មន្រ្តី​សិទ្ធិមនុស្ស​ហួសចិត្ត​ចំពោះ​ការ​ដំឡើង​ឋានៈ​អតីត​អភិបាល​ក្រុងបាវិត​ដែល​បាញ់​រះ​កម្មករ​ជា​ឧត្ដមមន្រ្តី

អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដើរបន្ទាប់ពីចូលបំភ្លឺនៅសាលាឧទ្ធរណ៍កណ្តាលរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងសំណុំរឿងបាញ់រះបណ្ដាលឱ្យកម្មការិនី​កាត់ដេរ​ ៣នាក់ របួសធ្ងន់ អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ប្រាក់​ឈ្នួល​ទាប​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១២។ (REUTERS)

មន្រ្តីសិទ្ធិមនុស្ស និងសហជីព បង្ហាញការហួសចិត្តចំពោះការដំឡើងឋានន្តរសក្តិអតីតអភិបាលក្រុងបាវិតដែលបានបាញ់រះបណ្ដាលឱ្យកម្មករ៣នាក់រងរបួសធ្ងន់កាលពីជាង១០ឆ្នាំមុន ជាឧត្ដមមន្រ្តីនៃក្រសួងមហាផ្ទៃ។

ការបង្ហាញការហួសចិត្តនេះ ក្រោយពីអតីត​​អភិបាល​ក្រុង​បាវិត​ លោក ឈូក បណ្ឌិត ត្រូវបានដំឡើងឋានន្តរសក្ដិពីវរមន្ត្រីថ្នាក់​លេខ៣ មកជាឧត្ដម​មន្ត្រីថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា សម្តែងការខកចិត្តពេលដឹងថាអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលជាជនប្រព្រឹត្តបទល្មើសបាញ់បោះបង្កគ្រោះថ្នាក់ដល់កម្មកររោងចក្រយ៉ាងធ្ងន់ធ្ងរ ត្រូវបានដំឡើងឋានៈកាន់តែធំ។

លោក ប៉ាវ ស៊ីណា ចាត់ទុកថា នេះជាការបង្ហាញថាប្រព័ន្ធនិងស្តង់ដារយុត្តិធម៌សម្រាប់ជនមានអំណាច និងពលរដ្ឋតូចតាច ត្រូវបានគេអនុវត្តផ្ទុយគ្នានៅក្នុងសង្គមខ្មែរ។

លោក ប៉ាវ ស៊ីណា ថា៖ «អ្វីដែលសំខាន់ វាជះឥទ្ធិពលអាក្រក់ហ្នឹងនៅត្រង់ថា វានឹងធ្វើឱ្យបុគ្គលមួយចំនួនទៀតយកគំរូតាម ដោយសារតែការប្រព្រឹត្តបទល្មើស ហើយឃើញថាគាត់មិនត្រឹមតែមិនបាត់បង់តំណែងនិងតួនាទីទេ ប៉ុន្តែផ្ទុយទៅវិញ តំណែងរបស់គាត់នៅអាចឡើងធំជាងមុនទៅទៀត។ ដូច្នេះ ទាំងអស់ហ្នឹងហើយដែលវាជះឥទ្ធិពលអាក្រក់ទៅដល់សង្គមយើង ហើយវាជាគំរូអាក្រក់ទៅដល់បុគ្គលមួយចំនួនទៀតដែលមានអំណាចមានឥទ្ធិពលហ្នឹង ក្នុងការប្រើប្រាស់អំណាចរបស់ខ្លួន ឥទ្ធិពលរបស់ខ្លួន ទៅលើកម្មករនៅពេលដែលគាត់មានការតវ៉ា ឬក៏គាត់មិនសប្បាយចិត្តនឹងការរំលោភលក្ខខណ្ឌការងារ»។

បើតាមប្រភពដដែល អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានប្រព្រឹត្តបទល្មើស និងអនុវត្តទោសមិនបានពេញលេញទេ ពោលគឺព្យួរទោសខ្លះ។

យ៉ាងណា មន្ត្រីសហជីពរូបនេះថា នៅកម្ពុជាតែកាលណាបុគ្គលណាមានសែស្រឡាយជាមួយបក្ខពួកជនមានអំណាច នោះចៀសមិនផុតទេដែលឡើងតំណែងធំបាន បើទោះជននោះបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរក៏ដោយ។

លោក ប៉ាវ ស៊ីណា យល់ថា នៅពេលដែលបុគ្គលជាមន្ត្រីមុខងារសាធារណៈដែលប្រព្រឹត្តបទល្មើស ជននោះមិនគួរត្រូវបានផ្តល់តួនាទីវិញទេ ពោលគួរតែបញ្ចប់តួនាទីទាំងស្រុង ក្រោយអនុវត្តទោស។ ការណ៍នេះ គឺដើម្បីឱ្យមន្ត្រីផ្សេងបានឃើញហើយរាងចាលថា «បើប្រព្រឹត្តខុស គឺតួនាទីនឹងត្រូវបានដកដោយស្វ័យប្រវត្តិ និងគ្មានការផ្តល់ឱ្យវិញទេ»។

ចំណែកប្រធានសហភាពការងារកម្ពុជា លោក​ អាត់ ធន់ បង្ហាញការខកចិត្ត ដោយថា លោកមិនកោតសរសើរនូវការដំឡើងឋានៈនេះទេ ខណៈបុគ្គលនោះបានបាញ់បោះយ៉ាងឃោរឃៅទៅលើកម្មករស្លូតត្រង់។ លោកថា ជននេះមិនសក្តិសមនឹងទទួលតំណែងនេះឡើយ ខណៈពុំដឹងថាបុគ្គលនេះមានគុណសម្បត្តិអ្វីខ្លះក្រោយបាញ់រះលើកម្មករ។

លោកបន្តថា ខ្លួនលោកផ្ទាល់ និងកម្មករ ថែមទាំងពុំបានទទួលព័ត៌មានផងថា ជននេះបានទទួលទោសពេញលេញតាមការកំណត់ឬយ៉ាងណាផង ខណៈលោកចាត់ទុកថាទោសដែលត្រូវដាក់នោះស្រាល មិនសមនឹងទង្វើអាក្រក់ដែលជននោះបានប្រព្រឹត្តទាល់តែសោះ។

លោក អាត់ ធន់ ថា៖ «គាត់នៅតែមិនមានតម្លៃ នៅតែជាអ្នកដែលឃោរឃៅបាញ់កម្មករដដែល។ យើងអត់ដែលឱ្យតម្លៃថាគាត់ជាមនុស្សថ្លៃថ្នូរអីទេ ព្រោះកម្មករគឺជាអ្នកដែលធ្វើការដើម្បីជួយដល់សេដ្ឋកិច្ច ជួយដល់សង្គម ហើយគាត់ក្នុងនាមអាជ្ញាធរប្រើកាំភ្លើងទៅបាញ់ទៅអីគេ ហើយដល់ពេលអាមិនជាប់ទោស មិនមានអីធ្ងន់ធ្ងរ ទៅជារួចខ្លួន ហើយបន្ទាប់មកឡើងឋានៈអ៊ីចឹង យើងក៏មិនស្វាគមន៍។ […] តែកាលណាគាត់ធ្វើហើយគាត់ឡើងឋានៈ ថ្ងៃក្រោយគាត់ធ្វើទៀត អ៊ីចឹងវាជាសញ្ញាណាមួយ គឺថាមន្ត្រីដែលឃោរឃៅ ធ្វើបាបគេអ៊ីចឹង ឡើងឋានៈ មានន័យថាគាត់អាចនឹងធ្វើអីផ្តេសផ្តាសទៀត។ អ៊ីចឹងវាប៉ះពាល់ដល់កម្មករធ្ងន់ធ្ងរទៅថ្ងៃមុខទៀត»។

មន្ត្រីសហជីពរូបនេះយល់ថា បើបុគ្គលនោះចង់កែប្រែខ្លួនជាមនុស្សល្អ គួរមានការដាក់ទោសឱ្យបានធ្ងន់ធ្ងរ រៀនសូត្រ លុបលាងកំហុស ធ្វើការសង្គម មនុស្សធម៌ ជួយជនរងគ្រោះដែលខ្លួនបានបាញ់ គឺប្រសើរជាងការដំឡើងឋានៈបែបនេះ។ យ៉ាងណា លោកថា ជាធម្មតាទៅហើយដែលគេតែងនិយាយថា នៅកម្ពុជា ការឡើងតំណែងច្រើនតែមានខ្សែ ឬក្នុងបក្ស បើមិនដូច្នេះទេ គឺមិនងាយឡើយ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា លោកពិតជាភ្ញាក់ផ្អើលចំពោះការដំឡើងឋានៈបុគ្គលដែលមានប្រវត្តិដ៏អាស្រូវទៅជាមន្ត្រីមានឋានៈធំក្នុងក្រសួងមហាផ្ទៃ។

លោកថា តាមគោលការណ៍ច្បាប់ នៅក្នុងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ តែកាលណាអ្នកដែលធ្លាប់មានជាប់ពិរុទ្ធ និងមានលិខិតថ្កោលទោស គឺមិនអាចចូលបម្រើការងារជាមន្ត្រីរាជការស៊ីវិលវិញបានទេ។

លោក នី សុខា ថា៖ «ជាទូទៅ មន្ត្រីរាជការត្រូវតែធ្វើលិខិតថ្កោលទោស ទាល់តែយើងជាមនុស្សអត់មានទោស។ [តើគាត់ត្រូវធ្វើដូចម្តេច ទើបអាចវិលមកកាន់តំណែងធំក្នុងស្ថាប័នរដ្ឋវិញបាន?] ទាក់ទងទៅហ្នឹងបទឧក្រិដ្ឋអ៊ីចឹង ដូចជាអត់មានទេ ព្រោះថាអាហ្នឹងគេហាមណាស់។ គេមិនអាចយកមនុស្សដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ដែលត្រូវបានតុលាការផ្តន្ទាទោស ហើយយកទៅធ្វើជាមន្ត្រីវិញបានទេ។ អាហ្នឹងគឺគាត់ប្រឈមទៅនឹងបញ្ហា គេហៅថា “ជីវិតជីវភាពការងារ” របស់គាត់។ ប៉ុន្តែសម្រាប់ស្រុកយើង ខ្ញុំមិនដឹងដែរ! នៅពេលដែលយើងឃើញអ៊ីចឹង យើងភ្ញាក់ផ្អើលដែរណា ចំពោះការតែងតាំងអ៊ីចឹង»។

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះថា ការដំឡើងឋានៈនេះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់ក្រសួងមហាផ្ទៃផងដែរ ពីព្រោះជនធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋនិងមានការផ្តន្ទាទោសពីតុលាការ ក្រោយមកត្រូវបានដំឡើងឋានៈជាមន្ត្រីមានឋានៈធំរបស់ក្រសួងមហាផ្ទៃ។ លោកថា នោះជារឿងដែលក្រសួងគួរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ខណៈបុគ្គលមានប្រវត្តិមិនល្អឡើងតំណែងជាមន្ត្រីធំ នោះនឹងធ្វើឱ្យមហាជនបាត់បង់ជំនឿទុកចិត្តលើក្រសួង។

ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឆ្នាំ១៩៩៤ មាត្រា៥៣ ចែងថា «ការផ្តន្ទាទោសជាបទឧក្រិដ្ឋ ឬជាបទមជ្ឈិម ដោយឥតព្យួរទោស បណ្តាលឱ្យមានការហូតងារអ្នករាជការនោះ គិតពីថ្ងៃសាលក្រមចូលជាស្ថាពរ។ អ្នករាជការដែលតវ៉ាសុំឧទ្ធរណ៍ ត្រូវដាក់ឱ្យនៅទំនេរ គ្មានបៀវត្សជាបណ្តោះអាសន្នដោយស្វ័យប្រវត្តិ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ការដំឡើងឋានន្តរសក្តិដល់លោក ឈូក បណ្ឌិត ជាមន្ត្រីថ្នាក់ធំនៅក្រសួងមហាផ្ទៃនេះ ដោយសារលោក ឈូក បណ្ឌិត បានកែខ្លួនជាមនុស្សល្អ ក្រោយពីបានចាកចេញពីពន្ធនាគារ ។

លោក ខៀវ សុភ័គ មិនចាំទេថាតើលោក ឈូក បណ្ឌិត បានកាន់តួនាទីអ្វីខ្លះ មុនត្រូវបានដំឡើងតំណែងនៅពេលនេះ។

លោក ខៀវ សុភ័គ បញ្ជាក់ថា៖ «ធម្មតា គ្មាននរណាគេចោលការងារឱ្យឡើង[តំណែង]ទេ! ធម្មតា ពេលគ្នាចេញពីគុកមក គ្នាកែខ្លួនដែរណា។ ធម្មតា សុំទោស និយាយឱ្យចំទៅ មិនមែននារីខ្លះគ្នាធ្វើពេស្យាចារ ហើយគ្នាកែខ្លួនទៅ នៅតែជាពេស្យាចារទេ និយាយឱ្យចំអ៊ីចឹង។ អ្នកខ្លះគេសុខចិត្តយកប្រពន្ធជាស្រីសំផឹងណា វាល្អជាងអាយកប្រពន្ធទៅធ្វើសំផឹង។ និយាយពាក្យសាមញ្ញអ៊ីចឹងកូនណា៎! អ្នកខ្លះវាធ្លាប់ខូចពីដើម ប៉ុន្តែដល់តែវាកែខ្លួនទៅ វាល្អជាងអាអ្នកមិនធ្លាប់ខូចណាកូន»។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះហាក់មិនខ្វល់ខ្វាយនឹងការរិះគន់ពីសំណាក់មហាជនលើការដំឡើងឋានៈលោក ឈូក បណ្ឌិត នៅពេលនេះទេ ដោយលោកថា វាជារឿងធម្មតាទៅហើយដែលមានការពេញចិត្តឬមិនពេញចិត្ត នៅពេលមានការដំឡើងតំណែងទៅឱ្យបុគ្គលណាមួយនោះ។

នាយកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាមច្បាប់ មន្ត្រីរាជការណាដែលត្រូវបានតុលាការកាត់ទោស គឺត្រូវអស់តំណែងក្របខណ្ឌពីមន្ត្រីរាជការ។ យ៉ាងណា នៅពេលមានការសុំនីតិសម្បទាឡើងវិញ អាចមានករណីលើកលែងទោសដែរ។

បែបនេះក្តី លោកយល់ថា ករណីលោក ឈូក បណ្ឌិត នេះ សាធារណជនបានមើលឃើញថា ជាចំណុចមិនល្អ និងមានការរិះគន់ច្រើន។

លោក អំ សំអាត បន្ថែមថា៖ «សាធារណជនក៏គេមើលឃើញថា វាជាចំណុចមួយដែលមិនល្អ ហើយគេមានការរិះគន់ច្រើន យ៉ាងណាវាមិនខុសអីកាលពីមុន មានអ្នកវាយតំណាងរាស្ត្រ [បក្សប្រឆាំង] ហើយជាប់ពន្ធនាគារ ហើយចេញមកវិញ ឡើងឋានន្តរសក្តិ។ អាហ្នឹងបើយើងមើលទៅ វាអត់មានអីប្លែក។ ប៉ុន្តែបើសិនគិតអំពីបញ្ហាផ្លូវច្បាប់ បញ្ហាសីលធម៌ បញ្ហាអីផ្សេងៗទៀតហ្នឹង គឺវានាំឱ្យមានការរិះគន់ច្រើន ទាក់ទងនឹងអត្តចរិត ឬក៏ទង្វើដែលអ្នកនោះធ្លាប់ប្រព្រឹត្ត»។

ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០០០ មាត្រា៥ ចែងថា «មន្ត្រីរាជការក្នុងឋានន្តរសក្តិឧត្តមមន្ត្រី មានឧបនិស្ស័យសម្រាប់កាន់មុខតំណែងជាអគ្គនាយក អគ្គាធិការ និងមុខតំណែងផ្សេងទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងដែលមានក្នុងក្រសួង-ស្ថាប័ននោះ»។

គួររំឭកថា លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​​ បាន​​​​បាញ់​រះ​បណ្ដាល​ឱ្យ​ក​ម្មការិនី​​​នៃ​​​រោង​ចក្រ​ស្បែក​ជើង​​ កៅ​វ៉េ (​Kaoway​) ក្នុង​ក្រុង​បាវិត​ចំនួន៣នាក់​រងរបួស​​ធ្ងន់ ​ក្នុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​​ឱ្យ​បាន​ប្រសើរ​ កាលពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ក្រោយហេតុការណ៍នេះ ​សាលា​​ដំបូង​ខេត្ត​ស្វាយរៀងបានផ្តន្ទាទោស​លោក ឈូក បណ្ឌិត ​ដាក់​​ពន្ធនា​គារ១៨​ខែ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន៣៨​លាន​រៀល​ជា​សំណង​​ដល់​ជនរងគ្រោះ ​ក្នុង​បទ ​«បង្ក​របួស​ស្នាម​ដោយ​អចេតនា»។ ​តែយ៉ាងណា បុគ្គលរូបនេះបាន​រត់​គេច​ខ្លួន​ជាង​៣​​ឆ្នាំ​ពី​ការ​​អនុវត្ត​ទោស។ លោក​បានចូលសារភាពវិញកាលពីខែសីហា ឆ្នាំ២០១៥ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យ​តាមចាប់​ខ្លួនលោកដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

​លោក ឈូក បណ្ឌិត ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​​វិញ ​​កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ​​បន្ទាប់ពីអនុវត្ត​ទោស​​​រួច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ