កម្ពុជា​បន្ត​ច្រានចោល​សេចក្តី​ថ្លែង​ការណ៍​អ្នក​ជំនាញ​UN​ពាក់​ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​​ដូច​សព្វ​មួយ​ដង ​

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២២ ជុំវិញដំណើរទស្សនកិច្ចរបស់លោករយៈពេល១១ថ្ងៃ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (ហ៊ាន រង្សី)

កម្ពុជាបានច្រានចោលសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថាបានធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់​លើបញ្ហាមួយចំនួន ព្រមទាំងមានភាពលម្អៀង និងរើសអើងថែមទៀតផង​។

ការច្រានចោលនេះ ធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី   ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២​។

ក្រសួងការបរទេសកម្ពុជាលើកឡើងថា បើទោះបីរដ្ឋាភិបាល ផ្ដល់កិច្ចសហប្រតិបត្តិការពិតប្រាកដក៏ដោយ អ្នករាយការពិសេសពុំបានធ្វើតាមការសន្យារបស់ខ្លួន«ពិចារណានូវរាល់ធាតុចូលរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់» រួមទាំងធាតុចូលរបស់រដ្ឋាភិបាល និង«ធានាឱ្យមានតុល្យភាពរវាងគោលជំហរផ្សេងៗគ្នា»។ លើសពីនេះ សេចក្ដីថ្លែងការណ៍បញ្ចប់បេសកម្មរបស់​លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) មិនបានលើកអំពីអង្គហេតុ និងអង្គច្បាប់ដែលរដ្ឋាភិបាលផ្ដល់ឱ្យទាក់ទិននឹងការចោទប្រកាន់គ្មានមូលដ្ឋាននោះឡើយ។

ក្រសួងការបរទេស ចាត់ទុកការរិះគន់របស់លោក វិទិត មុនតាប៊ន ជុំវិញការគ្រប់គ្រងដោយឯកបក្សគឺមិនសមហេតុផល និងមានភាពលម្អៀង ខណៈការបោះឆ្នោតនាពេលថ្មីៗ គណបក្សចំនួន​៩ បានទទួលអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ  និងយុត្តិធម៌ ដែលនេះជាសក្ខីភាពមួមួយទៀត នៃលទ្ធិប្រជាធិបតេយ្យ និងពហុបក្ស។

លើសពីនេះ ការទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានពហុភាគីនិយមរបស់អ្នករាយការណ៍ពិសេស ក៏ធ្វើឡើងគ្មានមូលដ្ឋានទាល់តែសោះ​។  ​

ចំណែកការកាត់ទោសទ្រង់ទ្រាយធំលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រោះជាតិវិញក្រសួងលើកហេតុផលថា   មកពីអ្នកទាំងនោះ បានប្រើពាក្យប្រមាថ និងញុះញង់ឱ្យផ្ដួលរំលំរដ្ឋាភិបាលដោយសារ ប្រជាជន ប៉ុន្តែអ្នករាយការណ៍ពិសេសមិនបានលើកឡើងលម្អិត អ្វីដែលហៅថា ការកាត់ទោសទ្រង់ទ្រាយធំនោះទេ។​

ក្រសួងការបរទេស៖«សរុបសេចក្ដី ជាការគួរឱ្យសោកស្ដាយយ៉ាងខ្លាំង បើទោះជាមានការអំពាវនារម្ដងហើយម្ដងទៀតពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក៏ដោយ ក៏អ្នករាយការណ៍ពិសេសនៅតែបន្តខកខានមិនអើពើចំពោះការព្រួយបារម្ភអំពីបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សដែលកម្ពុជាកំពុងជួបប្រទះ ដូចជា ការប្រើប្រាស់ពាក្យសម្ដីអសុរោះ ការបង្កាច់បង្ខូច ការប្រឌិតព័ត៌មាន ការអុចអាលឱ្យមានការរើសអើងពូជសាសន៍ និងការញុះញង់ឱ្យមានការបះបោរក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ»។

លោក វីទិត មុនតាប៊ន បានបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ដោយក្នុងរយៈពេលជាង ១០ ថ្ងៃនេះ លោកបានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល  ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន  ប្រជាពលរដ្ឋរងគ្រោះដីធ្លី ព្រមទាំងចុះឃ្លាំមើលដល់កន្លែងកូដកណាហ្គាវើលដ៍តវ៉ាមុខក្រុមហ៊ុន ជាដើម។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចចំនួន ១១ថ្ងៃ លោក វីទិត មុនតាប៊ន បានធ្វើសន្នីសីទសារព័ត៌មានមួយ ដោយលើកឡើងថា  ចាប់តាំងពីឆ្នាំ២០១៧ មកប្រជាធិបតេយ្យប្រទេសកម្ពុជាបានដើរថយក្រោយ។ លើសពីនេះ  ​រដ្ឋសភាដែលមានចំនួន ១២៥អាសនៈនោះ ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាចទាំងស្រុង ពោលគឺជារដ្ឋសភាឯកបក្ស។

អ្នកជំនាញរូបនេះ ក៏បានរិះគន់​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥កន្លងទៅនេះថា មានការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សភ្លើងទៀន និងការរារាំងពលរដ្ឋ ក្នុងការតាមដានការពេលរាប់សន្លឹកឆ្នោតជាដើម។ លោកក៏ជំរុញឱ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីការបោះឆ្នោតនៅឆ្នាំ២០២៣ ​ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាដើម។

សម្រាប់កម្ពុជា ការច្រានចោលសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ដែលរកឃើញពីការធ្លាក់ចុះនូវស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនេះពីសំណាក់អង្គការជាតិ និងអន្តរជាតិ ពិសេសអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ មិនមែនជារឿងថ្មីនោះឡើយ។

ជាក់ស្តែង កាលពី​ដើម​​ឆ្នាំ​២០២២ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ជាច្រើន​រូប​រួម​មានទាំង​ លោក វីទិត មុនតាប៊ន ​បានចេញសេចក្តីថ្លែងការណ៍​ថ្កោលទោស​​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​នាពេលបច្ចុប្បន្ន ដូចជាការ​ឃុំ​ខ្លួន​សកម្មជន​សង្គម បរិស្ថាន អ្នក​សារព័ត៌មាន និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ជា​បន្តបន្ទាប់។

ប៉ុន្តែការថ្កោលទោសនេះ ​ត្រូវបានស្ថានបេស​កកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាច្រានចោល។

​ស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុកការច្រានចោលរបាយការណ៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិប្រចាំកម្ពុជាថា មិនមែនជារឿងថ្មីនោះទេ។ កន្លងមក លោកថា សូម្បីរបាយការណ៍អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលបានបង្ហាញរបាយការណ៍ប៉ះពាល់ការគ្រប់គ្រងអំណាច ​ការគ្រប់ប្រទេស  ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ព្រមទាំងការបំផ្លាញធនធានធម្មជាតិនោះ ​​រដ្ឋាភិបាលកម្ពុជាតែងតែច្រានចោលជានិច្ច។

​ លោកថា៖« រាជរដ្ឋាភិបាលតែងតែច្រានចោលរបាយការណ៍ទាំងនោះ ហើយតាំងខ្លួន​ជារដ្ឋាភិបាលមួយថា បានគោរពទៅតាមច្បាប់  ហើយនឹងនីតិរដ្ឋរបស់ខ្លួន ក៏ប៉ុន្តែធាតុពិត បើយើងពិចារណាតាមរយៈទិដ្ឋភាពជាក់ស្ដែង​ ហើយនឹងរបាយការណ៍អង្គការសហប្រជាជាតិបានលើកឡើងនឹង គឺមានទម្ងន់ភាពច្រើនដែលខុសពីការច្រានចោល​ទាំងស្រុងរបស់រាជរដ្ឋាភិបាល​ឬក៏មន្ត្រីរដ្ឋាភិបាលទៅលើបញ្ហាទាំងអស់ហ្នឹង»។

លោក សេក សុជាតិ បន្តថា ប្រសិនជារដ្ឋាភិបាលមិនអនុវត្តទៅតាមកិច្ចព្រមព្រៀងជាមួយសហគមន៍អន្តរជាតិនោះ កម្ពុជានឹងបាត់បង់ទីផ្សារនៅលើឆាកអន្តរជាតិ ហើយការផ្ដល់ជំនួសផ្នែកហិរញ្ញវត្ថុទៅលើវិស័យផ្សេងៗ ដែលជួយដល់ប្រជាពលរដ្ឋកម្ពុជា ក៏អាចបាត់បង់ដូចគ្នា។

នាយិកាប្រតិបត្តិ​​​មជ្ឈម​ណ្ឌលសិ​ទ្ធិម​នុស្សកម្ពុ​ជា លោ​ក​ស្រី​ ច​ក់​ សុភា​ព​ ​មានប្រសាសន៍ប្រាប់វីអូឌីកាលពីម្សិលមិញថា ស្ថាន​ភាព​សិទ្ធិមនុ​ស្សបច្ចុ​ប្ប​ន្ន ​មហា​ជ​ន​ក៏​អា​ចវា​យតម្លៃបាន​ដែរ​ ដូចជា​ករណីចា​ប់ខ្លួន​​សក​ម្មជ​នដីធ្លី ​បរិស្ថាន នាពេ​លកន្លងទៅ ខណៈពួកគេតវ៉ាដោយសន្តិវិធី។ បញ្ហា​​វិវាទការ​ងារនៅក្រុមហ៊ុន​​ណាហ្គាវើលដ៍គ្មានដំណោះស្រាយរហូតដល់មានការប្រើហិង្សាលើកូដករជាស្ត្រី​ បញ្ហាលំហសង្គមស៊ីវិល ការឃាត់ខ្លួនអ្នក​កាសែត និងសកម្មជនបរិ​​ស្ថានសរុប៩នាក់កាលពីពេលថ្មីៗនេះ ដោយគ្រាន់តែពួកគេចុះទៅថតរូបដាំកូនឈើនៅភ្នំតាម៉ៅជាដើម។

​​​បញ្ហាទាំងនេះ ​លោក​ស្រី​​​​ថា ​បើរដ្ឋា​ភិបាលនៅតែ​ប្រកា​ន់​ឥរិយាប​ថច្រានចោល​​​មិន​ទទួ​លស្គាល់ការពិត កម្ពុជានៅតែប្រឈម​វិបត្តិសិ​​ទ្ធិ​ម​នុស្សមិន​អាចដោះស្រា​យបាន។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តាមរយៈតំណាងរបស់ខ្លួន ក្នុងដំណើរមកកាន់កម្ពុជា នាកិច្ចប្រជុំអាស៊ានថ្មីៗនេះ បានជំរុញជាថ្មីទៀតឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋ រួមទាំងមេដឹ​ក​នាំ​គណបក្សប្រឆាំងមុនការបោះឆ្នោតជាតិ​ឆ្នាំ២​០​២៣មកដល់ ដើម្បីឱ្យការបោះឆ្នោតដំណើរការទៅដោយសេ​រី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ។

បញ្ហា​នេះ សហគមន៍លោកសេរីទាំងនោះ សម្តែងការព្រួយបារម្ភ​​ថា ការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅក​ម្ពុ​ជាកាន់តែរួមតូច​។

ដំណើរទស្សនកិច្ចរបស់លោក វិទិត មុនតាប៊ន មកកម្ពុជាជាង១០ថ្ងៃនេះ លោក​នឹង​​រៀបចំ​​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​នឹង​ឡើង​ថ្លែងការណ៍​ពី​អ្វី​ដែល​លោក​រក​ឃើញ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅក្នុង​ខែ​តុលា ឆ្នាំ​២០២២ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ