នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​តុលាការ​ព្យួរតំណែង​និយាយថា លោក​នឹង​បន្ត​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើរបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីពេលដែលអាណត្តិនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោកនឹងបញ្ចប់ នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (REUTERS/Athit Perawongmetha)

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃដែលត្រូវបានតុលាការព្យួរពីតំណែងឈ្មោះ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបន្តតួនាទីជារដ្ឋមន្ត្រីការពារជាតិ។

ការអះអាងបែបនេះធ្វើឡើងនៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោកទៅកាន់សាធារណជន ចាប់តាំងពីតុលាការបានបញ្ចប់តួនាទីរបស់លោកជានាយករដ្ឋមន្ត្រី ខណៈតុលាការពិនិត្យមើលរយៈពេលផុតកំណត់នៃអាណត្តិរបស់លោក។

ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី នៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតលំដាប់​ទី២ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់លោក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំនឹងបន្តបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ សម្រាប់ប្រទេសថៃ និងប្រជាជនថៃជារៀងរាល់ថ្ងៃ»។

កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញថៃបានសម្រេចបើកសវនាការលើញត្តិដែលដាក់ដោយគណបក្សប្រឆាំង ដោយលើកហេតុផលថា រយៈពេលដែលលោក ប្រាយុទ្ធ ចាន់អូចា មានតួនាទីជាប្រមុខរបបយោធា បន្ទាប់ពីលោកបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ គួរតែរាប់បញ្ចូលក្នុងរយៈពេលនៃការកំណត់អាណត្តិរបស់លោក។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញថៃ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ ៨​ឆ្នាំ។

នៅ​មិន​ទាន់មានភាព​ច្បាស់​លាស់នៅ​ឡើយ ​​ថា​តើ​ពេល​ណា​តុលាការ​នឹង​ចេញ​សេចក្តី​សម្រេច​លើ​ការ​ពិនិត្យមើលរយៈពេលនៃអាណត្តិរបស់លោកនេះនៅឡើយទេ។

ភាពចម្រូងចម្រាសលើការកំណត់អាណត្តិរបស់លោក ប្រាយុទ្ធ ចាន់អូចា គឺជាចំណុចចុងក្រោយបំផុតក្នុងភាពចលាចលនយោបាយរយៈពេលជិតពីរទសវត្សរ៍ ដែលរួមមានរដ្ឋប្រហារចំនួនពីរលើក និងការតវ៉ាដោយហិង្សា ដែលផ្តើមចេញពីការប្រឆាំងទៅនឹងការចូលរួមរបស់យោធានៅក្នុងនយោបាយ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក អាន់នុចា ប៊ូរ៉ាប៉ាឆៃស្រ៊ី (Anucha Burapachaisri) បាននិយាយកាលពីថ្ងៃសុក្រថា គណៈរដ្ឋមន្ត្រីនៅតែបន្តដំណើរការជាធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ