ចាប់​ខ្លួន​ជន​ជាតិ​ចិនម្នាក់​និង​ថៃ​៤​​នាក់​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លងដែន​ជាង​១០០​គីឡូក្រាម

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ដោយចាប់ខ្លួនជនជាតិចិន ១នាក់ ឈ្មោះ TU SUERONG និងរឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម កាលពីថ្ងៃទី៣០ ខែសីហា។ (ហ្វេសប៊ុក មន្ទីរប្រឆាំងគ្រឿងញៀន)

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីរករណីដាច់ដោយឡែកពីគ្នា​ នៅចុងខែសីហា ដោយចាប់ខ្លួនជនជាតិថៃ ៤នាក់ និងជនជាតិចិនម្នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនសរុបជាង ១០០គីឡូក្រាម។

ទំព័រហ្វេសប៊ុកមន្ទីរប្រឆាំងគ្រឿងញៀនឱ្យដឹងនៅថ្ងៃសៅរ៍នេះថា  ​កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ​កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយមន្ត្រីជំនាញ និងខាងស្ថាប័នតុលាការ​ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា ក្នុងករណីនេះ​ ជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ ១នាក់ ស្លាប់ និង ​១នាក់ទៀតរងរបួស ។ ​ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ខ្លួនជនជាតិថៃ៤នាក់ ដោយក្នុងនោះស្លាប់ម្នាក់ និងរបួសម្នាក់ផងដែរ អមដោយគ្រឿងញៀនសរុប ៤១គីឡូក្រាម ៩៣២ក្រាម ដោយក្នុងនោះ កេតាមីន(KETAMINE)ទម្ងន់ ១២ គីឡូក្រាម ១៨០ ក្រាម និងអ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គីឡូក្រាម ៧៥២ ក្រាម ព្រមទាំងរថយន្ត ២គ្រឿង និងអាវុធខ្លី ២ដើម។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង​ សមត្ថកិច្ចជំនាញ​បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី។

ដោយឡែក សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ​កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​បានស៊ើបអង្កេត​បង្រ្កាប នៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​​ជាលទ្ធផលនៃការបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ម្នាក់ ឈ្មោះ TU SUERONG  ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិន និងវត្ថុតាង​រួមមានកេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គ.ក្រ និង៨០ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង​ សមត្ថកិច្ចជំនាញ​បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី។

ដោយឡែក ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ពីបទជួញដូរគ្រឿងញៀនឆ្លងដែនជាង១០០គីឡូក្រាមផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ