ជនជាតិពូនង​នៅ​ខេត្តមណ្ឌលគិរី ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគេ​ជាមួយ​ប្អូនប្រុស​លោកស្រី ជឹង សុភាព ហៅ​យាយភូ

ទីតាំងដីមួយកន្លែងដែលប្រជាសហគមន៍ជនជាតិដើមភាគតិចអះអាងថា ដីរបស់ពួកគេត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអនុបយោគទៅឱ្យឧកញ៉ា ជឹង ធានសេង ត្រូវបានគេស្គាល់ថាជាប្អូនប្រុសរបស់លោកស្រី ជឹង សុភាព ហៅ យាយភូ។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍ជនជាតិពូនង នៅ​ភូមិ​ពូតាំង សង្កាត់រមនា និងភូមិ​ពូរ៉ាង ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្នើឱ្យរដ្ឋាភិបាល​ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ​ជាមួយឧកញ៉ា ​ជឹង ធានសេង​ ដែលទទួលបានដីអនុបយោគ​ទំហំ​សរុប​៣៣៤ហិកតា​ ដែលមានតំលៃជាង៥៤ម៉ឺន​ដុល្លារអាមេរិក​។

ឧកញ៉ា ជឹង ធានសេង ត្រូវបានគេស្គាល់ថាជាប្អូនប្រុសរបស់លោកស្រី ជឹង សុភាព ហៅ យាយភូ ដែលជាអ្នកជំនួញល្បីឈ្មោះធ្លាប់ពាក់ព័ន្ធនឹងការលុបបឹងនិងឆ្នេរ និងមានជម្លោះជាមួយប្រជាពលរដ្ឋ​​។ លោកស្រី ជឹង សុភាព ក៏ត្រូវជាភរិយារបស់ឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។

​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បានចុះហត្ថលេខាលើ​អនុក្រឹតធ្វើអនុបយោគដីទៅឱ្យលោក ជឹង ធានសេង កាលពីថ្ងៃទី​២២ ខែមីនា ឆ្នាំ២០២២ ប៉ុន្តែប្រជាសហគមន៍ជនជាតិពូនង អះអាងថា ដីដែលប្រមុខរដ្ឋាភិបាលធ្វើអនុបយោគនោះជាដីរបស់ពួកគេ​។

ជនជាតិដើមភាគតិចពូនង ​នៅភូមិពូរ៉ាង លោក ស្រេវ ផេត បានអះអាងថា ​​ក្រុមហ៊ុន​របស់លោក ជឹង ធានសេង បានចាប់ផ្ដើម​ដាក់បង្គោលរបង​នៅលើដីទាំងនោះ ចាប់ពីថ្ងៃទី១៧ ទៅដល់ថ្ងៃទី២៥ ខែសីហានេះ ដែលមានប្រវែងសរុបជាងពីរគីឡូម៉ែត្រ។

លោកបន្តថា នៅថ្ងៃទី២៥ ប្រជាសហគមន៍ជនជាតិពូនងបានលើកគ្នាទៅតវ៉ាឱ្យបញ្ឈប់ការដាក់បង្គោលព្រំដែលចូលដីសហគមន៍របស់ពួកគេ ហើយប្រជាសហគមន៍នៅភូមិពូរ៉ាងនេះ អះអាងថា ​ប្រសិនបើរដ្ឋាភិបាលមិនរកដំណោះស្រាយក្នុងរយៈពេលមួយអាទិត្យ ដោយគិតចាប់ពីថ្ងៃទី២៥ ខែសីហា នេះទេ ពួកគេនឹងទៅដកបង្គោលរបងដែលក្រុមហ៊ុនបានបោះរួចចេញ​។

លោកបន្តថា ​ប្រសិនបើ​ក្រុមហ៊ុនយកដីរបស់ពួកគេមែន មិនត្រឹមតែដីធ្វើកសិកម្មនោះទេ សូម្បីតែដីកប់សព និងដីវប្បធម៌ប្រពៃណី​ជនជាតិដើម​ ក៏នឹងត្រូវបំផ្លាញ​ ហើយនេះ​គឺជាការប៉ះពាល់ធ្ងន់ធ្ងរបំផុតសម្រាប់ជនជាតិពូនង​។

សហគមន៍ជនជាតិពូនង បានព្រមានថានឹងបន្តតវ៉ា ឬដកបង្គោលរបងចាប់​ពីដើមខែ​កញ្ញា ​ប្រសិន​បើក្រុមហ៊ុន​មិនដកបង្គោលព្រំដែលនៅលើដីរបស់ពួកគេ ហើយ​ពួកគេចាត់ទុកថា វាជារឿងដែលមិនអាចទទួលយកបាន ចំពោះការយកដី​របស់សហគមន៍ធ្លាប់អាស្រ័យផល និងដីប្រពៃណីរបស់ពួកគេ​។

លោកថា៖​ «ទីមួយព្រៃកប់សព ភ្នំតំណម ចម្ការវិលជុំ​ ដីសមូហភាព​ និងភ្នំឃ្វាលគោក្របី​ ប៉ះពាល់ច្រើន​»។

ចំណែកជនជាតិពូនងនៅភូមិ​ពូតាំង លោក ណាន់ ដានី​​ បានលើកឡើងថា ​ក្រុមហ៊ុនបានដាំបង្គោល តែពលរដ្ឋបានចាប់ផ្ដើមតវ៉ាមិនឱ្យ​ក្រុមហ៊ុនយកដីសមូហភាពរបស់ពួកគេនោះទេ។ លោកបន្តថា​ ទាំងដីអាស្រ័យផល និងដីប្រពៃណី ​ពិតជាមានសារសំខាន់ ហើយពួកគេនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុន​យកដីរបស់ពួកគេនោះទេ​។

លោកថា៖ «ប៉ុន្តែប្រជាពលរដ្ឋគេទាមទារ គេមិនអាចឱ្យប៉ះពាល់ដល់កន្លែងហ្នឹងបាននោះទេ​ គេទាមទារឱ្យរដ្ឋាភិបាលឬអាជ្ញាធរ​ដែលពាក់ព័ន្ធឱ្យក្រុមហ៊ុនយកហ្នឹង​ គេនឹងតវ៉ាអ៊ីចឹងហាស៎»។

មេឃុំ​សែនមនោរម្យ និងសមាជិក​ក្រុមការងារខេត្ត ចុះពិនិត្យ ផ្ទៀងផ្ទាត់ បង្គោលព្រំដីលោកស្រី ថ្វាន់ ត្រែល បានលើកឡើងថា លោកស្រីមិនបានដឹងថា​ម្ចាស់ក្រុមហ៊ុនជានរណា និងមិនដឹងថា​ក្រុមហ៊ុនបានចុះបង្គោលព្រំដីត្រង់ណាខ្លះនោះទេ​។ បន្ថែមពីនេះ លោកស្រីបន្ថែមថា​ មិនទាន់ដឹងថានឹងជួយ​រកដំណោះស្រាយដល់ពលរដ្ឋយ៉ាងម៉េចនោះដែរ ព្រោះ​លោកស្រីបានត្រឹមតែ​សម្របសម្រួលជូនពលរដ្ឋ។

លោកស្រីថា​៖ «ថ្នាក់មីងត្រឹមអាជ្ញាធរភូមិឃុំអីហ្នឹង​ បានត្រឹមតែស្នើសុំថ្នាក់ស្រុកថ្នាក់ខេត្តអីទេក្មួយ!​ ជួយសម្របសម្រួលពលរដ្ឋដែលមានផលប៉ះពាល់​ដីនៅភូមិពូរាំងប៉ុន្មានកន្លែង ប៉ុន្មានកន្លែង​ អ៊ីចឹងណា៎! បើឱ្យមីងសម្រេច​ក៏ទៅអត់រួចដែរ ចង់និយាយអ៊ីចឹងណា៎»។

វីអូឌី បានហៅទូរសព្ទទៅលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងជាប្រធាន​ក្រុមការងារខេត្តចុះពិនិត្យ ផ្ទៀងផ្ទាត់បង្គោលព្រំដី ចូលជាច្រើនដង តែគ្មានអ្នកលើក​។​

វីអូឌី មិនមានប្រភពទាក់ទងលោក ជឹង ធានសេង ដើម្បីសុំការអធិប្បាយករណីនេះបាននៅឡើយទេ។  

​មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មាន​ប្រសាសន៍ថា ​ប្រសិនបើ​រដ្ឋាភិបាល​បានកាត់ដី​ប្រជាសហគមន៍ជនជាតិដើម ​ឱ្យទៅឧកញ៉ា ឬអ្នកជំនួញមែន​ វាគឺជាការរំលោភលើរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗទៀត​ ខណៈដែលក្រុមជនជាតិដើមភាគតិចត្រូវបានគេចាត់ទុកថាជាក្រុមងាយរងគ្រោះ​។

លោកថា៖ «យកដីរបស់ពួកគាត់​ទៅឱ្យឧកញ៉ា ឱ្យអ្នកមាន ឱ្យអ្នករកចំណូល​ ដែលពាក់ព័ន្ធទៅដល់​សិទ្ធិ​ជនជាតិដើមភាគតិច​​ត្រូវបានបំភ្លេចចោល មានការគប់គិតគ្នា​ក្នុងការផ្ដល់ដីទៅឱ្យ​ឈ្មួញ ដែលជារូបភាពមួយដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ​ ពលរដ្ឋដែលងាយរងគ្រោះ កាន់តែរងគ្រោះបន្តទៅទៀតណា​»។​​

មាត្រា២​៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា ដីសហគមន៍ជនជាតិដើមភាគតិច មិនមែនមានតែដីដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែ​ពួកគេត្រូវមានដីបម្រុងទុកជាចាំបាច់ក្នុងការដូរវេនដំណាំ និងដីប្រើប្រាស់តាមបែបប្រពៃណីផ្សេងៗទៀត។

កាល​ពី​​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ​ ស្តីពី នីតិវិធី​នៃការចុះបញ្ជី​ដី​សហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមាន​គោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការ​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជា​កម្មសិទ្ធិ​សមូហភាព។

អនុក្រឹត្យនេះក៏​មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការ​កាន់​កាប់​ដីធ្លី​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានាសុវត្ថិភាព​​នៃការកាន់កាប់ដីធ្លី និង​ការពារសិទ្ធិសមូហភាព ដោយ​រក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀម​ទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦នៃ​អនុក្រឹត្យ​នេះបាន​បញ្ជាក់​ថា ដី​ដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិជាសមូហភាពរបស់​សហគមន៍ជនជាតិដើមភាគតិច រួម​មាន ដី​លំនៅឋាន ដី​ដែល​សហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ