោះ​ គឺ​​តុលាការជាអ្នកអារកាត់។ ហេតុនេះ បើតុលាការមិនអនុវត្តតាមនីតិវិធីនេះ វាឆ្លុះបញ្ចាំង​​ឱ្យឃើញពី​​ការ​អ​នុ​​វត្តដោយមិនមានតម្លាភាពឡើយ។

លោកបន្តថា៖ «មួយបើសិនជាចេតនាយើងអត់ចង់យល់ទេ អ៊ីចឹងមួយទៀតតុលាការគេមិនយកមក វាខុសគ្នា យល់នៅ? ប្រសិនជាយើងមិនចង់ទៅ អាហ្នឹងវាអត់ទេ ព្រោះយើងដូចអង់គ្លេសថា Without rights មានន័យថា បដិសេធសិទ្ធិរបស់យើង យល់ទេអ៊ីចឹង? អាហ្នឹងវាអត់អីទេ ក៏ប៉ុន្តែប្រសិន​​បើ​​យើង​​​​​ចង់ទៅស្តាប់ ចង់ដឹងពីការកាត់ក្តីគេ វាមានភស្តុតាងស្អីខ្លះ យើងចង់ដឹងដែរអត់? ហើយ​​បើ​​គេ​​​​អត់ឱ្យយើងចូល ម៉េចថាយុត្តិធម៌កើត? ប្រសិនបើតុលាការមិនឱ្យចូល អាហ្នឹងខុសហើយ យល់​​ទេ​​អ៊ីចឹង​? បើសិនជាគេចង់មក តុលាការត្រូវតែឱ្យគេមក»។

អ្នកជំនាញផ្នែកគោលនយោបាយ មើលឃើញថា ការសម្រេចចិត្តធំបំផុតនៅក្នុងរឿងក្តីនេះ គឺតុ​​​លា​​​ការ ក៏ប៉ុន្តែដោយសារមានភាពស្មុគស្មាញនឹងរឿងនយោបាយលាយឡំ ទើបធ្វើឱ្យការសម្រេច​​ចិត្ត​​​​របស់តុលាការនៅមាន​​ភាព​​ស្រពេចស្រពិល។

លោក វណ្ណ ប៊ុនណា អ្នកជំនាញខាងគោលនយោបាយ ហៅវិធីសាស្រ្តដែលតុលាការ​​កំពុងតែ​​បន្ត​​នីតិ​វិធីនៅពេលនេះថា វាជាការអនុវត្តតាមរូបភាពនយោបាយច្រើន​​ជាងផ្នែកបច្ចេកទេសផ្លូវ​​ច្បាប់។​ លោ​​ក​​បន្តថា វាហាក់ដូចមិនមានអ្វីថ្មីនោះឡើយ ព្រោះការបញ្ចេញសាច់រឿងនេះទំនងជាឆ្លុះបញ្ចាំងរួច​​ទៅហើយ​​ ដែលគេ​​ចង់​បង្ហាញឱ្យសាធារណជនយល់ថា បញ្ហានេះ អ្នកខ្លាចហើយមិន​​ហ៊ានប្រ​​ឈ​ម​​​​​មុខ​​ស្វែង​​រក​​ការពិត គឺ​ក្រុ​ម​​​​​​អ្នកនយោបាយពីខាងគណបក្សជំទាស់ទៅវិញទេ។

លោកបន្តថា៖ «ការមើលឃើញរបស់ខ្ញុំ ខ្ញុំគិតថា សេណារីយ៉ូបែបហ្នឹង គឺ​​ចង់បង្ហាញដល់ប្រជាពលរដ្ឋ​​អំ​​ពី​​ភាពមិនមោះមុតរបស់អតីតអ្នកនយោបាយបក្សប្រឆាំង ក្នុងការចូលរួមនៅក្នុងឆាកនយោបាយ ឬក៏ចង់បង្ហាញពីភាពកំសាករបស់អតីតអ្នកនយោបាយបក្សប្រឆាំងផងដែរ។ ទាក់ទងចំណុចនេះ គ​ណបក្សប្រជាជនកម្ពុជា ក៏អាចទាញផលចំណេញពីអតីតអ្នកនយោបាយបក្សប្រឆាំងថែមទៀត »។

ជុំវិញស្ថានភាពនយោបាយនៅកម្ពុជានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទ​​ទួ​​ល​​បន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានធ្វើបច្ចុប្បន្នភាពផ្ទាល់មាត់ នៅក្នុងកិច្ចប្រជុំរបស់​​ក្រុម​​ប្រឹ​​ក្សាសិទ្ធិមនុស្ស​​អង្គការសហប្រជាជាតិ កាលពីចុងខែមីនា ឆ្នាំ២០២២ ថាលំហពលរដ្ឋ និងសិទ្ធិនយោ​​បាយ​នៅក្នុងប្រទេសកម្ពុជាកាន់តែរួមតូចទៅ និងដើរថយក្រោយ ដោយសារតែការគ្រប់​​គ្រង​​បែបឯ​ក​បក្ស។ ក្រៅពីនេះ លោក​ក៏បញ្ជាក់ដែរថា ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ នៅតែបង្កការព្រួយបារម្ភ ដែលបញ្ហានេះនឹងធ្វើ​​ឱ្យ​​​ជះផល​អាក្រក់ទៅដល់វិស័យដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ