ជនជាតិដើម​ពូនង​ខេត្តមណ្ឌលគិរី​ថា តំបន់​ការពារ​ធម្មជាតិ​របស់​ពួកគេ​គ្រោង​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន

មន្ត្រីក្រសួងបរិស្ថាន រួមនឹងអាជ្ញាធរពាក់ព័ន្ធ ចុះមើលទីតាំងដីតំបន់ការពាររបស់ប្រជាសហគមន៍ជនជាតិពូនង ស្ថិតភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ជិត២០០គ្រួសារ នៅ​ខេត្តមណ្ឌលគិរី សម្ដែងក្ដីព្រួយបារម្ភ បន្ទាប់ពី​តំបន់ការពារព្រៃឈើ​របស់ពួកគេ​​ប្រមាណ២៥ហិកតាគ្រោង​ផ្ទេរទៅឱ្យក្រុមហ៊ុន​ចំនួន៣ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ខ្នាតតូច។

ការព្រួយបារម្ភរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងទាំង​១៨៣គ្រួសារ នៅភូមិ​អណ្ដូងក្រឡឹង ឃុំសែនមនោរម្យ​ ស្រុក​អូររាំង ខេត្តមណ្ឌលគិរីនេះ បន្ទាប់ពី​មានការចុះទៅវាស់វែងរបស់​មន្រ្តីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ដោយគ្រោង​កំណត់ដីនៅតំបន់ការពារនោះទៅឱ្យក្រុមហ៊ុនឯកជនចំនួន៣ ដែលមានបំណងអភិវឌ្ឍជាតំបន់ទេសចរណ៍ខ្នាតតូចកាលពីពេលថ្មីៗនេះ។​

ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង នៅឃុំសែនមនោរម្យ លោក ផុត សុខា បានលើកឡើងថា ​មានក្រុមហ៊ុនចំនួន៣ ដែលមានម្ចាស់ រួម​​មានឈ្មោះ ម៉េង ហ៊ុយ, ម៉េង ហេង និង ឡាយ ហាប់​ ដែលបានចុះមើលទីតាំងអភិវឌ្ឍន៍កាលថ្ងៃទី២៥ ខែសីហានេះ។ លោកថា ​ផ្ទៃដីសហគមន៍ទាំងមូលមានទំហំ២៣៨ហិកតា។

លោកបន្តថា មូលហេតុដែលក្រុមហ៊ុនចង់យកដីសហគមន៍នេះ ប្រហែលជាឃើញពីភាពស្រស់ស្អាតរបស់​ធនធានធម្មជាតិ​របស់សហគមន៍​ដែលមានទឹកជ្រោះស្រស់ស្អាត។ តែយ៉ាងណា ​លោកទទូច​ស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធការពារតំបន់នេះ ដូចអ្វីដែលធ្លាប់ទទួលស្គាល់កន្លងមក​ ព្រោះថា ​​ព្រៃឈើតំបន់នេះ​ជាកន្លែងដែលមានសត្វព្រៃរស់នៅ ឈើប្រណិតគ្រប់ប្រភេទ និងជាមុខរបរដែលប្រជាសហគមន៍ទាញយកពីផល​អនុផលព្រៃឈើ។

លោកថា៖ «​ប៉ះពាល់ជាច្រើន​ ជាទីតាំងតំបន់ការពាររបស់សហគមន៍ កាប់វល្លិ រូងភ្នំ​អី​ ច្រើនអាស្រ័យផលពីកន្លែងហ្នឹង ច្រើនរាប់មិនអស់ទេ។​ បើគេកាប់មែន​ ជាការបារម្ភរបស់ពលរដ្ឋសហគមន៍​»។​  

​ជនជាតិដើមភាគតិចពូនងម្នាក់ លោក គឹងអេង ដារ៉ា មានអាយុ៤៥ឆ្នាំរូបនេះ ​​បានលើកឡើងថា ដីសហគមន៍របស់​ពួកគេ​បានទទួលស្គាល់ និងចុះហត្ថលេខាដោយប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក​ កែវ សុភគ៌។ ហេតុដូច្នេះ លោកស្នើឱ្យ​មន្រ្តីពាក់ព័ន្ធទាំងអស់​បដិសេធចំពោះក្រុមហ៊ុនដែលគ្រោងមកអភិវឌ្ឍនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដីសហគមន៍។

បុរសជនជាតិពូនងរូបនេះ សម្ដែងការព្រួយបារម្ភថា ព្រៃឈើសហគមន៍ដែលជាទីជម្រកឈើគ្រប់ប្រភេទ និងសត្វផងនោះ នឹងបាត់បង់ ប្រសិនប្រគល់ឱ្យក្រុមហ៊ុន ហើយមុខរបរដែលទាញតាមរយៈអនុផលព្រៃឈើនេះ ក៏នឹងបាត់បង់ផងដែរ។​​

លោកថា៖ ​«បារម្ភដូចថា​យើងបង្កើតសហគមន៍ ដូចថា​ជាដីសមូហភាព​ហើយ ហេតុអ្វីក្រុមហ៊ុនមកវិនិយោគ​ មកធ្វើ​កន្លែងហ្នឹងធ្វើអី? បើដឹងថាមិនអាចធ្វើបាន។​ ពួកខ្ញុំមិនឱ្យក្រុមហ៊ុនចូលទេ ព្រោះ​ដីសហគមន៍ពួកខ្ញុំគ្រប់គ្រង​»។

តាមរយៈឯកសារផ្លូវការដែលវីអូឌីទទួលបាន បង្ហាញថា ​ផែនទីសហគមន៍ការពារធម្មជាតិ «ឡែងកៅ» ដែលមានទំហំ​២៣៨ហិកតា​ ស្ថិតនៅក្នុងដែនជម្រក​សត្វព្រៃកែវសីមា ដោយមានការចុះហត្ថលេខាដោយផ្ទាល់​របស់​អភិបាលស្រុកអូររាំង លោក សៀក មន្នី​ និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ទទួលស្គាល់កាលពីថ្ងៃ​៣០ ខែឧសភា ឆ្នាំ២០២២។

តែយ៉ាងណា តាមរយៈសេចក្ដីព្រាង​ផែន​ទីគម្រោងស្នើសុំអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ​ក្នុងភូមិសាស្រ្តដដែល​ ដោយសម្រេច​កាត់ផ្ទៃ​ដីតំបន់ការពាររបស់សហគមន៍​ចំនួន​ប្រមាណ២៥ហិកតាឱ្យទៅក្រុមហ៊ុនឯកជនចំនួន៣​។​

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីម្ចាស់ក្រុមហ៊ុនទាំង៣ និងមេឃុំសែនមនោរម្យ លោក ថ្វាន់ ត្រែល និងមេភូមិ លោក ជិ រញើប នៅថ្ងៃ​ស្រុកនេះបាននៅឡើយទេ​។

តែប្រធានមន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ បានលើកឡើងថា​ ទាក់ទងនឹងក្រុមហ៊ុនដែលស្នើសុំនេះ​ អាជ្ញាធរមិនទាន់សម្រេចនោះទេ ហើយបើទោះជាសម្រេច ក៏មិនកាត់ដី​សហគមន៍ឱ្យទៅក្រុមហ៊ុននោះដែរ។ ​

លោកថា៖ «អ៎! នៅទេ​ អត់ទាន់សម្រេចទេ។​ ទោះគេឱ្យ ក៏គេអត់ប៉ះពាល់ដែរ​ គេឱ្យតែដីដែលរដ្ឋគ្រប់គ្រង»។​​

​ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ ​នៃ​សមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ហេង គឹមហុង បានលើកឡើងថា ​រដ្ឋាភិបាលមុននឹងអភិវឌ្ឍ គួរតែបង្ហាញជាសាធារណៈ ក៏ដូចជា​មានការពិភាក្សាឬយល់ព្រមដោយ​ប្រជាសហគមន៍មូលដ្ឋាន ដោយធានាថា ការអភិវឌ្ឍនេះ​មិនធ្វើឱ្យប៉ះពាល់ដល់​សិទ្ធិ ឬអត្ថប្រយោជន៍របស់ពួកគេនោះទេ​។

លោកថា៖ «ខ្ញុំ​យល់ថា​ គួរតែបើកចំហគម្រោង​ ហើយអញ្ជើញជនជាតិដើមភាគតិចពូនង​ ឬអ្នកពាក់ព័ន្ធតំបន់ហ្នឹង​ យកមកពិគ្រោះគ្នា​ឱ្យបានជាក់លាក់ព្រោះអីយើងឃើញថា​ ការទទួលស្គាល់សិទ្ធពិសេសរបស់ជនជាតិដើមភាគតិចនេះ ​គឺ​ទាំងច្បាប់ភូមិបាល ឬការទទួលស្គាល់ជាសកល​លើសិទ្ធិរបស់ជនជាតិដើមភាគតិចនេះ​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ