លោក ស ខេង ប្រាប់​អ្នក​រាយ​ការណ៍​ពិសេស​ថា កម្ពុជា​ក៏​ជា​ប្រទេស​រងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេសសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ នៅក្រសួងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឆ្លើយតប​នឹង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹង​ការប្រឆាំង​នឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្មនោះ ថា កម្ពុជា​ក៏ជា​ប្រទេស​​ដែល​រងគ្រោះ​ដោយសារ​អំពើទាំងនេះ ដោយ​ពួកឧក្រិដ្ឋជន​យក​កម្ពុជា ជាកន្លែង​ដើម្បី​ធ្វើការ​ឆបោក​ប្រព្រឹត្ត​អំពើ​ជួញដូរ​រត់ពន្ធ​​មនុស្សនេះ​។

លោក ស ខេង កាលពីថ្ងៃទី២៤ ខែសីហា បានអនុញ្ញាតឱ្យលោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេសសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ចូល​ជួបដោយ​ផ្ទាល់ ក្នុងកិច្ចពិភាក្សា​ផ្លាស់ប្តូរ​យោបល់ផ្សេងៗ​លើបញ្ហាដែល​លោក វីទិត ម៉ុនតាប៊ន មាន​បំណង​ចង់លើក​ឡើង​។

លោក​ ស ខេង ឆ្លើយតបនឹង​ការលើកឡើងពាក់ព័ន្ធទៅនឹង​ការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និង​ការកេងប្រវ័ញ្ចលើពលកម្មនោះថា កម្ពុជា​ក៏ជា​ប្រទេស​​ដែល​រងគ្រោះ​ដោយសារ​អំពើទាំងនេះដែរ ដោយ​ហេតុថា ពួកឧក្រិដ្ឋជន​បានឆ្លៀត​​កេង​ចំណេញ​ទៅលើចំណុច​ខ្សោយ​មួយ​ចំនួន ហើយ​យក​កម្ពុជា​ជាកន្លែងដើម្បីធ្វើ​ការឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធ​​មនុស្សនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់លោក វីទីត មុនតាប៊ន ពីការប្តេជ្ញាចិត្ត​របស់រដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងចំណាត់ការ​ជាបន្តបន្ទាប់ទៀត និង​បានបង្រា្កបក៏ដូចជា សង្គ្រោះ​ជនរងគ្រោះបានជាច្រើននាក់កន្លងមក ហើយក៏បានបន្តកិច្ចការនេះ​ជាប្រចាំផងដែរ។

លោកបានឱ្យដឹងទៀតថា ឆាប់ៗនេះលោកនឹងបន្តដឹកនាំ ដើម្បីដាក់ចេញផែនការតស៊ូ បង្ក្រាប ​និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ព្រមទាំងកៀរគរ​​​ការ​រួមចំណែក ផ្តល់​កិច្ចសហការ​ជាមួយបណ្តាភាគីពាក់ព័ន្ធ ដើម្បីឈានទៅដល់ការបង្ក្រាប​មេខ្លោង​ជនល្មើស​យកមកផ្តន្ទាទោសតាមច្បាប់។

នៅក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើង ៥ចំណុចធំៗគឺ ពាក់ព័ន្ធទៅនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បញ្ហាទីពីរ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃ​ការរៀបចំគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ បញ្ហាទីបី គឺការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បញ្ហាទីបួន គឺអំពីការជួញដូរមនុស្ស ការជួញដូរពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងបញ្ហាទីប្រាំ គឺអំពីកិច្ចសហប្រតិបត្តិការ និងជំនួយអាទិភាពផ្សេងៗ របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស។

លោក សេក សុជាតិ នាយកប្រតិបត្តិ​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត បានឱ្យដឹងថា ការឆ្លើយតប​របស់​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ចំពោះ​ការជួញដូរ​មនុស្សនេះគឺ ការពិត​ដែល​មិនអាច​បដិសេធបាន ដោយថា កម្ពុជា​សព្វថ្ងៃ​មានភាព​ច្របូកច្របល់​ទាំងផ្នែក​សេដ្ឋកិច្ច​នយោបាយ​និង​ក្នុងសង្គម​ដែល​ហាក់ដូចជា គ្របដណ្ត​ប់​លើអំពើ​ពុករលួយ​ ចាក់ឫសជ្រៅលើមន្តី្ររាជការ​មួយចំនួន ជាហេតុមួយ​ដែលអាច​បង្កឱ្យមាន​អំពើជួញដូរមនុស្ស រួមទាំង​ គ្រឿងញៀន និង​បទល្មើស​អន្តរជាតិ​ផងដែរ។

លោកបានបន្តឱ្យដឹងថា ក្រៅពីអំពើពុករលួយ ក៏មានការបង្កើតបក្ខពួកនិយម និងក្រុមទុច្ចរិតមួយចំនួន សហការ​ជាមួយមន្រ្តីរាជការ​ដែលគាំទ្រ​ផ្តល់ទីតាំង​ឱ្យពួកឧក្រិដ្ឋជន​ប្រព្រឹត្តអំពើកេងប្រវ័ញ្ចពលកម្ម និងការជួញដូរមនុស្សដើម្បីទទួលលាភសក្ការៈមកវិញ។

លោក សេក សុជាតិ ថ្លែងថា៖ «ក្រៅពី​អំពើ​ពុ​ក​រលួយនេះ​ យើង​ឃើញមាន​បញ្ហាជាច្រើន​ពាក់ព័ន្ធជាមួយ​នឹង​ការបង្កើត​ឱ្យមាន​បក្ខពួកនិយម​ ហើយ​មាន​ក្រុមទុច្ចរិតមួយចំនួន ដែលបាន​ជួយគាំទ្រ​ទៅដល់​ក្រុមអ្នក​ដែលរកទទួលទាន ឬក៏អ្នកធ្វើការ​នៅក្នុង​វិស័យរដ្ឋ នឹង​ឱ្យគប់គិត​ជាមួយ​ជាប្រព័ន្ធ​ដើម្បី​បានទទួល​នូវ​លាភសក្ការៈ ហើយ​លាភសក្ការៈទាំងអស់ហ្នឹងហើយ ដែលជា​បញ្ហានាំឱ្យពិបាកនៅក្នុង​ការដោះស្រាយ​បញ្ហានៅក្នុងសង្គម ក៏ដូចជា នយោបាយ​នៅចំពោះមុខយើង ដូចនៅ​ពេលប​ច្ចុប្បន្ននេះណាស់»។

លោកបានបញ្ជាក់ថា កម្ពុជាត្រូវបានអង្គការអន្តរជាតិធំៗ​ដាក់ចំណាត់ថ្នាក់​មិនល្អនោះទេ ដូច្នេះមុខមាត់កម្ពុជា គួរតែមាន​ការផ្លាស់ប្តូរ និងត្រូវរឹតបន្តឹង​ដល់ការ​អ​នុវត្តច្បាប់​ជាពិសេស​ត្រូវតែចាត់វិធានការ​ឱ្យតឹងរ៉ឹងបំផុត​ដល់មន្រ្តីដែលពាក់ព័ន្ធ ដោយ​មិនមានការ​យោគយល់ ដើម្បីទប់ស្កាត់​មិនឱ្យ​បញ្ហានោះ​ក្លាយជាគ្រោះ​សម្រាប់កម្ពុជា។

ទាក់ទងនឹងរឿងនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា បានចេញសេចក្ដីប្រកាសព័ត៌មាន​ជូនដំណឹងដល់សាធារជនឱ្យបានដឹងថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​មានវិធានការលើករណី​ការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រាល់ទីតាំងអាជីវកម្មដែល​ជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស រួមទាំងម្ចាស់ទីតាំង​ដែលចូលរួមសមគំនិត មកផ្តន្ទាទោស​តាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងគ្មាន​ការលើកលែង។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាំងនេះ ស្ថិតក្រោម​ការសម្របសម្រួល​របស់តំណាង​អយ្យការ ហើយ​អាជ្ញាធរពាក់ព័ន្ធក្នុង​ការស្រាវជ្រាវ និងបង្ក្រាបការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងបង្ខាំងមនុស្ស​ដោយខុសច្បាប់​ក្នុងភូមិសាស្រ្ត​ខេត្តព្រះសីហនុ ត្រូវអនុវត្តឱ្យ​បានហ្មត់ចត់ជាទីបំផុត ស្រាវជ្រាវដល់ឫសគល់និងមេខ្លោង ដើម្បីនាំបទល្មើសទៅផ្តន្ទាទោសតាមច្បាប់ឱ្យបាន។

គួរបញ្ជាក់ដែរថា​ ករណីអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្មនោះ កើតឡើងច្រើននៅក្នុងខេត្តព្រះសីហនុ សង្គមស៊ីវិល និង​ប្រជាពលរដ្ឋមួយចំនួន បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់បទល្មើសបង្ខាំងមនុស្សខុសច្បាប់ ចាប់ជំរិត អំពើហិង្សា គ្រឿងញៀន និងបទល្មើស​ផ្សេងៗ​ទៀតឱ្យមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីការពារសុខសន្តិភាព​ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍​ដែលមកលេងកម្សាន្ត​ខេត្តជាប់មាត់សមុទ្រមួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ